ជើង​ឯក​ពិភព​លោក​ Andy Souwer គ្រោង​ជួយ​ក្លឹប​គុនខ្មែរមួយនៅសៀមរាប​

  • 2018-12-21 04:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​​វ័យ​៣៦​ឆ្នាំ​ Andy​ Souwer ​ដែល​ជា​ជើង​ឯក​ក្នុង​ការ​ប្រកួត K-1 World MAX ពីរ​សម័យ​កាល​ និង​ក៏​ជា​ជើង​ខ្លាំង​​ល្បី​ម្នាក់​នៅ​ ONE​ Super​ Series​ ប្រាថ្នា​កសាង​ជីវិត​ថ្មី​បែប​ផ្សេង​ទៀត​ ដោយ​ចាប់​ដៃ​ជា​មួយ​ ក្លឹប«អាណាចក្រប្រយុទ្ធ (KFG)» នៅ​ក្រុង​សៀមរាប។

Souwer ចង់​យក​គំរូ​តាម​អ្វី​ដែល​ស្ថាប័ន​ ONE Championship​ បាន​ធ្វើ​ក្នុង​ការ​ជួយ​ដល់​កីឡាករ​​ម្នាក់​ៗ​ និង​តាំង​ចិត្ត​ខ្ពស់​របស់​អ្នក​ដឹក​នាំ​ក្លឹប​ KFG​ លោក​ Mark​ Van​ Dongen​ រួម​ជា​មួយ​លោក​ Kwok​ Leung Tsang​ ដែល​មាន​ឆន្ទៈ​ដូច​គ្នា។

កីឡាករ Andy Souwer (រូបថត៖ ONE)

លោក​ Leung​ Tsang ​ប្រធាន​​ក្លឹប​ KFG ពន្យល់​ថា​៖ «អ្វី​ដែល​យើង​ចង់​បាន​ មិន​គ្រាន់​តែ​ចង់​បាន​កីឡាករ​ច្រើន​ចូល​ក្នុង​ក្លឹប​យើង​ទេ​ តែ​យើង​ក៏​ចង់​ជួយ​ផ្តល់​ការ​ហ្វឹក​ហាត់​ និង​ការ​អប់រំ​ ឥត​គិត​ថ្លៃ​ដល់​យុវជន​ក្នុង​ស្រុក​ផង​ដែរ។ យើង​ចង់​បង្កើត​មជ្ឈមណ្ឌល​កីឡា​ធំ​មួយ​ ដែល​ប្រមូល​ផ្តុំ​ក្មេង​ៗ​ឲ្យ​ច្រើន​ តាម​សមត្ថភាព​ដែល​យើង​ផ្គត់​ផ្គង់​បាន»។

ក្រោយ​ពី​បាន​ទាក់​ទង​ជា​មួយ​សហ​ស្ថាបនិក​ក្លឹប​លោក​ Van Dongen​ រួច​មក​ ជើង​ខ្លាំង​ហុល្លង់ Andy​ Souwer ក៏​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​ម្នាក់​តំណាង​ឲ្យ​ក្លឹប​អាណាចក្រ​ប្រយុទ្ធ​សៀមរាប​មួយ​នេះ​ រួម​ជា​មួយ​កីឡាករ​ប្រដាល់​ហុល្លង់​ម្នាក់​ទៀត​ ដែល​គេ​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​ខាង​ប្រដាល់​សេរី​មួយ​រូប​គឺ Ernesto Hoost។

​​ពេល​នេះ​ Souwer ដាក់​ដេញ​ថ្លៃ​ខ្សែក្រវាត់​មួយ​របស់​​ខ្លួន​ ព្រម​ទាំង​យក​ប្រាក់​មួយ​ចំណែក​ដែល​បាន​ពី​ការ​ប្រកួត​​នា​ពេល​ខាងមុខ​ មក​ជួយ​ផ្គត់​ផ្គង់​ក្លឹប​កម្ពុជា​នេះ​ផង​ដែរ។

Souwer ​បាន​និយាយ​ថា ៖«វា​មិន​សំខាន់​រឿង​លុយ​ទេ​! សំខាន់​គឺ​អនាគត​ ការ​មើល​ថែ​ក្មេង​ៗ​ទាំង​នោះ​ ព្រោះ​ពួក​គេ​ចង់​មាន​អនាគត​ត្រចះត្រចង់​ដែរ។ ស្ថាប័ន​ប្រដាល់​ ONE កំពុង​ផ្តោត​លើ​ផ្នែក​នេះ​ដូច​គ្នា។ គេ​ព្យាយាម​បង្ហាញ​មនុស្ស​ទូទាំង​ពិភព​លោក​ ជាពិ​សេស​នៅ​អាស៊ី​ថា​ បើ​យើង​ចេះ​ផ្តោត​អារម្មណ៍​ និង​មាន​ភាព​ថ្លៃថ្នូរ​ខ្ពស់​ នោះ​យើង​នឹង​អាច​សម្រេច​ដល់​គោល​ដៅ​បាន»។

ថ្វី​បើ​​ ​ជើង​ខ្លាំង​ Souwer​ ធ្លាប់​បាន​ដើរ​ប្រកួត​ស្ទើរ​​ជុំវិញ​ពិភព​លោក​មែន​ ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​មក​ប្រទេស​កម្ពុជា​ផ្ទាល់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​គ្រោង​នឹង​មក​​កម្ពុជា​ឆាប់​ៗ។

កីឡាករ​ក្លឹប KFG (រូបថត៖ ONE)

ជា​មួយ​គ្នា​ ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​រូប​នេះ​​គ្រោង​មក​ហាត់​សម​ផ្ទាល់​នៅ​ក្លឹប​អាណាចក្រ​ប្រយុទ្ធ​ បន្ទាប់​ពី​​ប្រកួត​ជា​មួយ​ជើង​ឯក​ពិភព​លោក​របស់​ថៃ​ Yodsanklai ​ក្នុង​ព្រឹត្តិការណ៍​ ONE: A NEW ERA ខែ​មីនា ឆ្នាំ​២០១៩​នៅ​​ប្រទេស​ជប៉ុន។ នេះ​ឱកាស​សង​សឹក​របស់​កីឡាករ​ថៃ​ម្នាក់​នេះ បន្ទាប់​ពី​ធ្លាប់​ចាញ់​កីឡាករ​ហុល្លង់​​ម្នាក់​នេះ​កាល​ពី​ឆ្នាំ​២០០៨។

Andy ​ប្រាប់​ថា ៖«បន្ទាប់​ពី​ប្រកួត​រួច​ ខ្ញុំ​ចង់​ទៅ​លេង​(កម្ពុជា)។ ខ្ញុំ​ចង់​ប្រឡូក​ក្នុង​សកម្មភាព​របស់​ជំរុំ​ ហើយ​ចង់​ធ្វើ​ការ​ជា​មួយ​ក្មេង​ៗ។ ខ្ញុំ​ចង់​​ចែក​រំលែក​បទ​ពិសោធ​​ផ្ទាល់​​ខ្លួន​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​ទទួល​បាន​​ជោគជ័យ»។

ការ​សហការ​គ្នា​រវាង​ក្លឹប​ KFG និង​ជើង​ខ្លាំង​ហុល្លង់​ Andy​ Souwer បាន​ចេញ​ជា​ផ្លែផ្កា​បណ្តើរ​ៗ​ហើយ​។ ថ្មី​ៗ​នេះ​កីឡាករ​​ គង់ សំបូរ​ក្លឹប​នៅ​សៀមរាប​នេះ​ ទើប​តែ​ចុះ​កុងត្រា​ជា​​មួយ​ស្ថាប័ន​ ONE Championship។ តាម​ការ​គ្រោង​ទុក គង់ សំបូរ​ ក៏​នឹង​បង្ហាញ​ខ្លួន​​លើ​ឆាក​អន្តរជាតិ​នា​ដើម​ឆ្នាំ​២០១៩​ដែរ​​។

Andy Souwer បាន​ចាប់​ផ្តើម​ប្រឡូក​ក្នុង​ពិភព​​ប្រដាល់​សេរី​តាំង​ពី​អាយុ​៧​ឆ្នាំ​ដែល​រហូត​ដល់​ពេល​នេះ​​គ្រាន់​តែ​ស្ថិតិ​ប្រកួត​ផ្លូវ​ការ​គឺ​ចំនួន​១៨២​ដង​ ក្នុង​នោះ​ឈ្នះ​១៦០​ដង (ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៩៨​ដង) និង​ចាញ់​២១​ដង៕

កីឡាករ Andy Souwer (រូបថត៖ ONE)

អត្ថបទ៖ Matias Andres