កម្ពុជា ​មាន​កីឡា​ ៩​ប្រភេទ ​រំពឹង​ខ្ពស់​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​

  • 2019-08-20 02:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ក្រសួង​អប់រំ ​បាន​កំណត់​៣០​ប្រភេទ​កីឡា​សម្រាប់​ស៊ីហ្គេម​ លើក​ទី​៣០ ​នៅ​ប្រទេស​ហ្វីលីពីន ចុង​ឆ្នាំ​២០១៩ ​នេះ​រួច​ជា​ស្រេច​ហើយ។

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​បាន​កំណត់​យក​៣០​ប្រភេទ​កីឡា ​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​មេដាយ ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍ ​ស៊ីហ្គេម ​លើក​ទី​៣០ ​នៅ​ប្រទេស​ហ្វីលីពីន​ នា​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ វ៉ាត់ ចំរើន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍ ​និង​ជា​អគ្គ​លេខា​ធិការ​គណៈកម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួល​បន្ទុក​នាយ​បេសកកម្ម​ស៊ី​ហ្គេម។

៣០​ប្រភេទ​កីឡា​នេះ ​មាន​អត្តពលិក​សរុប​៤០០​នាក់​។ ដោយ​៤០០​នាក់​នេះ ​គឺ​កីឡាករ​ ១៨៨​នាក់​ និង​កីឡា​ការិនី ​៧១​នាក់ ថ្នាក់​ដឹក​នាំ​ និង​មន្ដ្រី​កីឡា​ ៤២នាក់, ​អ្នក​ដឹកនាំ​ក្រុម​ ២៩​នាក់​ ក៏​ដូច​ជា​គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ ​៦៣​នាក់​ រួម​ទាំង​អាជ្ញា​កណ្ដាល​ ៧​នាក់ ​សរុប​គឺ​មាន​ចំនួន​ ៤០០​នាក់។ ​

ក្នុង​ចំណោម​៣០​ប្រភេទ​កីឡា​ដែល​ទៅ​ប្រកួត​ស៊ីហ្គេម​នេះ ​កម្ពុជា​មាន​៩​ប្រភេទ​កីឡា​ដែល​ចាត់​ទុក​ថា​មាន​សក្ដានុពល​តេក្វាន់ដូ​ WT ​ប៉េតង់​ ជឺជីតស៊ូ​ ប្រដាល់​គុន​ខ្មែរ ​សីដក់ ​ប្រដាល់​សកល​ វាយ​កូន​បាល់​ ល្បុក្កតោ​និង​ចំបាប់។ ​ប្រភេទ​កីឡា​ប្រជាប្រិយ៍ ​រួម​មាន៖ ​បាល់​ទះ​លើ​ក្តារ ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ បាល​ទាត់ ​U22 ​និង​បាល់​បោះ។

ប្រភេទ​កីឡា​ចាំ​បាច់​ ចំនួន​១៥ ​រួមមាន​៖ ​អត្តពលកម្ម​ ហែលទឹក​ កាយ​សម្ព័ន្ធ​ វាយ​កូន​ឃ្លី​លើ​តុ​ វាយ​សី ​ប្រណាំង​ទោចក្រយាន​ គុនដាវ​ វាយ​កូនគោល​ ទូកក្តោង​ ការ៉ាតេ​ យូដូ​ ទ្រីយ៉ាត្លុង​ កីឡា​រាំ​ សូហ្វ​តិន្នីស​ ទូក​ប្រពៃណី-​កានូ ​ឃិក​បុក​ស៊ីង។​ ចំពោះ​ប្រភេទ​កីឡា​ក្រៅ​ការ​ប្រមូល​ផ្តុំ ​មាន​២​ប្រភេទ​កីឡា គឺ​កីឡា​អេឡិច​ត្រូនិក​ (E-Sport​) ​និងហុកគី។ ​ព្រឹត្តិការណ៍​កីឡា ​ស៊ីហ្គេម ​នៅ​ប្រទេស​ហ្វីលីពីន​ គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ប្រកួត​ផ្លូវការ​ ​ពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៩៕

អត្ថបទ៖ ប្រុស យុទ្ធ