អ្នក​លេង​គុន​ចម្រុះ​៣​រូប​ប្រៀបធៀបក្បាច់វ៉ៃ ចាន់ រតនា និង Rudy Agustian

  • 2019-04-24 01:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​ដែល​មាន​​បទ​ពិសោធន៍​​លើ​​សង្វៀន​ ONE Championship ​ចំនួន​ ៣ ​​រូប​​​បង្ហាញ​​ទស្សនៈ​រៀង​ៗ​ខ្លួន​​មុន​ពេល​​កីឡាករ​ម្ចាស់​​ស្រុក​ Rudy Agustian ​ទទួល​ជើង​ខ្លាំង​​បទ​ពិសោធ​ជោកជាំ​ ចាន់ រតនា ​​នៅ​សង្វៀន​ ONE: FOR HONOR ​ ​ថ្ងៃ​ទី​៣ ខែ​ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ នា​​រដ្ឋធានី​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី។

កីឡាករ ចាន់ រតនា
កីឡាករ Rudy Agustian

អ្នក​លេង​ក្បាច់​គុន​​ចម្រុះ​​ រិន​ សារ័ត្ន​ ​​​បាន​​​​លើក​ឡើង​ថា ៖«​ទាំង​ ចាន់ រតនា និង​ Rudy ​មាន​ចំណុច​ល្អ​​​​ផ្សេង​ៗ​គ្នា ​ប៉ុន្តែ​ខ្ញុំ​ ខ្លាច​​​​ណាស់​ ចាន់ ​រតនា​​​ ចាញ់​កម្លាំង​ស៊ុហ្វ​គេ។​ ​​​​បង​ រតនា​ មាន​​តែម​បន្តិច​​​លើ​​​ការ​ប្រើ​ក្បាច់​​គុន​ខ្មែរ​​ ប៉ុន្តែ​ ​​ខ្លាច​គេ​ឃ្លេ​បាន​ គឺ​លំបាក។ ​មួយ​ទៀត​ ខ្ញុំ​បារម្ភ​អំពី​ចំណុច​ខ្វះ​ខាត​ ​មួយ​ចំនួន​​ដូច​ជា​ ការ​វ៉ៃ​ដេក​ គឺ​ គាត់​មិន​សូវ​ប៉ិន​ទេ ​​គេ​នៅ​ពី​លើ​ ឬ​គេ​​នៅ​ពី​ក្រោម​ ​គាត់​មិន​សូវ​ប៉ិន​ទប់​ ហើយ ​បើ​គេ​ឃ្លេ​បាន​​ ខ្លាច​គាត់​ឆាប​អស់​កម្លាំង​ស៊ុហ្វ»។ ​

បែប​ណា​ក្ដី​ ​​សារ័ត្ន​ ​​ជឿ​ជាក់​ថា​ ​​កីឡាករ​​​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​របស់​កម្ពុជា​អាច​ ​​​វ៉ៃ​ការពារ​ទប់​បាន​​ល្អ​ ​​តាម​រយៈ​ភាព​រហ័សរហួន​​​ក្នុង​ការ​ប្រើ​ក្បាច់​​គុន​ខ្មែរ។ ​ប៉ុន្តែ​​ ក្នុង​ករណី​​​​ដែល​ ​ម្ចាស់​ក្លឹប​​ប្រដាល់​ «សិល្បៈ»​ ​​ចេញ​​​​ក្បាច់​យឺត​ទំនង​លំបាក​បន្តិច​របស់​ Rudy។

កីឡាករ រិន សារ័ត្ន

​ចំណែក​អ្នក​លេង​ក្បាច់​គុន​ចម្រុះ​ម្នាក់​ទៀត​​ ស៊ឹម​ ប៊ុនស៊្រន់​ ​​​ប្រាប់​ថា​ គូ​នេះ​ប្រហាក់​ប្រហែល​គ្នា។​ ​​កូន​សិស្ស​របស់​​​លោក​ ហ៊ុន ច័ន្ទរាជ្យ ​វ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​​​បាន​ទស្សនា​វីដេអូ​ចុង​​​ក្រោយ​របស់​ Rudy Agustian ​​​ផ្តួល​ ខុន ស៊ីចាន់ ​កាល​​ខែ កុម្ភៈ នៅ​សិង្ហបុរី​ ​ហើយ​ ​និយាយ​​ថា ៖«​ ​​ខុន ​ស៊ីចាន់ ​កាល​ហ្នឹង​​ដូច​ជា​​ជ្រាយ​ពេក ​ទើប​​​​​​​​ឡើង​មក​វ៉ៃ​វិញ​ក្រោយ​ឈប់​មួយ​រយៈ​ គេ​មិន​បាន​ហ្វឹកហាត់​ដិត​ដល់​ ហើយ ​កម្លាំង​ស៊ុហ្វ​​ក្រោម​​គេ​​ទៀត​ ​​ដូច្នេះ​ពេល​គេ​ឃ្លេ​គឺ​ចាញ់​ហើយ។​ ប៉ុន្តែ​​​ខ្ញុំ​គិត​​ថា​ ​បើ​ចាន់ រតនា វ៉ៃ​ក្នុង​ជំហរ​​ដេក​ ​ច្បាស់​ជា​ចាញ់​ស្រាប​​ហើយ​ ​មាន​តែ​វ៉ៃ​​ដោះ​ និង​ វ៉ៃ​ឈរ​ទេ​ដែល​អាច​មាន​ប្រៀប»។ ​

យ៉ាង​​​​ក្ដី​ ប៊ុនស៊្រន់​ ​​ដាក់​ជំនឿ​ចិត្ត​ថា​ ​ចាន់ រតនា​ នឹង​ធ្វើ​បាន​ល្អ​​ព្រោះ​មាន​ភាព​រហ័សរហួន​ក្នុង​ការ​គេច​ និង ​វ៉ៃ​​សង​គូ​ប្រកួត​ ជា​ពិសេស​​ត្រូវ​​ប្រើ​ក្បាច់​គុន​ខ្មែរ​ ដែល​​​​ធ្លាប់​ប្រកួត​លើ​រេញ​កន្លង​មក​ឲ្យ​បាន​ច្រើន។​

កីឡាករ ស៊ឹម​ ប៊ុនស៊្រន់  

ទន្ទឹម​គ្នា​​នេះ​​ដែរ​​ ខុន ស៊ីចាន់ ​ដែល​​ចាញ់​ក្រោម​​ក្បាច់​ឃ្លេ​របស់​ Rudy កាល​ខែ​កុម្ភៈ​ ត្រឹម​ទឹក​ទី១​ នោះ​បាន​​​​បញ្ចេញ​មតិ​ថា​ ៖«​ខ្ញុំ​លំបាក​សន្និដ្ឋាន​បន្តិច​ គូ​នេះ ​ព្រោះ​ចាន់ រតនា​ គីឡូ​គាត់​​ធំ​​ ​ហើយ​​គាត់​​បញ្ចុះ​មក​៦១​គីឡូក្រាម​ ដូច្នេះ​ឆាប់​​​អស់​កម្លាំង​ណាស់។ ខ្ញុំ​​សង្ឃឹម​​ថា ​គាត់​អាច​ឈ្នះ​ត្រឹម​​ទឹក​ទី១​ ​​តែ​បើ​ចូល​ទឹក​ទី​២​ និង​ទី៣​អាច​ចាញ់​គេ​ហើយ។ ខ្ញុំ​ជឿ​ជាក់​លើ​គាត់​ត្រឹម​តែ​ ១ ​ទឹក​ប៉ុណ្ណោះ»។

​កីឡាករ​មក​ពី​ក្លឹប​​ Phnom Penh MMA ​រូប​នេះ​​បញ្ជាក់​ទៀត​ថា​ ​ជំនាញ​របស់​ Rudy ​ល្អ​ចាប់​​​ល្អ​គាប​ ប៉ុន្តែ​​​ជំនាញ​ ឈរ​វ៉ៃ​ និង ​តិកនិក​វ៉ៃ​ ចាញ់​ ​​​ចាន់ រតនា​ ទេ។ ​ ​​អ្នក​លេង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រូប​នេះ​​នៅ​តែ​មាន​ជំនឿ​​ចិត្ត​​លើ​មិត្ត​រួម​​ជាតិ​ថា​អាច​សងសឹក​ជំនួស​ខ្លួន​បាន​ បើ​សិន​ប្រើ​ក្បាច់​ខ្មែរ​បុរាណ​​ឲ្យ​បាន​ច្រើន ​និង​ មិន​​ឲ្យ​គេ​ចូល​ចាប់​​បាន​ ​ពោល​អាច​​ឈ្នះ​ដល់​ ៩០%​ ឯណោះ។

កីឡាករ ខុន ស៊ីចាន់

​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩ ​ខាង​មុខ​នា​​រដ្ឋធានី​ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​​ មិន​​ត្រឹម​តែ Rudy Agustian និង​ ចាន់ រតនា ​ធ្វើ​ឲ្យ​កក្រើក​អ្នក​គាំទ្រ​នៅ​​កម្ពុជា​ទេ​ ប៉ុន្តែ ​ថែម​ទាំង​​មាន​​កីឡាការិនី​ជម្រើស​ជាតិ​ នៅ ស្រីពៅ​ ​ប៉ះ​ កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​ទៀត​ផង​នៅ​សង្វៀន ONE: FOR HONOR៕ ​​

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី