ខៀវ សាម៉េត​ ​ថា​ Honda យល់ច្បាស់ពី កីឡានិងនយោបាយ អត់​ខ្វល់​រឿង​ Adams លើកឡើង​

  • 2018-12-21 02:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​អន្តរជាតិ​​របស់​ជប៉ុន​ Keisuke Honda ត្រូវ​បាន​​​អង្គការ​ឃ្លា​មើល​សិទ្ធិ​មនុស្ស​ (HRW)​ ​រិះគន់​ចាស់​ដៃ​​ជាប់​​ពាក់​ព័ន្ធ​ឯក​ឧត្តម​ សៅ​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​​​កម្ពុជា​ជុំ​វិញ​​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​​កីឡាករ​ជប៉ុន​រូប​នេះ​​ស្ម័គ្រ​ចិត្ត​​ធ្វើ​ការ​ជា​​អ្នក​ចាត់​ការ​ និង​គ្រូ​បង្វឹក​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។

Honda ពេល​ដឹកនាំក្រុមកម្ពុជាប្រកួត​នឹង​ក្រុមឡាវ

HRW ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​​ Keisuke Honda កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​​ និង​ត្រូវ​បាន​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​​ដោយ​លោក​ Brad Adams ​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​របស់​ HRW​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​មហាជន។

ជុំ​វិញ​ករណី​នេះ​ ឯក​ឧត្តម​ ខៀវ​ សាម៉េត​ អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​​បាន​លើក​ឡើង​ក្នុង​នាម​គោល​ជំហរ​ផ្ទាល់​ខ្លួន​ថា​ អ្វី​ដែល​ Brad Adams ​បាន​ចោទ​ប្រកាន់​លើ​ឯក​ឧត្តម​ប្រធាន​សហព័ន្ធ​​ពាក់​ព័ន្ធ​បែប​នេះ​ បែប​នោះ​ តើ​មាន​ស្ថាប័ន​ ឬ​តុលាការ​ណា​មួយ​កាត់​ទោស​ថា​ បុគ្គល​ឈ្មោះ​ ក ឬ​ ខ​ជាប់​ទោស​អ្វី​អត់? ​គឺ​គាត់​លើក​ឡើង​ ចោទ​ប្រកាន់​តាម​តែ​ការ​ប៉ាន​ស្មាន​ប៉ុណ្ណោះ។

«បែប​នេះ​ ខ្ញុំ​គិត​ថា​ បើ​យើង​ជា​អ្នក​យល់​​ដឹង​អំពី​ច្បាប់​​ មិន​គួរ​​ខ្វល់​ខ្វាយ​រឿង​ការ​លើក​ឡើង​ដោយ​គ្មាន​​ភស្តុតាង​ច្បាស់​លាស់​ទេ»។

Honda (ឆ្វេង) និង ឯកឧត្តម ខៀវ សាម៉េត (ស្តាំ)

​​ ឯក​ឧត្តម​បាន​បន្ត​ថា​ Brad Adams ​បាន​ចោទ​ប្រកាន់​លើ​ឯក​ឧត្តម​​ប្រធាន​សហព័ន្ធ​​បែប​នេះ​ បែប​នោះ​ ប៉ុន្តែ​គាត់​​បាន​លើក​ឡើង​រាលដាល​ដល់​ Keisuke Honda ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​​ដែល​ទទួល​បាន​ការ​គោរព​ ស្រលាញ់​ពី​មហាជន​ ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ និង​មាន​សមត្ថភាព។ គាត់​មក​ជួយ​​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា​​ឲ្យ​រីក​ចម្រើន​ ស្ម័គ្រ​ចិត្ត​ជួយ​កម្ពុជា​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​ ប៉ុន្តែ​​ Adams លើក​ឡើង​បែប​នេះ​​គឺ​ជា​ការ​រា​រាំង​ បន្ទច់បង្អាក់​ មិន​ចង់​​កីឡា​ជាតិ​រីក​ចម្រើន​ទៅ​មុខ។ វា​ជា​ឱកាស​ល្អ​ដែល​ត្រូវ​រួម​ដៃ​គ្នា​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បាល់ទាត់​ជាតិ​ ព្រោះ​គេ​ស្ម័គ្រ​ចិត្ត​លះ​បង់​ពេល​វេលា​មក​ជួយ​ទាំង​មិន​គិត​ពី​ផល​ប្រយោជន៍​អ្វី​សោះ។

ឯក​ឧត្តម​បាន​ប្រាប់​ថា ​ឯក​ឧត្តម​បាន​ទំនាក់ទំនង​ជា​មួយ​លោក​ Honda ជុំ​វិញ​ករណី​នេះ។ លោក​ Honda​ បាន​ប្រាប់​ហើយ​ថា រឿង​កីឡា​ និង​នយោបាយ​​ដាច់​ដោយ​ឡែក​ពី​គ្នា​​ពោល​គឺ​មិន​ពាក់​ព័ន្ធ​គ្នា​ទេ។

«លោក Honda បាន​និយាយ​ជា​ខ្ញុំ​​ថា​ លោក​អត់​​ខ្វល់​នរណា​និយាយ​​អ្វី​ទេ​។ អ្វី​ដែល​គាត់​ចង់​គឺ​ចង់​ជួយ​​អភិវឌ្ឍ​កីឡា​បាល់ទាត់​ស្រុក​ខ្មែរ​ឲ្យ​បាន​រីក​ចម្រើន»។ ឯក​ឧត្តម​​បាន​បញ្ជាក់។

អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ជុំ​វិញ​ករណី​នេះ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ៕

Honda ចាប់​ដៃ​ឯកឧត្តម សៅ សុខា

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី