កុំ​ភ្លេច​ចូល​រួម​ផង! ក្រសួង​បង្កើត​កម្មវិធី ឌីជីថល​កម្ពុជា​ដ៏ធំនិងដំបូង​បង្អស់ នៅ​ខែ​មីនា​ខាង​មុខ

  • 2019-01-18 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Digital Cambodia 2019 នឹង​ប្រារព្ធ​ឡើង​លើក​ដំបូង​បង្អស់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មីនា​ឆ្នាំ ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។

ឌីជីថល​កម្ពុជា មាន​គោលបំណង​ប្រមូល​ផ្ដុំ​គ្រប់ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម IT និង ICT រួម​មាន រាជរដ្ឋាភិបាល ពាណិជ្ជកម្ម​ពហុជាតិ អាជីវកម្ម​ចាប់ផ្ដើម​ថ្មី អ្នក​មាន​វិជ្ជាជីវៈ​អាជីព និង​គ្រឹះស្ថាន​សិក្សា​ស្រាវជ្រាវ ដើម្បី​ពិគ្រោះ​ពិភាក្សា​យោបល់ និង​បង្ហាញ​នូវ​និន្នាការ​ថ្មី​ៗ​នៃ ការ​អភិវឌ្ឍន៍​ក៏​ដូច​ជា បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ឧស្សាហកម្ម IT និង ICT ក្នុង​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិ។

កម្មវិធី​នឹង​ធ្វើការ​អញ្ជើញ​បណ្ដា​ថ្នាក់​ដឹកនាំ​ដែល​មាន​ចក្ខុវិស័យខ្ពស់ ដើម្បី​ធ្វើ​បទ​បង្ហាញ​ និង​កិច្ច​ពិភាក្សា លើ​បច្ចេកវិទ្យា​ឌីជីថល​ចុងក្រោយ។ កម្មវិធី​ចម្បង​ៗ​ដែល​មាន​ក្នុង កម្មវិធី​ឌីជីថល​កម្ពុជា ២០១៩៖

  • ១) Ministerial Forum for ASEAN region
  • ២) សន្និសីទ និង​សិក្ខា​សាលា​សម្រាប់​ថ្នាក់​ដឹក​នាំ និង​អ្នក​ជំនាញ ចែក​រំលែក​ពី​បច្ចុប្បន្ន​ភាព​ និង​អនាគត​នៃ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​នានា​ដល់​អ្នក​ចូលរួម
  • ៣) ពិព័រណ៍​ឌីជីថល​កម្ពុជា​ដែល​មាន​ប្លុក​តំបន់​នៃ​ប្រទេស​ក្នុង​អាស៊ាន​ ប្លុក​សាកល្បង​បទពិសោធន៍​បច្ចេកវិទ្យា ប្លុក​ក្រុមហ៊ុន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ប្លុក​អាជីវកម្ម​បច្ចេកវិទ្យា​ចាប់ផ្ដើម​ថ្មី​ជាដើម។
  • ៤) ពាន​រង្វាន់ ICT កម្ពុជា​សម្រាប់​ផលិតផល​បច្ចេកវិទ្យា ដែល​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​ និង​នវានុវត្តន៍​ ដើម្បី​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សំណាក់​រាជរដ្ឋាភិបាល​ដល់​ស្ថាប័ន​ឬ​ក្រុមហ៊ុន​​នៅ​ក្នុង​វិស័យ​នេះ ឯកឧត្ដម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ក្នុង​ កម្មវិធី​សន្និសីទ​សារព័ត៌មាន​ថា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​អនាគត​ប្រទេស​កម្ពុជា​ក្នុង​ការ​បំលាស់​ប្ដូរ​ទៅ​កាន់​ឌីជីថល។

ចំណុច​អាទិភាព​ចំនួន ៤ ដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កំពុង​ផ្ដោត​សំខាន់​ជា​សំខាន់​នោះ​គឺ

  • (១) រដ្ឋាភិបាល​ឌីជីថល និង​បញ្ហា​សន្តិសុខ​លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន (ICT)
  • (២) សេដ្ឋកិច្ច​ឌីជីថល
  • (៣) ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន (FDI)
  • (៤) ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ឌីជីថល។ កម្មវិធី​ឌីជីថល​កម្ពុជា ២០១៩ ក៏​មាន​គោល​បំណង​ផ្សព្វផ្សាយ​អំពី សហគ្រិនភាព​នៅ​កម្ពុជា និង​ការ​ធ្វើ​នវានុវត្តន៍​ថ្មីៗ។

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន (NIPTICT) សហការ​ជាមួយ​ក្រុមហ៊ុន Sabay Digital Corp. និង Two Way PR បាន​រៀបចំ​កម្មវិធី “សន្និសីទ និង​ពិព័រណ៍ ឌីជីថល​កម្ពុជា ២០១៩” ជា​លើក​ដំបូង​របស់​ខ្លួន ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មីនា ឆ្នាំ ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​ ដែល​មាន​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​មូលនិធិ​នៃ​ការ កសាង​សមត្ថភាព និង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (CBRD)។

ដោយ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ដោយក្រុមហ៊ុន Smart Axiata, MetFone, Huawei និង​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់ CBRD និង​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិបត្តិករ ទូរគមនាគមន៍ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (ICT) ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ចាប់ផ្ដើម​ធុរកិច្ច​ថ្មី(Start-up) អង្គការ​ក្រៅ​រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ ដៃគូ​អភិវឌ្ឍន៍ ។

ឯកឧត្ដម​ កាន ចន្ទ័មេត្តា បាន​ផ្ដល់​អនុសាសន៍ ពី​ការ​រំលង​នូវ​នីតិវិធី និង​បច្ចេកវិទ្យា​ចាស់ៗ (Leapfrog) ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​បំព្រួញ​ពេល​វេលា ក្នុង​ការ​ធ្វើ​បំលាស់​ប្តូរ​ទៅ​កាន់​ឌីជីថល​នេះ​ ជា​ពិសេស​សារៈសំខាន់​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង ស្ថាប័ន​រដ្ឋ វិស័យ​ឯកជន និង​អ្នក​ពាក់​ព័ន្ធ ក្នុង​ផ្នែក​ឧស្សាហកម្ម ICT។

ឯកឧត្ដម​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​និប​ទីក បាន​មាន​ប្រសាសន៍​ថា សន្និសីទ និង​ពិព័រណ៍​ឌីជីថល​កម្ពុជា ២០១៩ នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​ជួយ​ជំរុញ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ឧស្សាហកម្ម​ជំនាន់ ៤.០ តាម​រយៈ​ ការ​ពិភាក្សា​និង​ចែករំលែក​បទពិសោធន៍​ពី​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​ដើម្បី​ឈាន​ទៅ​បង្កើត​នូវ​បរិដ្ឋាន​អំណោយផល​សម្រាប់​ការ​បំលាស់​ប្ដូរ​ទៅ​កាន់​ឌីជីថល​នៅ​កម្ពុជា ដែល​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន ដល់​វិស័យ​សេដ្ឋកិច្ច និង​សង្គម តាម​រយៈ​ការ​នាំ​មក​នូវ​គម្រូ​អាជីវកម្ម​ដែល​មាន​លក្ខណៈ​នវានុវត្តន៍ ការ​បង្កើន លទ្ធភាព​ប្រកួត​ប្រជែង​ ការ​បង្កើត​ការងារ​កាន់​តែ​ច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

កម្មវិធី​នេះនឹង​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​តំបន់​​អាស៊ាន​ និង​តំណាង​មក​ពី​វាគ្មិន​ចំនួន​ប្រមាណ ៧០ នាក់។ ការ​ចូលរួម​តាំង​ពិព័រណ៍​ប្រមាណ ៣០០ ស្តង់ និង​សង្ឃឹម​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ៥០, ០០០ នាក់។

ចំណែកឯ​​តំណាង​ប្រតិបតិ្តករ​មក​ពី​ក្រុមហ៊ុន​ទាំង ៣ ​ដែល​ក្នុង​នោះ​មាន Smart Axiata, MetFone និង Huawei បាន​លើក​ឡើង​និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា ​កម្មវិធី​ឌីជីថល​កម្ពុជា​លើក​ដំបូង​នេះ ​មិន​ត្រឹម​តែ​បង្ហាញ​សេវាកម្ម​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ គឺ Huawei មាន​បំណង​នឹង​មាន​កម្មវិធី​បង្ហាញ​បច្ចេកវិទ្យា​ថ្មីៗ ជំរុញ​ដល់​យុវវ័យ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ ICT កាន់​តែ​ច្រើន​ឡើង៕

អត្ថបទ៖ រក្សា