នេប៉ាល់ ផលិតបានមនុស្សយន្ត​រត់​តុ​ដំបូង​បំផុត ​បង្កប់​សុទ្ធ​តែ​មុខងារ​ទំនើប

  • 2019-06-26 07:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Please enjoy your meal,” នេះ​ជា​សំឡេង​ដែល​បន្លឺ​ចេញ​ពី​តួ​ខ្លួន​មនុស្ស​យន្ត​រត់​តុ​ដំបូង​បង្អស់​របស់​នេប៉ាល់​ឲ្យ​ឈ្មោះ​ថា Ginger ​មាន​ភារកិច្ច​លើក​ម្ហូប​មក​ដាក់​លើ​តុ​ជូន​ភ្ញៀវ​ដូច​មនុស្ស​ទូទៅ​អ៊ីចឹង​ដែរ។

មនុស្ស​យន្ត​មាន​កម្ពស់ ១,៥ ម៉ែត្រ​មួយ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​ខ្នាត​តូច​ក្នុង​ស្រុក Paaila Technoloy ដែល​បាន​សរសេរ​នូវ​ប្រព័ន្ធ​កម្មវិធី​ធ្វើ​ឲ្យ​នាង​អាច​ចេះ​ប្រើប្រាស់​ទាំង​ភាសា​អង់គ្លេស​ និង​នេប៉ាល់​សម្រាប់​អតិថិជន​ក្នុង​តំបន់។ អ្វី​ដែល​ពិសេស Ginger ក៏​អាច​និទាន​រឿង​កំប្លែង​កំដរ​ភ្ញៀវ​ដូច​ទៅ​នឹង Siri និង Alexa ថែម​ទៀត​ផង។

មាន​មនុស្សយន្ត Ginger ចំនួន ៣ កំពុង​ដាក់​ឲ្យ​បម្រើ​ការ​នៅ​អាហារដ្ឋាន Naulo នៃ​រាជធានី Kathmandu ជា​ទីតាំង​ដែល​ធ្លាប់​រង​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ជាង​បី​ឆ្នាំ​មុន។ មនុស្សយន្ត​នេះ​សោត​ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​វ័យ​ក្មេង​ចំនួន ២៥ រូប ដោយ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ក្នុង​បន្ទប់​ការិយាល័យ​ចំនួន​បី។ បញ្ជាក់​ប្រាប់​ដោយ CEO លោក Binay Raut មាន​ប្រសាសន៍​ថា៖ "នេះ​ជា​ដំណាក់កាល​សាកល្បង ដោយ​យើង​ក៏​រីករាយ​នឹង​រង់ចាំ​ការ​ឆ្លើយតប​ពី​អតិថិជន​របស់​យើង"។

ដំណើរ​ការរបស់ Ginger គឺ​ទាមទារ​ឲ្យ​ភ្ញៀវ​ធ្វើ​ការ​កុម្ម៉ង់​អាហារ​ដោយ​ចុច​បញ្ជា​លើ​អេក្រង់ Touch Screen នៃ​បញ្ជី​មុខ​ម្ហូប​បំពាក់​ភ្ជាប់​លើ​តុ ​ហើយ​មនុស្សយន្ត​នឹង​ត្រូវ​បាន​ហៅ​ទៅ​ទីតាំង​ផ្ទះ​បាយ​នៅ​ពេល​ម្ហូប​ចម្អិន​រួចរាល់។ ឆ្លើយ​ប្រាប់​ពី​ភ្ញៀវ​ចំណាស់​វ័យ ៧៣ ឆ្នាំ ​ម្នាក់​ប្រាប់​ថា៖ "នេះ​ជា​បទពិសោធន៍​ថ្មី​មួយ" ស្រដៀង​នឹង​ការ​លើក​ឡើង​ពី​ Bimali ​ថា៖ "ពួក​គេ​មើល​ទៅ​ពិត​ជា​ធ្វើ​បាន​ល្អ ហើយ​ពិត​ជា​មិន​នឹក​ស្មាន​ថា​បង្កើត​ឡើង​ដោយ​ប្រទេស​នេប៉ាល់"។

ជោគជ័យ​នេះ​ក៏​ឆ្លើយតប​ទៅ​នឹង​ការ​ទស្សន៍ទាយ​ធ្លាប់​ប្រកាស​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នា​ពេល​កន្លង​មក​ថា​ត្រឹម​ឆ្នាំ ២០២៥ ការងារ​ប្រមាណ ៥០ ភាគរយ​នឹង​ធ្វើ​ដោយ​មនុស្សយន្ត​ពោល​គឺ​កើន​ទ្វេ​ដង​ធៀប​នឹង​ពេល​បច្ចុប្បន្ន៕

អានអត្ថបទ:

ប្រភព៖ Channelnewsasia   អត្ថបទ៖ កៅ រក្សា