ខាត់ វ៉ៃ​ហាំង ទទួល​អារម្មណ៍​ដូច​ត្រូវ​គេ​សណ្ដំ ពេល​ថត​នៅ​តំបន់​ប្រាសាទ​មួយ

  • 2019-07-17 04:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​សង្ហា ខាត់ វ៉ៃហាំង បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​ទទួល​បាន​អារម្មណ៍​ហាក់​ដូច​ត្រូវ​គេ​សណ្ដំ នៅ​ក្នុង​ថត​រឿង​ភាគ​បែប​បុរាណ លាយ​សម័យ​មួយ របស់​ស្ថានីយ​ទូរទស្សន៍ PNN កាល​ពី​ថ្មី​ៗ​នៅ​តំបន់​ប្រាសាទ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​តាកែវ ដែល​ជា​លើក​ទី​មួយ​សម្រាប់​ជីវិត​ជា​អ្នក​សិល្បៈ​របស់​លោក​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

រឿង​ដែល​លោក​ចូល​រួម​ថត​ជា​តួឯក​នោះ មាន​ចំណង​ជើង​ថា "និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍" ដែល​លោក​មាន​ឈុត​ស្លៀក​បុរាណ​ច្រើន​បំផុត។ ចំពោះ​បញ្ហា​នេះ ខាត់ វ៉ៃហាំង បាន​អះអាង​ថា ត្បិត​កន្លង​មក​ខ្លួន​ធ្លាប់​គ្រង​សំលៀកបំពាក់​សម្ដែង​ជា​តួ​អង្គ​មួយ​ចំនួន​ក្នុង​សាច់​រឿង​ល្ខោន​ខោល តែ​នោះ​ជា​ការងារ​ថត​រូប​ដើម្បី​ជួយ​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌​របស់​ជាតិ ខុស​ប្លែក​អំពី​ការងារ​ថត​រឿង ដែល​ត្រូវ​តុប​តែង​ហើយ​ស្លៀក​សំលៀកបំពាក់​បែប​បុរាណ​ជា​ច្រើន​ថ្ងៃ ក្នុង​អំឡុង​ពេល​ច្រើន​ខែ​ទម្រាំ​ការងារ​បញ្ចប់។

នៅ​ក្នុង​ថត​សម្ដែង​គ្រង​ឈុត​បុរាណ​ដែល​ធ្វើ​ឱ្យ​តារា​ប្រុស​រូប​នេះ​ដក់​ចិត្ត​ចង​ចាំ​ខ្លាំង​ជាង​គេ ហើយ​តែង​រីករាយ​ជានិច្ច​រាល់​លើក​ដែល​រំឭក​ដល់​នោះ គឺ​ឆាក​សម្ដែង​នៅ​ក្នុង​ប្រាសាទ​តា​ព្រហ្ម ស្ថិត​ក្នុង​ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ។ លោក​ថា ទិដ្ឋភាព​គ្រប់​យ៉ាង​ស្រស់​ស្អាត​ប្រៀប​ដូច​ឋិត​ក្នុង​ការ​យល់​សប្ដិ ព្រោះ​ពេល​នោះ​ថត​ឆាក​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យ​ភូមិ​ក្នុង​បរិវេណ​ប្រាសាទ ហើយ​ម្នាក់​ៗ​ស្លៀក​ពាក់​សុទ្ធ​ជា​សំលៀកបំពាក់​សម័យ​បុរាណ នាំ​គ្នា​មក​ទស្សនា​ការ​សម្ដែង​របាំ​បុរាណ​ចម្រុះ​ប្រភេទ​ទាំង​យប់​ថ្ងៃ។

លោក វ៉ៃ​ហាំង បាន​រៀប​រាប់​ថា “ពេល​ហ្នឹង​ខ្ញុំ​ដើរ​មើល​គេ ព្រោះ​យើង​ជា​មេទ័ព យើង​ដើរ​មើល​គេ​អ៊ីចឹង! មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​សិល្បករ​សិល្ប​ការិនី​តែង​ខ្លួន​ជា​អ្នក​របាំ​តាម​ប្រភេទ​នីមួយ​ៗ​ខុស​ប្លែក​គ្នា ដូច្នេះ វា​ស្រស់​ស្អាត​ខ្លាំង ហើយ​ក៏​ដក់​ជាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា ជា​ពិសេស គឺ​បាន​ឃើញ​តួឯក​ស្រី​នៅ​ទី​នោះ​តែ​ម្ដង”។ លោក​ថា ពេល​នោះ​អារម្មណ៍​របស់​លោក ហាក់​ចូល​តួ​ខ្លាំង ប្រៀប​ដូច​ត្រូវ​គេ​សណ្ដំ​ស្លុង​ទៅ​នឹង​ទិដ្ឋភាព ដូច​ជា​លោក​កំពុង​តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្នុង​សម័យ​អតីត​កាល​នោះ​អីចឹង។

ក្រៅ​ពី​ឆាក​សម្ដែង​ដែល​រីករាយ វ៉ៃហាំង ក៏​ប្រឈម​នឹង​ការ​លំបាក​មួយ​ចំនួន​ដែរ​ក្នុង​រឿង​បុរាណ​លាយ​សម័យ​ខាងលើ។ប្រុស​ស្អាត​លើក​ឡើង​ថា មាន​ឈុត​មួយ​​ដែល​ធ្វើ​ឱ្យ​លោក រួម​នឹង​ក្រុម​ការងារ​លំបាក​ខ្លាំង គឺ​ឈុត​ធ្វើ​សង្គ្រាម កណ្ដាល​​ថ្ងៃ​ក្ដៅ​ខ្លាំង រហូត​ធ្វើ​ឱ្យ​របក​ស្បែក​ខ្នង​តួ​សម្ដែង​ខ្លះ​ថែម​ទៀត​ផង។ យ៉ាង​ណា ក្រោយ​ពី​​អត់​ធ្មត់​រហូត​បញ្ចប់​ការ​សម្ដែង លោក​ហាក់​រីករាយ​វិញ ក្រោយ​បាន​ឃើញ​លទ្ធផល​ចុង​ក្រោយ​ប្រកប​ដោយ​គុណភាព។

រឿង "និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍" វ៉ៃហាំង បាន​ចាប់​ដៃគូ​ជាមួយ​កញ្ញា ស៊ិន យូប៊ីន ទៀត​ហើយ! តើ​ភាព​ប្រែ​ប្រួល​នៃ​ស្នេហា​ក្នុង​រឿង​ភាគ​ថ្មី "និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍" របស់​ទូរទស្សន៍ PNN រវាង​កំលោះ​សង្ហា​លោក ខាត់ វ៉ៃ​ហាំង និង​កញ្ញា​សុភាព​ទន់​ភ្លន់ ស៊ីន យូប៊ីន នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? តើ​តួអង្គ​ឯក​ប្រុស​ស្រី​មួយ​គូ​នេះ​ត្រូវ​ឆ្លង​កាត់​នូវ​ឧបសគ្គអ្វី​ខ្លះ? សូម​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​រៀង​រាល់​សប្ដាហ៍​នា​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង​៧:៥០នាទី រហូត​ម៉ោង​៩​យប់៕

អត្ថបទ៖ ទារិកា