បែក​ធ្លាយ​រូបភាព​ចុង​ក្រោយ​របស់​ Galaxy S10 Plus មាន​ទាំង​ប្រជ្រុយ មាន​ទាំង​ចិញ្ចើម​ជួប

  • 2019-02-01 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ 91Mobile ទើប​បាន​បញ្ចេញ​រូបភាព​បែក​ធ្លាយ​របស់​ទូរសព្ទ Samsung Galaxy S10 Plus ដែល​ជា Flagship ដើម​ឆ្នាំ របស់ Samsung មើល​ទៅ​មាន​រូបរាង​ប្លែក​ខ្លាំង​ព្រម​ទាំង​មាន​ទាំង​កាមេរ៉ា​មុខ​ដែល​បង្កប់​ក្រោម​អេក្រង់​មើល​ទៅ​ដូច​ជា​ប្រជ្រុយ​ខាង​មុខ ហើយ​បើ​មើល​ទៅ​ខាង​ក្រោយ​វិញ កាមេរ៉ា ៣ គ្រាប់​តម្រៀប​ជា​ជួរ​ប្រៀប​ដូច​ជា​ចិញ្ចើម​សង​ខាង​ជួប​គ្នា​អ៊ីចឹង។ បើ​តាម 91Mobile បាន​បញ្ជាក់​មក រូបភាព​បែក​ធ្លាយ​នេះ​គឺ​ជា​រូបភាព​ពិត សម្រាប់​ចេញ​ផ្សាយ​ក្នុង​សន្និសីទ​កាសែត​ផលិតផល​ថ្មី​របស់ Samsung។

បើ​ផ្អែក​តាម​រូប​បែក​ធ្លាយ​មុន​ៗ និង​រូបភាព​ចុង​ក្រោយ​នេះ គេ​អាច​និយាយ​បាន​ថា Samsung ឆ្នាំ​នេះ​លេង​ខ្លាំង​ដៃ​តែ​ម្ដង​លើ​បច្ចេកវិទ្យា​កាមេរ៉ា ហើយ​ក៏​មិន​ខ្ចី​ចេញ​ក្បាល​ឆក​ដូច​គូ​ប្រជែង​យក្ស​របស់​ខ្លួន Apple ដែរ​ ដោយ​បែក​គំនិត​ឆ្នៃ​កាមេរ៉ា​ខាង​មុខ​បង្កប់​ក្រោម​អេក្រង់​ផ្នែក​ខាង​លើ​នៅ​ស្ដាំ​ដៃ​វិញ​ម្ដង ធ្វើ​ឲ្យ​ផ្ទៃ​អេក្រង់​លាត​សឹង​ពេញ​ផ្ទៃ​ខាង​មុខ បាត់​ទាំង​ថ្ងាស បាត់​ទាំង​ចង្កា។

ម៉្យាង​វិញ​ទៀត បើ​មើល​តាម ​Wallpaper និង​ទម្រង់ Icon លើ lockscreen ដែល​មាន​ក្នុង​រូប​លេច​ធ្លាយ​នោះ គេ​អាច​កត់​សម្គាល់​ឃើញ​ថា Samsung បាន​កែ​ប្រែ UI របស់​ខ្លួន​ឲ្យ​ Icon មាន​រាង​តូច និង​មូល​ជាង​មុន។

យ៉ាងណាមិញ បន្ទះ​ស្កេន​ខ្ចៅ​ដៃ​ខាង​ក្រោយ​អេក្រង់​មិន​ត្រូវ​បាន​គេ​ឃើញ​ក្នុង​រូបភាព​បែក​ធ្លាយ​នេះ​ឡើយ ដែល​អាច​សន្និដ្ឋាន​ថា Samsung នឹង​ប្រើ​បន្ទះ​ស្កេន​ខ្ចៅ​ដៃ​ដែល​បង្កប់​ក្រោម​អេក្រង់​ដូច​​អ្វី​ដែល​ធ្លាប់​បាន​ឃើញ​លើ​ទូរសព្ទ​របស់ Vivo, OnePlus និង Oppo ដូច្នោះ​ដែរ។ លើស​ពី​នេះ​ទៅទៀត​ តាម​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ថា Samsung Galaxy S10 Plus និង​មាន​ទំហំ​អេក្រង់​ស្មើ​នឹង Galaxy Note 9 ហើយ​វា​ក៏​មាន​ត្រកូល Galaxy S10 ទំហំ​តូច​ជាង​ចេញ​មក​ជាមួយ​ផង​ដែរ។

ចំពោះ​ផ្នែក​កម្លាំង​ម៉ាស៊ីន​វិញ Galaxy S10 ជំនាន់​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បំពាក់​ឈីប Qualcomm Snapdragon 855 ឬ​ក៏ Exynos 9820 SoC (ខុស​គ្នា​តាម​តំបន់) មាន​អង្គ​ចងចាំ​ដល់​ទៅ ១ TB និង មាន​ RAM ៦ GB មក​ស្រាប់។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ