នៅតែ ៤ ថ្ងៃទេ កុំភ្លេចទៅគាំទ្រកម្មវិធីស្នាដៃនិស្សិត DMC ផលិតយ៉ាងពិសេស!
- 2019-01-30 03:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅតែ ៤ ថ្ងៃទេ កុំភ្លេចទៅគាំទ្រកម្មវិធីស្នាដៃនិស្សិត DMC ផលិតយ៉ាងពិសេស!
ចន្លោះមិនឃើញ
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការសម្ពោធកម្មវិធីទូរសព្ទនិងគេហទំព័រថ្មីមួយនៃគម្រោងទីចងចាំ ឬ Mapping Memories Cambodia (MMC) ដែលទាក់ទងនឹងរឿងរ៉ាវនៅសម័យខ្មែរក្រហម តាមរយៈការផ្សារភ្ជាប់ទីតាំងសំខាន់ៗនៅលើផែនទីកម្ពុជា។
អស់រយៈពេលពេញមួយឆ្នាំសិក្សា ២០១៨ កន្លងទៅនេះនិស្សិតជំនាន់ទី ១៥ និងទី១៦ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានផលិតបទយកការណ៍វិទ្យុ ភាពយន្តឯកសារខ្នាតខ្លី កម្រងរូបភាព និងអត្ថបទព័ត៌មាន ស្ដីពីរឿងរ៉ាវដែលបានកើតឡើងនៅសម័យខ្មែរក្រហម ហើយក្រុមនិស្សិតបានចុះស្រាវជ្រាវផ្ទាល់នៅនឹងកន្លែង ព្រមទាំងបានសម្ភាស អ្នកនៅរស់រានមានជីវិតពីរបបនោះ។
ការដាក់សម្ពោធកម្មវិធីទូរសព្ទ ទីចងចាំ ឬ Mapping Memories Cambodia (MMC) នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៤:៣០ ល្ងាចដល់ ៨:០០ យប់នៅដេប៉ាតឺម៉ង់ប្រព័ន្ធ ផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គម្រោងទីចងចាំ ឬ Mapping Memories Cambodia (MMC) ក៏មានបំណងជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយប្រើប្រាស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ដើម្បីសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវខ្មែរក្រហម ព្រមទាំងបង្កើតការសន្ទនាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមក្នុងចំណោមយុវជន និងក្រុមគ្រួសារ។
អ្នកអាចចូលទស្សនា ស្ដាប់ និងអាន សាច់រឿងទាំងអស់ជាភាសាខ្មែរ ឬ អង់គ្លេស តាមរយៈគេហទំព័រ mappingmemoriescambodia.com ឬកម្មវិធីទូរស័ព្ទទីចងចាំ ឬ Mapping Memories Cambodia (MMC) ដែលនឹងអាចទាញយកបានទាំងនៅលើ App Store និងនៅលើ Google Play Store នៅដើមខែកុម្ភៈឆ្នាំ ២០១៩។
ការដាក់សម្ពោធគម្រោងទីចងចាំ ឬ Mapping Memories Cambodia (MMC) នេះ មានកម្មវិធីសំខាន់ៗជាច្រើនរួមមាន ការសម្ពោធជាផ្លូវការនៃកម្មវិធីទូរសព្ទទីចងចាំ MMC និងគេហទំព័រ mappingmemoriescambodia.com ការសម្ដែង «របាំផ្កាស្លា» អំពីអាពាហ៍ពិពាហ៍ដោយបង្ខំនៅសម័យខ្មែរក្រហមដោយក្រុមសិល្បៈសុភីលីន ពិពណ៌រូបថត និងគំនូរវាសស្ដីពីខ្សែជីវិតរបស់ប្រជាជនកម្ពុជានៅក្រោមរបបខ្មែរក្រហម ការដាក់ឲ្យសាកល្បងកម្មវិធីទូរសព្ទនិងគេហទំព័រ រួមទាំងការចាក់បញ្ចាំងភាពយន្តឯកសារ ខ្នាតខ្លី និងសំណួរចម្លើយទាក់ទិននឹងការផលិតនៃគម្រោងនេះ។
កម្មវិធីសម្ពោធនេះនឹងប្រព្រឹត្តទៅក្រោមវត្តមានលោក សោម រតនា សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកស្រី Julia Ilse អ្នកសម្របសម្រួលសេវាសន្តិភាពស៊ីវិល (ស៊ី.ភី.អេស.) នៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌល ឯកសារកម្ពុជា (DC-CAM) ភ្ញៀវកិត្តិយសព្រមទាំងសាស្ត្រាចារ្យ និងនិស្សិត សរុបប្រមាណជាង ២៥០ នាក់។
ចុចដោនឡូតលើ Play Store | App Store