ចេញ​​​ហើយ​ Pixel 3a បំពាក់​កាមេរ៉ា​ខ្លាំង​​ដូច Pixel 3 តម្លៃថោកជាងពាក់កណ្ដាល

  • 2019-05-08 01:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​លេច​ធ្លាយ​​រូបរាង និង​លក្ខណៈ​សម្បត្តិ​ផ្ទួន​រួច​មក​ នៅ​ទីបំផុត​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ​ដំបូង​របស់​ Google បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ដែល​ជា​ម៉ូដែល Pixel 3a និង Pixel 3a XL។

ចំណុច​ខ្លាំង​របស់​ស្មាតហ្វូន​​នេះ​គឺ​នៅ​ត្រង់​ផ្នែក​កាមេរ៉ា​ផ្ទាល់ ដោយ​សារ​កាមេរ៉ា​របស់​វា​ដូច​គ្នា​នឹង​កាមេរ៉ា​បំពាក់​លើ Pixel 3 យ៉ាង​អ៊ីចឹង​ដែរ។ Pixel 3a/3a XL មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​កម្រិត ១២,២ MP មាន Aperture f/1.8 ​ដែល​មាន​មុខងារ​ពិសេស​ដូច​ជា​ Night Sight សម្រាប់​ថត​ពេល​យប់, Top Shot, Super Res Zoom និង​មុខងារ HDR+ ជា​ដើម។

សម្រាប់​អេក្រង់​វិញ​ក៏​មិន​ណយ​ដែរ ដោយ​វា​គឺ​ជា​ប្រភេទ OLED ហើយ​នៅ​លើ Pixel 3a មាន​ទំហំ ៥,៦ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ និង​នៅ​លើ​ 3a XL មាន​ទំហំ ៦ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD+ ដូច​គ្នា។

ដើម្បី​​រក្សា​តម្លៃ​ឲ្យ​ទាប​ Google បាន​ប្រើ​ប្រាស់​ប្លាស្ទិក​​ដើម្បី​ផលិត​ស្មាតហ្វូន​ទាំង​នេះ ហេតុ​នេះ​មិន​មាន​កញ្ចក់​ចំហុយ​ ឬ លោហធាតុ​ប្រណីត​ដូច​ជា Pixel 3/3 XL ឡើយ។ កញ្ចក់​ការពារ​ខាង​មុខ​ក៏​មិន​មែន​ជា​ Gorilla Glass ដែរ ដោយ​ប្រើ​កញ្ចក់ Dragon Trail ជំនួស​វិញ។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​ Pixel 3a/3a XL មាន​ដូច​ខាង​ក្រោម​នេះ ៖

  • ប្រើ​បន្ទះ​ឈីប​ Snapdragon 670
  • RAM ទំហំ ៤ GB និង​អង្គ​ផ្ទុក​ទំហំ ៦៤ GB
  • កាមេរ៉ា​ខាង​មុខ​កម្រិត ៨ MP ជា​មួយ Aperture f/2.0
  • ថ្ម​របស់ Pixel 3a មាន​ទំហំ ៣០០០ mAh និង 3a XL មាន​ទំហំ ៣៧០០ mAh
  • មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ​
  • មាន​រន្ធ​ដោត​កាស​ 3.5 mm
  • គ្មាន​រន្ធ​បន្ថែម​មេមូរី​កាត​
  • មាន​មុខងារ​ច្របាច់​ដើម្បី​ដំណើរ​ការ​ជំនួយ​ការ​ Google
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie
  • មាន​ជម្រើស​ពណ៌​ខ្មៅ ស និង​ស្វាយ​
  • Pixel 3a មាន​តម្លៃ ៣៩៩ ដុល្លារ និង 3a XL មាន​តម្លៃ ៤៧៩ ដុល្លារ
  • ដាក់​លក់​ចាប់​ពី​ថ្ងៃ​នេះ​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​កាណាដា​ និង​ទីផ្សារ​ដទៃ​ទៀត​នៅ​ថ្ងៃ​ទី ១៥ ខាង​មុខ​​​

ចុចអាន៖

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ សុខហេង