ពិត​មិន​ធម្មតា ឡេង ណាវ៉ាត្រា ចាយ​ច្រើន​ជាង ១០ម៉ឺន​ដុល្លារ នាំ ព្រាប សុវត្ថិ និង​តារា​ខ្មែរ​ជា​ច្រើន​ទៅ​កូរ៉េ

  • 2019-09-12 08:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​លេង​ធំ​ម្ដង​ទៀត ដោយ​បាន​ចាយ​ទុន​ប្រមាណ​ជាង ១៤ ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​នាំ​យក​លោក ព្រាប សុវត្ថិ និង​តារា​ចម្រៀង​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​នាក់​ទៅ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​កូរ៉េ​ជា​ថ្មី។

ការ​ប្រគំ​តន្ត្រី​ធំ​នោះ គ្រោង​ធ្វើ​នៅ​ឡើង​នៅ​ក្រុង​អាន់សាន់ នា​ថ្ងៃ​ទី១៣ ខែ​កញ្ញា​ស្អែក​នេះ ដោយ​ការ​ប្រគំ​តន្ត្រី​លើក​នេះ គឺ​លោក​នឹង​ធ្វើ​ឲ្យ​កក្រើក​តែ​ម្ដង។ ដូច្នេះ​ហើយ ទើប​លោក​បាន​ចំណាយ​ប្រាក់​ក្នុង​តួលេខ​ដ៏​ខ្ពស់ នាំ​យក​តារា​កំពូល​ៗ​របស់​កម្ពុជា ក្នុង​នោះ​ក្រៅ​ពី​លោក ព្រាប សុវត្ថិ គឺ​មាន​ប្រុសទាំង៣ របស់​លោក តារា​ថោន គូម៉ា លោក ខេម និងក្រុមរាំ កញ្ញា អ៊ីវ៉ា កវី​និពន្ធ​ យឹម តាស្រង់ ក្រុម​ចចក​សមុទ្រ លោក ប៉ែន ចំរ៉ុង បូក​ទាំង​ក្រុម​ការងារ សរុប​ប្រមាណ​ជាង​៥០​នាក់។

តារា​ទាំង​នេះ នឹង​បើក​ឆាក​សម្ដែង​ជា​ទ្រង់​ទ្រាយ​ធំ ព្រោះ​តែ​មាន Live Band វង់​ភ្លេង​ចចក​សមុទ្រ ក្លាយ​ជា​វង់​តន្ត្រី​លេង​ផ្ទាល់​ជា​លើក​ទី១ សម្រាប់​ក្រុម​តារា​ខ្មែរ​តាំង​ពី​ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ។

លោក ព្រាប សុវត្ថិ រៀម​ច្បង​ក្នុង​ក្រុម បាន​ថ្លែង​ថា ពិត​ជា​មោទកភាព​យ៉ាង​ខ្លាំង ដែល​លោក និង​តារា​សិល្បៈ​របស់​ខ្មែរ ទាំង​អស់ ត្រូវ​បាន​ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​បុរី ឡេង ណាវ៉ាត្រា ធានា​យក​ទៅ​សម្ដែង ក្នុង​កម្មវិធី​ដ៏​ធំ​បែប​នេះ នៅ​ក្នុង​ប្រទេស​កូរ៉េ។ លោក យល់​ថា អតីត​ពលករ​នៅ​កូរ៉េ​រូប​នេះ មាន​ឆន្ទៈ ក្នុង​ការ​បង្កើត​ភាព​សប្បាយ​រីក​ដល់​បង​ប្អូន​ពលករ មុន​រដូវ​ភ្ជុំ​បិណ្ឌ​មក​ដល់ ទើប​ហ៊ាន​ចំណាយ​ខ្ពស់​មិន​នឹក​ស្មាន​បែប​នេះ។

ធ្វើ​បែប​នេះ លោក​បន្ត​ទៀត​ថា ម្ចាស់​ឧបត្ថម្ភ ចង់​កាត់​បន្ថយ​អារម្មណ៍​នឹក​ផ្ទះ នឹក​ស្រុក​កំណើត​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ ដែល​ខកខាន​មក​លេង​ស្រុក មក​ជួប​ជុំ​ក្រុម​គ្រួសារ​នា​ឱកាស​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​របស់​ជាតិ​នេះ។ ដូច្នេះ​ហើយ លោក និង​សិល្បករ​ផ្សេង​ទៀត ក៏​បាន​ត្រៀម​ខ្លួន​រួច​ដូច​គ្នា ក្នុង​ការ​នាំ​យក​បទ​ចម្រៀង​ល្បី​ៗ ពេញ​និយម​រៀង​ខ្លួន​ទៅ​ច្រៀង​ចែក​ជូន​បង​ប្អូន​ពលករ​ខ្មែរ​នៅ​កូរ៉េ​បាន​ស្ដាប់​កម្សាន្ត។

តារា​ចម្រៀង​ហង្សមាស ប្រាប់​ទៀត​ថា​អំឡុង​ពេល​នេះ ​នៅ​កូរ៉េ​អាកាស​ធាតុ​អំណោយ​ផល ពោល​គឺ​មិន​សូវ​ត្រជាក់​ខ្លាំង​ឡើយ ហើយ​ការងារ​ក៏​មិន​សូវ​ជា​មមាញឹក​ខ្លាំង​ទៀត ទើប​​រាប់​ទុក​ថា នេះ​ជា​ឱកាស​មាស សម្រាប់​អ្នក​រស់​នៅ​ទី​នោះ ដើម្បី​ទទួល​យក​ការ​សប្បាយ​នានា ជាមួយ​តារា​ចម្រៀង​ខ្មែរ ដែល​ត្រៀម​នឹង​ផ្ដល់​ជូន​ពួក​គេ​នៅ​ថ្ងៃ​ស្អែក​នេះ៕

អត្ថបទ៖ ទារិកា