ប្រទេសមួយនៅអាស៊ី នឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើលោក
- 2019-06-20 01:38:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសមួយនៅអាស៊ី នឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើលោក
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះប្រទេសចិន និងឥណ្ឌា មានចំនួនប្រជាជនសរុប ៣៧%ក្នុងចំណោមប្រជាជនទាំងអស់លើសកលលោក ៧,៧ប៊ីលាននាក់ ដោយចិនមាន ១,៤ប៊ីលាននាក់ និងឥណ្ឌាមាន ១,៣ប៊ីលាននាក់។
យោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិឲ្យដឹងថា ប្រទេសឥណ្ឌាអាចនឹងវ៉ាដាច់ចិនក្លាយជាប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងសកលលោក។ របាយការណ៍ដែលចេញកាលពីថ្ងៃចន្ទឲ្យដឹងថា នៅឆ្នាំ ២០២៧ឥណ្ឌានឹងមានប្រជាជនច្រើនជាងចិន ហើយនៅឆ្នាំ ២០៥០ គម្លាតប្រជាជនរវាងប្រទេសទាំងពីរ នឹងមានភាពខុសគ្នាកាន់តែខ្លាំងថែមទៀត។ ចន្លោះពីឆ្នាំ ២០១៩ និង ២០៥០ ប្រទេសនិងតំបន់ចំនួន ៥៥ ត្រូវរំពឹងថានឹងមានចំនួនប្រជាជនធ្លាក់ចុះយ៉ាងហោច ១% ដោយសារតែអត្រាកំណើតទាប និងការធ្វើចំណាកស្រុកច្រើនលើសលប់។ ក្នុងនោះក៏មានប្រទេសចិនផងដែរ ដែលត្រូវព្យាករណ៍ថានឹងធ្លាក់ចុះ ៣១,៤លាននាក់ ឬ ២,២%។
គួរបញ្ជាក់ថា របាយការណ៍របស់អង្គការសហប្រជាជាតិ ព្យាករណ៍ថាចំនួនប្រជាជនសរុបក្នុងសកលលោកនឹងមានរហូតដល់ ៩,៧ប៊ីលាននាក់ដែលជាចំនួនកើនឡើងច្រើនបំផុតក្នុងរយៈពេលត្រឹម ១ទសវត្ស៕