Eto'o ណែនាំ Salah ឲ្យ​ទៅ Barcelona កុំ​ទៅ​ Real Madrid អី!

  • 2019-06-24 02:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ខ្សែ​ប្រយុទ្ធ​របស់​ Chelsea គឺ Samuel Eto'o បាន​ចង្អុល​ផ្លូវ​​ទៅ​កាន់​កីឡាករ​ Mo Salah របស់ Liverpool ឲ្យ​ផ្ទេរ​រួមរស់​ជាមួយ Barcelona ទៅ។

Salah បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​​នៅ​ហង្សក្រហម ចាប់​តាំង​ពី​ចូលរួម​កាល​ពី​ឆ្នាំ​២០១៧ ដោយ​រក​បាន​៥៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៧៤​ប្រកួត។ គេ​ត្រូវ​បាន​ទាក់ទង​​ផ្លាស់​ទៅ​កាន់ Real Madrid ប៉ុន្តែ Eto'o វ័យ​៣៨​ឆ្នាំ​​ដែល​ធ្លាប់​ចំណាយ​ពេល​៥​ឆ្នាំ​នៅ Barcelona ចាប់​ពី​ឆ្នាំ​២០០៤ បាន​និយាយ​ថា Barcelona គឺ​ស័ក្ដិសម​ជាមួយ​ស្ទីល​លេង​របស់ Salah។

“Real ធ្លាប់​ផ្ដល់​ឱកាស​​ឲ្យ​ខ្ញុំ​ចាកចេញ​ពី​ទ្វីប​អាហ្វ្រិក ប៉ុន្តែ​ខ្ញុំ​ដឹង​​ពី​ស្ទីល​លេង​របស់ Barcelona ហើយ​ខ្ញុំ​គិត​ថា ក្លឹប​មួយ​នេះ​នឹង​ល្អ​សម្រាប់ Salah។ ប្រសិន​បើ​គេ​មាន​ឱកាស​លេង​ក្នុង​លីគ​ដែល​ល្អ​​ជាង​គេ​លើ​លោក​គឺ​ក្នុង​ប្រទេស​អេស្ប៉ាញ​ គេ​គួរ​តែ​ចុះ​កុងត្រា​ជាមួយ​ Barcelona”។​ សម្ដី​របស់ Eto'o។

Eto'o ចាកចេញ​ពី​ទ្វី​អាហ្វ្រិក​​ដំបូង​មក​កាន់​ទឹក​ដី​អឺរ៉ុប​​គឺ​ចូលរួម​ជាមួយ Real Madrid ក្នុង​ឆ្នាំ​១៩៩៧។ ប៉ុន្តែ​នៅ​ទី​នោះ​គេ​មិន​ជោគជ័យ​ឡើយ​​បង្ហាញ​ខ្លួន​បាន​តែ​៣​ប្រកួត​គត់ និង​ត្រូវ​ឲ្យ​ក្លឹប​ជា​ច្រើន​នៅ​អេស្ប៉ាញ​ខ្ចី​ជើង​ មុន​ពេល​​ផ្លាស់​មក Barca ដែល​​ជា​កន្លែង​ភ្លឺស្វាង​របស់​គេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ