ស្នាដៃសិល្បៈសហសម័យ ឡូយផុតលើលោកីយ!

  • 2019-07-18 07:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


  • អត្ថបទ៖ Lita Theng
  • សហការជាមួយ wapatoa.com

របស់សាមញ្ញៗសោះហ្នឹងណា៎ ប្រែកាឡាក្លាយជាស្នាដៃសិល្បៈឡូយផុតលោកីយហ្មង! បើមិនជឿ គ្នាយើងអាចមកមើលការតាំងពិព័រណ៌នេះមក!

ជាពិសេស សំរាប់អ្នកដែលកំពុងមានគំរោងទៅលេងអង្គរបន្តិចទៀតនេះ អាចចូលមើលស្នាដៃសិល្បៈ១៨០ ដឺក្រេ ដោយ ក្រុម សិល្បករ H O M E L E S S នៅ វិចិត្រសាលសិល្បៈសហសម័យ មីរ៉ាស្ស ក្នុង ក្រុងសៀមរាបហ្នឹងហ្មង!

ពិព័រណ៌សិល្បៈនេះ បង្ហាញ ពីស្នាដៃ សិល្បករ ៣ នាក់៖ KWN 23 (សូ សុទ្ធសុវណ្ណគង់), ចាង​ សៀងហៃ និង ស៊ីនម៉ានី។ ពួកគាត់ស្រឡាញ់គ្នាកដ៏ដោយសារគាត់ចូលចិត្តសិល្បៈសហសម័យ តន្ត្រី និង ការឆ្នៃម៉ូតស្រដៀងៗគ្នានោះឯង។ ក្នុងស្នាដៃសិល្បៈជាក្រុម H O M E L E S S ជាលើកទីពីរនេះ សិល្បករទាំងបីរូបយើងនេះ ព្យាយាមស្វែងរក ថាតើមានអ្វីខ្លះទៅដែលពួកគាត់ចែករំលែកជាក្រុមបាន ក្រៅពីមិត្តភាព និង បទពិសោធន៍ដែលសាមីខ្លួនមានជាសិល្បករ។

ចំណងជើង ១៨០ដឺក្រេនេះ តំណាងឲ្យភាពសម្បូរបែបនៃ វិធីសាស្រ្តសិល្បៈ និង ផ្នត់គំនិតជីវិតរបស់ សិល្បករមួយរូបៗ។

ហើយ បងប្អូនឃើញទេ ធរណីមាត្រដែលយើងខំរៀនពីតូចមកហ្អ៎? តាមពិតគឺធំឡើងយើងអាចយកមកប្រើប្រើក្នុងវិស័យសិល្បៈបានទៀតផង!​

តោះ មកមើលស្នាដៃខ្លះៗរបស់ក្រុម H O M E L E S S នៅខាងក្រោមនេះ!

រូប “ស្លឹកឈើ បួនទង (Four Leaves)” ដោយ KWN23 (សូ សុទ្ធសុវណ្ណគង់)
រូប “បញ្ច្រាស (Reverse)” ដោយ KWN23 (សូ សុទ្ធសុវណ្ណគង់)
រូប “គ្មានចំណងជើង (Untitled)” ដោយ KWN23 (សូ សុទ្ធសុវណ្ណគង់)

ដំបូងគេគឺស្នាដៃរបស់ KWN23 (សូ សុទ្ធសុវណ្ណគង់)។ គាត់គឺជា សិល្បករមួយរូប ដែលបានហ្វឹកហាត់រៀនផ្នែកសិល្បកៈដោយខ្លួនឯង។ ស្នាដែគាត់ភាគច្រើនគឺបានគំនិត ពីធម្មជាតិ ពីសិល្បៈតាមដងផ្លូវ និងពីគំនូរលើជញ្ជាំងផ្សេងៗ។

គំនូរ ស្លឹកឈើ បួនទងនេះ គឺជាគំនូរ អរូបីមួយ ដែលនឹករលឹកដល់ធម្មជាតិ មនុស្សយើង និងទ្រង់ទ្រាយក្នុងនិងក្រៅសកលលោក។ សិល្បករ សុទ្ធសុវណ្ណគង់ មិនសូវចូលចិត្តទិញគ្រឿងឧបករណ៍គំនូរនោះទេ គាត់ភាគច្រើនប្រើ ច្រាសដុសធ្មេញចាស់ៗ ម្រាមដៃគាត់ ជាមួយនិង ខ្នុរ ស៊ីម៉ង់ត៍ និង ដីដើម្បីគូរទៅវិញ។ ឃើញទេ! បើយើងចង់គូររូប មិនមែនមានន័យថាយើងត្រូវមានគ្រឿងឧបករណ៍ឡូយៗ ឬចំណាយលុយច្រើនអីនោះទេ ។

មើលទៅ ក្នុងគំនូររបស់គាត់មួយនេះ ពណ៌សូកូឡា ដូចដី ពិតជាបង្ហាញពី ទំនាក់ទំនងរបស់គាត់ជាមួយធម្មជាតិ និង ទម្រង់លំនាំធរណីមាត្រលើសកលលោកយើង។

ស្នាដៃរបស់សុទ្ធសុវណ្ណគង់មើលទៅដូច ផុសចេញពីភាពយន្តវិទ្យាសាស្រ្ត ឥឡូវមានស្នាដៃរបស់ សៀងហៃនេះ ព្រាបដូចជា ផុសចេញពី អនាគតកាល អីចឹង!​

រូប “ស្រកា (Scales)” ដោយ ចាងសៀងហៃ
រូប “ទំហំ SX (Size SX)” ដោយ ចាងសៀងហៃ
រូប “ភីនធ័រេស៎ (Pinterest)” ដោយ ចាងសៀងហៃ

ចាង​សៀងហៃជាសិល្បករ ម្នាក់ដែលមានភាពល្បីល្បាញចំពោះវិធីសាស្រ្តសិល្បៈប្លែកៗ មានការផ្គុំចូលគ្នានូវ ខ្សែផ្លាស្ទិច ស្បៃធ្វើមកពីសូត្រ ឫស្សី និង ពូកជាដើម។ បើមើលពី​ចម្ងាយ “ស្រកា” មើលទៅ ដូចជាឈុតមួយសម្រាប់អ្នកបង្ហាញម៉ូតស្លៀកយ៉ាង អស្ចារ្យ ប្លែកគេ ហើយ ពេលមើលជិត កាន់តែប្លែកព្រោះ នឹងឃើញថា មានស្រកាពេញរ៉ូបនេះ ដែលសិល្បករសៀងហៃបានដេរភ្ជាប់ដោយដៃផ្ទាល់។

គ្មានចំណងជើង (Untitled)” ដោយ ស៊ីនម៉ានី
គ្មានចំណងជើង (Untitled)” ដោយ ស៊ីនម៉ានី
គ្មានចំណងជើង (Untitled)” ដោយ ស៊ីនម៉ានី

សំរាប់ម៉ានីវិញ គាត់បានសម្រាច់ចិត្តបង្កើត ស្នាដៃដោយរក្សាលក្ខណៈមិនពេញលេញ គឺថា គាត់មិនយករូបដែលបានគូររួចយកទៅផ្តិតលើផ្ទៃអ្វីផ្សេងតាមវិធីសាស្រ្តឡើយ គាត់ធ្វើបែបនេះ គឺចង់ឲ្យតម្លៃដល់ ស្នាដៃដែលមានដើមកំណើតផ្ទាល់ឥតយកលំនាំតាមគេ និងតម្លៃនៃការផ្លាស់ប្តូរប្រែប្រួលតាមខ្លួនឯង មិនបាច់ធ្វើតាមអ្នកដទៃទេ។ មុននឹងអាចធើ្វវាបាន ម៉ានីបានសិក្សាពីបែបបទផ្ដិតរូបអស់រយៈពេលបីបួនខែមកហើយ!

តាមរយៈស្នាដៃទាំងនេះ ម៉ានីចង់បង្ហាញពីតម្រូវការរបស់មនុស្ស ទំនាក់ទំនងរវាងមនុស្សជុំវិញខ្លួន និង ក្នុងសង្គមផងដែរ។ ក្នងស្នាដៃពីរដែលមានពណ៌ក្រហមនិងមានពណ៌ខៀវខាងលើនេះ គាត់បាននឹករលឹកដល់គ្រួសាររបស់គាត់ ដោយប្រើពណ៌ ក្រហម និង ខៀវ តំណាងឲ្យស្ត្រីនិងបុរសក្នុងគ្រួសារ។

ចំពោះស្នាដៃ ផ្ទាំងគំនូរទាំងនេះ ខ្ញុំមើលមួយភ្លែត ដំបូងគិតថារូបពណ៌ខៀវវ តំណាងឲ្យ មរណភាពនិងសេចក្តីស្លាប់ព្រោះ រូបគូរមើលទៅដូចជា ដើមឈើមួយដែលស្ងួតស្រពោនអស់ ទៅគ្មានជីវិតសោះ រីឯ រូបពណ៌ ក្រហមតំណាងឲភាពមានជីវិត ដោយសាររូបមើលទៅដូចមានទ្វារបើកចំហឲ្យមានពន្លឺជីវិតចូលមក។ ហើយចុះអ្នកទាំងអស់គ្នាវិញ មានគំនិតយ៉ាងណាដែរ?

ពីខាងឆ្វេងទៅស្តាំ KWN 23 (សូ សុទ្ធសុវណ្ណគង់), ស៊ីនម៉ានី និង ចាង​ សៀងហៃ ពីក្រុម H O M E L E S S

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Lita Theng