ឡុង សុភី ​បើ​មាន​ឱកាស​ចង់​វ៉ៃ​​ Kickboxing នៅសង្វៀនលំដាប់អាស៊ី ONE

  • 2019-05-22 01:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡុង សុភី ​ដែល​គេ​​​ស្គាល់​​ច្បាស់​រយៈ​ក្បាច់​ជង្គង់​ និង​ក្បាច់​​កែង​​ដ៏​មាន​ប្រសិទ្ធភាព​នោះ​​ជា​កីឡាករ​ដំបូង​​​គេ​​​តំណាង​​កម្ពុជា​ឡើង​ប្រកួត​នៅ​​​សង្វៀន​ ONE: CHAMPIONS AND WORRORS ​ ​កាល​ខែ ​​កញ្ញា​ ឆ្នាំ​ ២០១៣​ នៅ​ក្រុង​ ហ្សាកាតា​ ​ប្រទេស​ឥណ្ឌូណេស៊ី។

ឡុង សុភី (ស្តាំ)​ពេល​វ៉ៃ​ជា​មួយ​កីឡាករ Max Metino

កីឡាករ​គុន​ខ្មែរ​​ដែល​ធ្លាប់​ប្រកួត​នៅ​ Thai Fight ​បាន​ម្ដង​រូប​នេះ​បាន​ថ្លែង​ថា ៖«​​​​ខ្ញុំ​បាន​មើល​ការ​រៀប​ចំ​របស់​ ONE អស្ចារ្យ​ណាស់​ និង​ការ​ស្វាគមន៍​មុន​ឡើង​រេញ​​​ដ៏​រំភើប​​ ​ហើយ​កាល​នោះ​មាន​តែ​ខ្ញុំ​ទេ​ដែល​ប្រកួត​​ដំបូង​គេ​ក្នុង​នាម​កីឡាករ​កម្ពុជា។ ​ប៉ុន្តែ​​​គ្រា​នោះ​​​ខ្ញុំ​អត់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើ​ក្បាច់​ដែល​យើង​​ធ្លាប់​វ៉ៃ​​គុន​ខ្មែរ​ទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី Max Metino សោះ​។ ​​​​ខ្ញុំ​ប្រើ​ជំហរ​ MMA ​ដែល​គេ​ចាប់​ខ្ញុំ​ឃ្លេ​​បាន​ហើយ​អាជ្ញា​កណ្ដាល​រាប់​បញ្ឈប់​ខ្ញុំ​តែ​ម្ដង​ ទាំង​ខ្ញុំ​មិន​ទាន់​បាន​គោះ​ដៃ​​ចុះ​ចាញ់​សោះ។ ​ពេល​នោះ​ខ្ញុំ​ក៏​​ អត់​សូវ​យល់​ដែរ​នៅ​​គាត់​បញ្ឈប់​ត្រឹម​ទឹក​​ទី​២»។

បើ​រំលឹក​​​ពេល​នោះ​ ​នៅ​ទឹក​ទី១​ ​ឡុង សុភី​​​​​​ត្រូវ​បាន​​កីឡាករ​គុន​ចម្រុះ​​​ឥណ្ឌូណេស៊ី​ Max Metino ​​​ប្រើ​​បុក​ចូល​​ឱប​​ដោយ​សារ​រូប​គេ​​ពូកែ​ខាង​​គុន​ចម្រុះ។​ Max Metino ​បាន​ព្យាយាម​ចូល​​កៀក​ និង​បោក​ ចាប់​ឃ្លេ​២​ដង​ ប៉ុន្តែ​​ សុភី ​​​រើ​រួច​ឃ្លេ និង​ ​ប្រឹង​​​វ៉ៃ​​ពី​លើ​វិញ ​​ហើយ ​ត្រូវ​ជាប់​ឃ្លេ​ម្ដង​ទៀត​​រហូត​ដល់​ចប់​ទឹក​ទី១។ ​ចូល​ដល់​ទឹក​ទី២​ ​សុភី ​ព្យាយាម​​កុំ​ឲ្យ Max ​ចូល​កៀក​ តែ​មិន​​អាច​ទប់​បាន​រហូត​ដល់​កីឡាករ​ម្ចាស់​ផ្ទះ​ចូល​ចាប់​ឃ្លេ​បាន​ដដែល។ ​Max ​ចូល​កៀក​ និង​ នៅ​ពី​​លើ​​ដោយ​​ប្រើ​កំភួន​ដៃ​អុក​ ​​​​សុភី ​រហូត ​ខណៈ​​ដែល​​ដៃ​ និង​ ​ជើង​ម្ខាង​​គាប​​ឃ្លេ​​​ទាល់​តែ​អាជ្ញា​កណ្ដាល​បញ្ចប់​ការ​ប្រកួត​ត្រឹម​ចុង​ទឹក​ទី២​​តែ​ម្ដង។​

ឡុង សុភី (ឆ្វេង)​ពេល​វ៉ៃ​ជា​មួយ​កីឡាករ Max Metino

​យ៉ាង​ណា​ក្ដី​ ប្អូន​ប្រុស​​​បង្កើត​របស់​​គ្រូ​បង្វឹក​ ឡុង សាលវ័ន្ត​ ​រូប​​នេះ​បង្ហើប​អំពី​ការ​តាំង​ចិត្ត​​ថា ​៖«​បើ​​មាន​​​ឱកាស​ ខ្ញុំ​ចង់​​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE ​ទៀត​ ព្រោះ​​​ឥឡូវ​នេះ​គេ​មាន​គូ​ប្រកួត​ Kickboxing ​​​​​ដែល​ត្រូវ​ជំនាញ​របស់​​ខ្ញុំ។ ​ពេល​ខ្ញុំ​ប្រកួត​​លើក​មុន​​ ខ្ញុំ​ទៅ​វ៉ៃ​គុន​ចម្រុះ​ ​ហើយ​​ ខ្ញុំ​ហាត់​ក្បាច់​​​ឃ្លេ ​គាប​ ​​និង​ ចាប់​​​ បាន​​រយៈ​ពេល​ខ្លី​​ត្រឹម​ ២ សប្ដាហ៍​ប៉ុណ្ណោះ។ Kickboxing​ ​គឺ​ល្អ​ជាង​គុន​ចម្រុះ​ ​ព្រោះ​ជា​​ក្បាច់​បាត​យើង​ហាត់​តាំង​ពី​ដើម​មក។ ​​ត្បិត​ខ្ញុំ​ពូកែ​ខាង​ប្រើ​កែង​ ​តែ​ Kickboxing គេ​បិទ​កែង​។ ​វា​មិន​ជា​បញ្ហា​ទេ​ ​ខ្ញុំ​គោរព​តាម​កម្មវិធី​​ប្រកួត​ និង ​គោរព​​គោល​ការណ៍​របស់​គេ»។

ឡុង សុភី​ ដែល​​បច្ចុប្បន្ន​នេះ​មាន​អាយុ​៣១ ​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ ស្វាយកង់ ឃុំ​​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង។ ក្នុង​រយៈ​ពេល​១៥​ ឆ្នាំ​មក​នេះ​ ឡុង សុភី ​ឡើង​ប្រកួត​​​​យ៉ាង​តិច​ពី​ចន្លោះ​ពី​ ៥០០​ ទៅ​ ៦០០ ​ដង​ បើ​គិត​​ទាំង​ការ​ប្រកួត​តាម​តំបន់​​ក្នុង​កម្មវិធី​ផ្សេងៗ និង​ ​​​តាម​ខេត្ត​រួម​ទាំង​ការ​ឡើង​​សង្វៀន​តាម​ទូរទស្សន៍។ ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ ​​កីឡាករ​មក​ពី​ខេត្ត​​បាត់​​​ដំបង​​​ដដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ស្រា​សាច់​ដុំ, Gold Region, ​ឈ្នះ​ប្រាក់​រង្វាន់​​ពី​ធនាគារ​, K-Cement ​ ​និង​ ​ឈ្នះ​មេដាយ​មាស​ជា​ច្រើន​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ៕

ឡុង សុភី ប្រកូត​នៅ​ក្នុង​ស្រុក

អត្ថបទ៖ ស៊ីធី

អត្ថបទពេញនិយម