ណាសា​នឹង​វិលទៅ​ភព​ព្រះចន្ទ​វិញ ប៉ុន្តែលើកនេះទៅស្នាក់នៅហ្មង

  • 2019-02-17 02:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ណាសា គ្រោងនឹង​បញ្ជូន​អ្នក​អវកាស​ទៅកាន់​ភព​ព្រះចន្ទ​សាជាថ្មី​វិញ បន្ទាប់​ពី​អាកខាន​ជាង​ប៉ុន្មាន​ទសវត្សរ៍​មក ប៉ុន្តែ​លើក​នេះ គឺ​ទៅ​ស្នាក់នៅ​តែម្តង មិន​មែន​គ្រាន់​តែជាន់ដី​ភព​ព្រះចន្ទ ហើយ​ដោត​ទង់ជាតិ​រួច ត្រឡប់មកវិញ ដូច​គ្រាមុន​នោះទេ។

លោក Jim Bridenstine

លោក Jim Bridenstine អ្នក​​គ្រប់គ្រង​១រូប​របស់​អង្គការ​ណាសា បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ថា អង្គការ​អវកាស​នេះ គ្រោងនឹង​បង្កើន​ល្បឿន​គម្រោង​បញ្ជូន​​មនុស្ស​ទៅ​ភពព្រះចន្ទ​ដែលគាំទ្រ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នេះ តាមរយៈ​ការ​ប្រើប្រាស់​ក្រុមហ៊ុន​ឯកជន។

«វាមាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​ត្រឡប់​ទៅភព​ព្រះចន្ទ​វិញ កាន់តែ​លឿន​តាមដែល​អាចធ្វើ​បាន»។ លោកថ្លែង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​អង្គការ​ណាសា​ នៅក្រុង​វ៉ាស៊ីងតោន ដោយ​លោក​សង្ឃឹម​ថា អ្នក​អវកាស​នឹងអាច​វិលទៅ​ភព​ព្រះចន្ទ​វិញ ត្រឹម​ឆ្នាំ​២០២៨។

លោក Jim Bridenstine បន្ថែមថា៖ «យើង​កំពុងធ្វើវាឱ្យ​ខុសប្លែក​ទាំងស្រុងពីប្រទេស​ផ្សេងៗ​ក្នុងពិភពលោក។ អ្វីដែលយើងកំពុងធ្វើនេះ គឺយើងធ្វើវា​ជានិរន្ត»។

សូម​រំលឹក​ថា លោក Neil Armstrong គឺជា​មនុស្ស​ទី១ ដែល​បាន​ជាន់ដី​ភព​ព្រះចន្ទ នៅថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​១៩៦៩ ក្នុង​បេសកកម្ម​អាប៉ូឡូ​ទី១១។ មនុស្ស​ចុងក្រោយ​គេ​ដែល​បាន​ទៅដល់​ភពនេះ គឺ​លោក Eugene Cernan កាលពី​ខែធ្នូ ឆ្នាំ​១៩៧២ ក្នុង​បេសកកម្ម​អាបូឡូ​ទី១៧។

លោក Neil Armstrong ពេលជាន់ដីភពព្រះចន្ទ នៅខែកក្កដា ឆ្នាំ១៩៦៩

មុនពេល​ដែល​បញ្ជូន​មនុស្ស​ទៅភព​ព្រះចន្ទ​ម្តងទៀត​នោះ អង្គការ​ណាសា​មាន​បំណង​ដាក់​យាន​គ្មាន​មនុស្ស​បើក​មួយគ្រឿង នៅលើ​ដី​ភព​នេះ ត្រឹម​ឆ្នាំ​២០២៤៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ សំភី