ដឹងតិចនិកទាំងនេះ ថតរូបពេលយប់តាមទូរសព្ទ លែងងងឹតស្លុបហើយ!
- 2019-01-02 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតិចនិកទាំងនេះ ថតរូបពេលយប់តាមទូរសព្ទ លែងងងឹតស្លុបហើយ!
ចន្លោះមិនឃើញ
និយាយដល់កាមេរ៉ាទូរសព្ទ បើយកទៅថតរូបពេលយប់ ចង់ឬមិនចង់ ដឹងតែចាញ់កាមេរ៉ា DSLR ហើយ។ ក៏ប៉ុន្តែអ្នកអាចរៀនពីគន្លឹះខ្លះៗ ដើម្បីឲ្យរូបថតពេញពីទូរសព្ទអាចមើលបានទាក់ភ្នែក មិនមែនរូបងងឹតស្លុប ឬរកមុខមិនឃើញនោះឡើយ។
១) ចេះប្រើ Pro Mode
ទូរសព្ទថ្លៃៗសព្វថ្ងៃមិនតិចទេ ដែលដំឡើងគុណភាពកាមេរ៉ា ដើម្បីផ្គាប់ចិត្តអ្នកប្រើឲ្យងាកមកសាកបទពិសោធន៍ថតរូបតាមទូរសព្ទវិញ។ បែបនេះហើយ បើអ្នកមិនសាកធ្វើម៉េចដឹងពីគុណភាពរបស់វា។ ចំណុចនេះចង់សំដៅដល់ទំនាក់ទំនង ISO (ទាក់ទងនឹងកម្រិតពន្លឺ) White balance (កម្រិតសីតុណ្ហភាពពន្លឺ) ឬ F-Stop ជាដើម។ ការថតរូបពេលយប់ ត្រូវការពន្លឺ ដូចនេះហើយ អ្នកគួររៀនវាស់កម្រិតពន្លឺ ISO និង White balance ឲ្យស៊ីគ្នា ជារឿងសំខាន់។ បើនៅលើ iPhoneគ្មាន Pro mode អ្នកគ្រាន់តែដំឡើងពន្លឺ រួចចុចថតក៏បាន។
២) ដាក់ពន្លឺជំនួយ ឬថតជិតអំពូលក្បែរៗនោះ
វិធីនេះ ហាក់ពិបាកធ្វើតាមបន្តិច ព្រោះអំពូលមិនចេះតែដាក់គ្រប់កន្លែង ឬនៅក្បែររបស់ដែលយើងចង់ថតទេ។ យ៉ាងណា ចំណុចនេះចង់សំដៅដល់ ការបន្ថែមពន្លឺលើរបស់ដែលយើងចង់ថត ដោយប្រើភ្លើងពិល។ ឧទាហរណ៍៖ អ្នកឃើញទេសភាពអំពូលខាងក្រោយស្អាត ហើយថតឲ្យឃើញ background ស្អាត មានមនុស្សដើរច្រើន តែការថតត្រូវដូរប្លង់ច្រើន ឬផ្លាស់ទី subject បើថតបែប Portrait អ្នកគួរឈរក្បែរដងអំពូលនោះ រួចបើកពិលជំនួយ ហើយចុចថត ។
៣) រៀនកំណត់ exposure time លើកាមេរ៉ាទូរសព្ទ
បើពិបាកថែមភ្លើង ឲ្យភ្លឺដល់ Subject ឬរបស់ដែលយើងចង់ថតនោះ អ្នកគួរកំណត់យក exposure time ឲ្យយូរ។ មានន័យថា កំណត់ Shutter speed ឬ អក្សរ S តំណាងលើកាមេរ៉ាទូរសព្ទ ដោយយកត្រឹម ១ សន្លឹកក្នុង ១០ វិនាទី បូកនឹង ISO សម្រាប់ការថតទិដ្ឋភាពពេលយប់លើដងផ្លូវ ឲ្យរូបមានពន្លឺ។ ចំណុចនេះពិបាកធ្វើតាមបន្តិច អាចឲ្យរូបចេញមកព្រិលអត់ច្បាស់ សម្រាប់អ្នកទើបចាប់ផ្ដើម តែបើអ្នកចង់ដឹង អាចសាកបាន។
៤) ត្រូវមានរបស់ជំនួយ
បើអាចអ្នកគួរមាន Tripod មួយ ដើម្បីជំនួយឲ្យរូបថតបែបទិដ្ឋភាពពេលយប់អ្នកចេញមកស្អាត។ យ៉ាងណា បើអ្នកចង់បានប្លង់ស្អាតដទៃទៀត អាចច្នៃដោយខ្លួនឯង។ ដោយឡែក តិចនិកខាងលើទាំងអស់នេះ សម្រាប់អ្នកដែលកាន់ទូរសព្ទថតពេលយប់ មិនដែលបានស្អាតដូចគេ តែចង់ឲ្យរូបថតភ្លឺ និងមានប្លង់ត្រឹមត្រូវ អាចសាកល្បងបាន។
៥) បើកមុខងារ Night mode
នៅលើកាមេរ៉ាទូរសព្ទទំនើបៗពេលឥឡូវនេះ មានមុខងារ Night mode សឹងតែគ្រប់ម៉ូដែល។ មុខងារនេះជំនួយដល់ពន្លឺនៃរូប ពេលយប់មិនឲ្យងងឹតពេក ទោះវាមិនអាចជួយឲ្យភ្លឺដូចដាក់អំពូល តែអាចមើលមុខបាន។ ដូចនេះហើយ សូមរកវាឲ្យឃើញ ហើយចុចបើកវាមុនគេ៕