ក្លឹបនៅ Premier League បានប្រើវ៉ែនតាចារកម្មប្រភេទ James Bond ដើម្បីផ្តួលគូប្រជែង
- 2019-03-03 08:54:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបនៅ Premier League បានប្រើវ៉ែនតាចារកម្មប្រភេទ James Bond ដើម្បីផ្តួលគូប្រជែង
ចន្លោះមិនឃើញ
The Sun បានរាយការណ៍ថាក្លឹបមួយចំនួននៅក្របខ័ណ្ឌ Premier League កំពុងប្រើវ៉ែនតាចារកម្មប្រភេទ James Bond មានតម្លៃ ១៩៨ ដុល្លារ ប្រើសម្រាប់លួចថតទិដ្ឋភាព ដើម្បីយកការណ៍សម្ងាត់នៅពេលពួកគេពាក់វាចូលទៅក្នុងទីលានហ្វឹកហាត់របស់គូប្រជែង។
ក្លឹប Leeds United ត្រូវបានពិន័យជាប្រាក់ចំនួន ២០ម៉ឺនផោន (ជាង ២៦ម៉ឺនដុល្លារ) កាលពីខែមុនបន្ទាប់ពីអ្នកចាត់ការ Marcelo Bielsa បានសារភាពថាបានធ្វើចារកម្មលើគូប្រជែងទាំងអស់របស់លោកនៅ Championship តាមរបៀបនេះ។
ប្រធាន English Football League (EFL) បានកែប្រែច្បាប់បាល់ទាត់នៅអង់គ្លេសដើម្បី "ហាមឃាត់ក្រុមបាល់ទាត់លួចមើលការហ្វឹកហាត់របស់គូបដិបក្ខក្នុងរយៈពេល៧២ម៉ោងមុនការប្រកួត" បន្ទាប់ពីផ្ទុះសង្រ្គាមលួចថតពីរបងគូប្រកួត ដោយប្រើប្រាស់ឧបករណ៍ទំនើប ពីព្រោះទង្វើនេះមិនខុសនឹងច្បាប់ Premier League ឡើយនាពេលបច្ចុប្បន្ន។
មន្ត្រីបាល់ទាត់ដែលនៅក្នុងក្លឹបបាល់ទាត់សុំមិនបញ្ចេញឈ្មោះមួយបានប្រាប់ The Sun ថា "ក្រុមមួយចំនួននៅ Premier League ត្រូវការថតឃ្លីបវីដេអូជាក់លាក់អំពីស្ថានភាពការប្រកួត [របស់គូបដិបក្ខ] ជាងវិធីសាមញ្ញដែលគេធ្លាប់ធ្វើកន្លងមក"។
“ពួកគេដឹងថាគេអាចទិញឧបករណ៍លួចថតទាំងនោះងាយៗនៅលើវេបសាយ។ បន្ទាប់មកពួកគេអាចទៅឈរក្បែរទីលានដើម្បីលួចថតពីអ្វីដែលគូប្រជែងចង់ផ្តោតនៅក្នុងការប្រកួតរបស់ពួកគេ"។
“វីដេអូឃ្លីបនោះ បន្ទាប់មកគេអាចយកទៅឲ្យគ្រូបង្វឹកដើម្បីរៀបចំកីឡាកររបស់គាត់ ឬ មួយក៏គេអាចឲ្យកីឡាករមើលវីដេអូទាំងនោះមុនការប្រកួត"។
“វាមិនមែនជារឿងខុសទេ។ ប៉ុន្តែវាជារឿងដ៏គួរឲ្យអស់សំណើចនៅពេលក្លឹបបាល់ទាត់បញ្ជូនកម្មករទៅអង្គុយមើលធ្វើដូចជាអ្នកគាំទ្រទូទៅដើម្បីលួចថតវីដេអូទាំងនោះដោយសម្ងាត់"៕