នៅ​ ស្រីពៅ ចង់​សាក​សមត្ថភាព​ជា​មួយ​ជើង​ឯកពិភពលោក Stamp Fairtex​

  • 2019-03-04 07:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​គុន​ខ្មែរ​ នៅ​ ស្រីពៅ​ បាន​បង្ហាញ​សមត្ថភាព​កក្រើក​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​ ដោយ​បាន​​យក​ឈ្នះ​កីឡា​ការិនី​ថៃ​ Rika​ Ishige នៅ​ ONE: CLASH OF​ LEGENDS​ ក្នុង​ទី​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ។

នៅ ស្រីពៅ ពេលឈ្នះ​កីឡា​ការិនី​ថៃ Rika (រូបថត៖ ONE)

ពេល​នេះ​ នៅ ស្រីពៅ ចង់​សាក​សមត្ថភាព​ជា​មួយ​កីឡា​ការិនី​ថៃ Stamp Fairtex ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​របស់​ ONE។ កីឡា​ការិនី​កម្ពុជា​រូប​នេះ​និយាយ​ថា ៖«​តាំង​ពី​ខ្ញុំ​ប្រកួត​ឈ្នះ​ Rika​ មក​ មតិ​ភាគ​ច្រើន​ចង់​ឃើញ​ខ្ញុំ​ប៉ះ​ជា​មួយ​ជើង​ឯក​ពីរវិញ្ញាសា​របស់​ ONE: Stamp Fairtex។ ខ្ញុំ​គិត​ថា​ ខ្ញុំ​ចង់​ប្រកួត​ជា​មួយ​គាត់​ដែរ​ ពី​ព្រោះ​គាត់​លេង​គីឡូ​៥២.៥​ដូច​ខ្ញុំ​ដែរ»។

យ៉ាង​ណា​ នៅ ស្រីពៅ​​ ពិត​ជា​កោត​សរសើរ​ចំពោះ​ម្ចាស់​​ខ្សែ​ក្រវាត់​ ONE Muay Thai World Champion ​នេះ​ណាស់។ «បើ​ប្រៀប​ធៀប​ជាមួយ​គាត់​ ខ្ញុំ​​ល្អ​មិន​ទាន់​បាន​ពាក់​កណ្ដាល​គេ​ផង។ តែ​ប្រសិន​ ONE​ ផ្គូផ្គង​ឱ្យ​ខ្ញុំ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ណា​ក៏​ខ្ញុំ​ប្រកួត​ដែរ​ ខ្ញុំ​មិន​ខ្លាច​ទេ។ ខ្ញុំ​បាន​មើល​របៀប​ដែល​គាត់​វាយ​ ហើយ​ដឹង​ថា​ គេ​ខ្លាំង​អី​ យើង​ត្រូវ​ហាត់​ត្រៀម​អី​ខ្លះ។​ ដូច​កាល​ខ្ញុំ​ប្រកួត​ទល់​នឹង​ Rika អីចឹង​។ Stamp​ ប្រើ​ដៃ​ទាំង​២​បាន​ល្អ​ ហើយ​ទាត់​ខ្លាំង​​ថែម​ទៀត»។

Stamp Fairtex ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE (រូបថត៖ ONE)

ដោយ​មាន​មូលដ្ឋាន​គុន​ខ្មែរ​រឹង​មាំ​ នៅ​ ស្រីពៅ ក៏មានបទ​ពិសោធ​នៅ​សង្វៀន​មីយ៉ាន់ម៉ា​ World Lethwei​ Championship រហូត​បាន​​កីឡា​ការិនី​ឆ្នើម​ប្រចាំ​កម្មវិធី​នេះ​ទៀត​ផង​កាល​ពី​ឆ្នាំ​២០១៨៕

អត្ថបទ៖ Matias Andres