គ្រូ​បង្វឹក​​​​​​ ចាន់ រតនា ថា​​កូនសិស្ស​ត្រៀម​បាន​ល្អ​ណាស់​មុន​ជួប​ជើង​ខ្លាំង​​គុយ​បា​ Gustavo Balart

  • 2019-08-05 03:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​​Lorenzo Lanzafame ​ដែល​ជា​គ្រូ​បង្វឹក​ ចាន់ រតនា ​​តែង​តែ​ដឹក​នាំ​​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE CHAMPIONSHIP ​នោះ​​​​​បាន​និយាយ​ថា ​កូន​សិស្ស​របស់​ខ្លួន​​​​​​​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​មុន​ជួប​​​កីឡាករ​គុន​ចម្រុះ​ជើង​ខ្លាំង​ Gustavo Balart នា​ថ្ងៃ​ទី​ ​១៦ សីហា ​នៅ​សង្វៀន​ ONE :DREAMS OF GOLD ​នៅ​ក្រុង​បាងកក។

​​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​​​​​បន្ត​​ថា​ ​ចាន់ រតនា ​កំពុង​ផ្ដោត​អារម្មណ៍​លើ​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ ហើយ​ គ្រួ​សារ​របស់​គេ​ ​និង​ អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ ​ដូច្នេះ​​ម្ចាស់​ក្លិប​ «សិល្បៈ» ​​ខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​បំផុត​​ដើម្បី​​​ដណ្ដើម​ជ័យជម្នះ​ជា​ការ​តប​ស្នង។​

គ្រូ​បង្វឹក​ដដែល​បញ្ជាក់​បែប​នេះ៖« ​រតនា ​និង ក្រុម​​គ្រូ​បង្វឹក​​​បាន​ខិតខំ​យ៉ាង​ខ្លាំងក្លា​​ក្នុង​គោល​បំណង​ប្រជែង​យក​​ជើង​ឯក​លំដាប់​ពិភព​លោក​​សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​មុខ។ ​យើង​មិន​ត្រឹម​តែ​ប្រកួត​ដើម្បី​​ជ័យជម្នះ​ទេ​ ប៉ុន្តែ ​​​​យើង​ចង់​ឲ្យ​ ចាន់ រតនា ​ក្លាយ​ជា​​កីឡាករ​​គុន​ចម្រុះ​កម្ពុជា​ដំបូង​​ឈ្នះ​​​​ខ្សែ​ក្រវាត់​ពិភព​លោក​ World Champion។ ​គេ​​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខក​ចិត្ត​ឡើយ​ ហើយ​ គេ​នឹង​ប្រកួត​ដើម្បី​មោទនភាព​កម្ពុជា»។

ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា​​ធ្វើ​បាន​ល្អ​ដោយ​ឈ្នះ​ ២ ​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE ​នា​​​ពេល​កន្លង​មក​លើ​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​​​ឥណ្ឌូណេស៊ី។​ ​រតនា​ វ៉ៃ​ Abrou Fernandes ​​ឲ្យ​ចុះ​ចាញ់​ កាល​ខែ ធ្នូ​ ឆ្នាំ​ ២០១៨ ​និង​ បំបាក់​​កីឡាករ Rudy Agustian ​នា​ដើម​ខែ ឧសភា​ ឆ្នាំ​ ២០១៩ នេះ។​ ​បើ​សិន​ រតនា អាច​ឈ្នះ​ Gustavo Balart​ ទៀត​ នោះ​នឹង​ក្លាយ​ជា​កីឡាករ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​អាច​​ឈ្នះ​ ៣ លើក​ជាប់​​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE។

ដើម្បី​សម្រេច​បាន​លទ្ធផល​ជូន​​មាតុ​ភូមិ​ និង​ អ្នក​គាំទ្រ​នៅ​កម្ពុជា​ អ្នក​លេង​គុន​ចម្រុះ​វ័យ​​៣៣ ​ឆ្នាំ​ខំ​ធ្វើ​​ការ​យ៉ាង​ដិត​ដល់​ ​ជា​ពិសេស​​​​​ការ​ប្រកួត​លើក​​នេះ​ត្រូវ​​តែ​ល្អ​ជាង​ការ​ប្រកួត​កន្លង​ទៅ។ ​គ្រូ​បង្វឹក​ Lorenzo ​គូស​បញ្ជាក់​បែប​នេះ​៖«​​រតនា ​បាន​ហ្វឹកហាត់​ ជីជិតស៊ូ ​នៅ H/art Academy ហើយ​គេ​​ទទួល​បាន​ក្បាច់​ថ្មីៗ​ដ៏​អស្ចារ្យ ​​​ដែល​អាច​ការពារ​លើ​ការ​ចាប់​បោក​ទៅ​ក្ដារ​រេញ ​ប៉ុន្តែ​ អាច​បញ្ចប់​គូ​ប្រកួត​ទៀត​ផង។ ​សូម​អរគុណ​ដល់​គ្រូ​បង្វឹក​ ខូវ វិវឌ្ឍនា ​ ដែល​ធ្វើ​​ឲ្យ​ រតនា​ ​មាន​ទំនុក​ចិត្ត និង ​មិន​ភ័យ​ខ្លាច។ ​ក្នុង​នោះ​​​ មាន​គ្រូ​​បង្វឹក​ជីជិត​ស៊ូ​ ​ពី ​LLFitness​ ដូច​ជា​ Sov និង Charles ​ដែល​ធ្វើ​ឲ្យ​ រតនា កើន​​​​កម្លាំង​ខ្លាំង ​ មាន​ភាព​អំណត់ ​និង​ ​ថាមពល​ខ្លាំង​ដើម្បី​បញ្ចប់​គូ​ប្រកួត»។ ​លើស​ពី​នេះ រតនា ​ក៏​​ទទួល​ការ​​បង្ហាត់​ផ្នែក​កម្លាំង​​ពី​​គ្រូ​បង្វឹក​ Jeppe ​ហើយ​ការ​បង្ហាត់​កម្លាំង​​អាច​បញ្ចៀស​​ រតនា ​មិន​​ឲ្យ​​​ទទួល​រង​របួស​ងាយៗ​។

គួរ​រំលឹក​ថា​​​គ្រូ​បង្វឹក​​ Lorenzo ​​និង​ ក្រុម​ការងារ​ LLFitnes បាន​ដើរ​តួច​យ៉ាង​សំខាន់​ដើម្បី ​ជួយ​ពង្រឹង​កម្លាំង​​​កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ​​​​កម្ពុជា ​​ចាន់ រតនា​​ ​ឲ្យ​ទទួល​បាន​ជោគជ័យ​កន្លង​មក។​ ​​ទន្ទឹម​គ្នា​​​នឹង​ការ​ហ្វឹកហាត់​ខ្លាំង​ក្លា​ លោក​ក៏​បាន​កំហិត​លើ​​វិន័យ​ ស្មារតី ​និង​ ​របប​អាហារ​ញុំា​​យ៉ាង​ត្រឹម​ត្រូវ​ផង​ដែរ។ ​​ក្នុង​នោះ​ កីឡាករ​ ចាន់ រតនា ខ្លួន​​ឯង​ក៏​មាន​ឆន្ទៈ​ដើម្បី​ហាត់​ពត់​ខ្លួន​​ឯង​ដែរ៕

អត្ថបទ៖ ស៊ី ធី

អត្ថបទថ្មី