តាម​នាង ភីម ជុំវិញ នាយ តាក់ស៊ី ចង់​រត់​ទៅ​បួស​ចោល​ខ្លួន និង​កូន នឹង​ដឹង​ស​ខ្មៅ​កាន់​តែ​ច្បាស់​ល្ងាច​នេះ

  • 2019-04-23 08:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន នាយ តាក់ស៊ី ចង់​ឈប់​ពី​សិល្បៈ ហើយ​យក​ខ្លួន​ថ្វាយ​ព្រះធម៌ មិន​ស្រណោះ​ប្រពន្ធ និង​កូន បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​រសៀល​ម្សិលមិញ ក្នុង​នោះ នៅ​មាន​មន្ទិល​ខ្លះ​នៅ​ក្នុង​រឿង​នេះ ស្រប​ពេល​នាង ភីម ព្រលយ​វិញ​ថា នាង​នឹង​ចេញ​មុខ​បក​ស្រាយ​ជុំវិញ​រឿង​នេះ។

នៅ​រសៀល​ម្សិលមិញ នាយ តាក់ស៊ី តាម​រយៈ​លោក អ៊ឹម ជីវ៉ា បាន​ព្រលយ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ថា លោក​គ្រោង​នឹង​ឈប់​ពី​សិល្បៈ​ហើយ ហើយ​បន្ទាប់​ពី​នោះ​មក លោក​នឹង​ទៅ​បួស​ជា​រៀង​រហូត។ ចំពោះ​មូលហេតុ ដោយ​សារ​លោក​ធុញ​ថប់​នឹង​ខ្លួន​ឯង ដែល​មាន​ជំងឺ​រុំារៃ​ច្រើន​មុខ ហើយ​ដោយ​មិន​ចង់​ឲ្យ​ប្រពន្ធ​កូន​ពិបាក ក្នុង​ការ​មើល​ថែ​ខ្លួន ផ្សំ​នឹង​លោក​ខ្លួន​ឯង​មាន​ឧបនិស្ស័យ​ជាមួយ​ព្រះធម៌​ស្រាប់​ផង ទើប​លោក​សម្រេច​ថា​នឹង​ទៅ​ជ្រក​ក្រោម​ព្រះធម៌ អាស្រ័យ​បាយ​វត្ត​តែ​ម្ដង។​

បន្ថែម​ពី​លើ​នេះ សមាជិក​ក្រុម​កំប្លែង បញ្ជាក់​ថា លោក​នឹង​ទៅ​បួស​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ​ហើយ ហើយ​ដំណើរ​ចាក​ចេញ​ពី​សិល្បៈ​កណ្ដាល​ទី ហើយ​រត់​ទៅ​រក​ព្រះធម៌​ជា​ជំនួស​វិញ​នេះ លោក​នឹង​មិន​យក​អ្វី​ដុំ​កំភួន​ទៅ​ជាមួយ​ឡើយ ពោល​គឺ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ។ មិន​ត្រឹម​ប៉ុណ្ណឹង​លោក​នៅ​បាន​សង្កត់​ធ្ងន់​ថា សុខ​ចិត្ត​បើក​ផ្លូវ​ឲ្យ​នាង ភីម ជា​ភរិយា រក​អ្នក​ថ្មី​ជំនួស​ខ្លួន​ថែម​ទៀត។

ឃើញ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ប្រិយមិត្ត​មួយ​ចំនួន នៅ​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​ទៅ​លើ​មូលហេតុ​ដែល​សាមី​ខ្លួន​បាន​លើក​ឡើង​ឡើយ។ ពិសេស​ចំណុច​ចុង​ក្រោយ​ដែល​លោក​បញ្ជាក់​ថា សុខ​ចិត្ត​ឲ្យ​ភរិយា​រក​អ្នក​ថ្មី​មក​ជំនួស​ខ្លួន​នោះ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា លោក និង​ភរិយា សាច់​ស​ខ្ចី អាច​នឹង​មាន​ទំនាស់​ផ្ទៃ​ក្នុង​ស្រួចស្រាល់​ មុន​ជំរុញ​លោក​ឲ្យ​គិត​ដូច្នេះ។

ជុំ​វិញ​បញ្ហា​នេះ នាយ តាក់​ស៊ី នៅ​តែ​អះអាង​ថា លោក និង​ភរិយា មិន​មាន​បញ្ហា​ល្អក់​កករ​អ្វី​នឹង​គ្នា ដោះ​ស្រាយ​មិន​ចេញ​រហូត​រត់​គេច​ទៅ​រក​ព្រះធម៌​នោះ​ឡើយ។ ហេតុផល​សំខាន់​ៗ គឺ​មាន​តែ​បញ្ហា​សុខភាព និង​ឧបនិស្ស័យ​ជា​មួយ​ព្រះធម៌​ប៉ុណ្ណោះ ក្នុង​នោះ​លោក​បាន​ដាក់​ចិត្ត​ថា​នឹង​ទៅ​បួស​ជា​យូរ​មក​ហើយ។ វិល​មក​នាង ភីម ជា​ភរិយា វិញ បាន​បញ្ជាក់​ថា ជុំ​វិញ​បញ្ហា​ដែល​កើត​ឡើង នាង​នឹង​ចេញ​មុខ​ធ្វើ​ការ​បក​ស្រាយ នៅ​វេលា​ល្ងាច​នេះ​តែ​ម្ដង ដើម្បី​ឲ្យ​សាធារណជន​អស់​មន្ទិល។

នេះ​មិន​មែន​ជា​លើក​ទី១ ឡើយ​ដែល​​នាយ តាក់ស៊ី បាន​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​ព្រះធម៌ កន្លង​មក នាយ​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​រត់​ទៅ​បួស​លើ​ភ្នំ​គូលេន​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ម្ដងដែរ ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​សារ​ពេល​នោះ ក្រុម​គ្រួសារ​បាន​ដឹង និង​ទៅ​និយាយ​លួង​លោម អង្វរ ទើប​លោក​ទន់​ចិត្ត​ហើយ​ក៏​ត្រឡប់​មក​វិញ។

ដោយ​ឡែក​លើក​នេះ គឺ​ជា​លើក​ទី​២ ខណៈ​សាមី​ខ្លួន​អះអាង​ថា នឹង​ទៅ​បួស​ឲ្យ​ខាង​តែ​បាន ព្រោះ​បាន​និយាយ​ជាមួយ​ក្រុម​គ្រួសារ​រួច​អស់​ហើយ ហើយ​បើ​ទោះ​ជា​មាន​សប្បុរសជន សន្យា​ធានា​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​របស់​នាយ​ដោយ​មិន​យក​ប្រាក់​ទៀត​ក៏​ដោយ។ ចំណែក​ឯ​នាង ភីម ក៏​បាន​បញ្ជាក់​ថា អ្វី​ៗ​ទៅ​មុខ​ហើយ មិន​អាច​បក​ក្រោយ​ឡើយ ក្រុម​គ្រួសារ​មិន​អាច​ឃាត់​នាយ តាក់ស៊ី ជាប់​ដូច​មុន​បាន​ទៀត​ទេ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម