Huawei ចាយ ៥ លានដុល្លារ សាកល្បង 5G នៅថៃ
- 2019-02-25 09:48:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ចាយ ៥ លានដុល្លារ សាកល្បង 5G នៅថៃ
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យ ទី ២៤ ខែកុម្ភៈ ប្រធានប្រចាំតំបន់នៃក្រុមហ៊ុន Huawei មានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពីកម្មវិធី MWC 2019 ដែលនឹងប្រព្រឹត្តទៅនៅ ទីក្រុង Barcelona ថា បច្ចេកវិទ្យា 5G នឹងនាំមកនូវឱកាសឧស្សាហកម្មចំនួន ១,២ ពាន់លានដុល្លារមកឲ្យតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។
លោក James Wu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា ៖ «អាស៊ីអគ្នេយ៍នឹងរីកលូតលាស់ខ្លាំង និងមានភាពលេចធ្លោ ដោយមានកំណើន GDP ខ្ពស់បំផុតក្នុងរង្វង់ ៥% ទៅ ៦% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ហើយសេដ្ឋកិច្ចឌីជីថល នឹងក្លាយជាកត្តាជំរុញដ៏ចម្បងនៅពីក្រោយសន្ទុះនៃការរីកចម្រើននេះ»។
លោក Wu បានព្យាករណ៍ថា ការប្រើប្រាស់ដ៏មហិមានៃបច្ចេកវិទ្យា 5G នៅលើទីផ្សារជាច្រើនដែលមានដូចជាប្រទេសឥណ្ឌា ថៃ និងវៀតណាមជាដើមនឹងចាប់ផ្ដើមនាដើមឆ្នាំ ២០២០ ខាងមុខនេះ ។ លោកបានបន្ថែមថាក្រុមហ៊ុន Huawei បានវិនិយោគ ៥ លានដុល្លារសម្រាប់ការសាកល្បងបច្ចេកវិទ្យា 5G នៅក្នុងប្រទេសថៃ ហើយឧបករណ៍ 5G ដែលត្រៀមសម្រាប់ការប្រើប្រាស់ក្នុងការសាកល្បងជាផ្លូវការនេះក៏បានមកដល់ប្រទេសថៃរួចរាល់ហើយដែរ។
ប្រធានរូបនេះបានបន្តទៀតថា ក្រុមហ៊ុន Huawei ដែលក្រុមហ៊ុនឈានមុខគេលើពិភពលោកនៃបច្ចេកវិទ្យា 5G នឹងជួយដល់ប្រតិបត្តិករទាំងអស់នៅក្នុងតំបន់ឱ្យសម្រេចបាននូវក្ដីសុបិន 5G របស់ពួកគេ។ Huawei ក៏នឹងបន្តវិនិយោគលើបច្ចេកវិទ្យា 5G, អ៊ីនធឺណិត, Cloud, AI និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត ដើម្បីជួយអតិថិជនឱ្យទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើននេះ។
Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ នៅប្រទេសចិន ហើយបានពង្រីកខ្លួនក្លាយជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ធំជាងគេរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី ២ នៅលើពិភពលោក។ នៅឆ្នាំ ២០១៨ប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់បំផុតគឺ ១០៨,៥ ពាន់លានដុល្លារពោលគឺកើនឡើង២១% ធៀបនឹងឆ្នាំមុន។ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុននេះក៏ទទួលបានកំណើនខ្ពស់ផងដែរ។ ក្នុងឆ្នាំ ២០១៨ អាជីវកម្មរបស់ក្រុមហ៊ុនបានកើនឡើង ៤២% នៅក្នុងតំបន់៕
ចុចអាន៖