រំភើប! ដើម្បីរកសិស្សលំបាកពិតប្រាកដទទួលអាហារូបករណ៍ អេសស៊ីជី សុខចិត្តដើរគ្រប់ច្រកល្ហកជុំវិញកម្ពុជា

  • 2019-09-16 07:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុគ្គលិក​លើស​ពី ៣០​នាក់ មក​ពី​ក្រុមហ៊ុន អេស​ស៊ី​ជី ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​អាស៊ាន​ក្នុង​វិស័យ​សំណង់ បាន​ធ្វើ​ដំណើរ​ជុំ​វិញ​​កម្ពុជា ដើម្បី​ជួប​សួរ​សុខ​ទុក្ខ​សិស្ស​លើស​ពី ៥០០​នាក់ និង​ចែក​រំលែក​ឱកាស​សិក្សា​ពី​កម្មវិធី “អាហារូបករណ៍​ចែក​រំលែក​ក្តី​សុបិន” លើក​ទី​៦ ។

លោក ម ផុរា ដែល​ជា​បុគ្គលិក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន អេសស៊ីជី​ បាន​មាន​លើក​ឡើង​ថា៖ « អេស​ស៊ី​ជី តែង​តែ​ជឿ​ជាក់​ថា​ការ​អប់រំ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ប្រកប​ដោយ​និរន្តរភាព​។ មិន​ត្រឹម​តែ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិក​នៃ​ក្រុមហ៊ុន អេស​ស៊ី​ជី ទាំង​អស់​សុទ្ធ​តែ​មាន​ទស្សនវិស័យ​ដូច​គ្នា។ វា​បាន​ជំរុញ​ទឹក​ចិត្ត​ឱ្យ​យើង​ទាំង​អស់​គ្នា​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ជា​ក្រុម​ដើម្បី​ចុះ​សួរ​សុខ​ទុក្ខ​សិស្ស​ដល់​ផ្ទះ​ជាង ៥០០​នាក់ រៀង​រាល់​ឆ្នាំ»។

លោក​បន្ត​ថា៖ «យើង​បាន​ធ្វើ​ដំណើរ​ជុំវិញ​​កម្ពុជា​ដើម្បី​ស្វែង​រក​សិស្ស​ដែល​ជួប​ទុក្ខ​លំបាក និង​ត្រូវ​ការ​ជំនួយ​អាហារូបករណ៍​បំផុត​ ដើម្បី​បន្ត​ការ​សិក្សា​កាន់​តែ​ប្រសើរ នោះ​មាន​ន័យ​ថា​មាន​ឱកាស​កាន់​តែ​ច្រើន​ផង​ដែរ​សម្រាប់​ពួក​គាត់​​បម្រើ​ដល់​ប្រទេស​ជាតិ»។

កញ្ញា លក្ខិណា ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន អេស​ស៊ី​ជី ដែល​បាន​ចូល​រួម​នូវ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ​អស់​រយៈ​ពេល​ជាង ៥ ឆ្នាំ​មក​ហើយ បាន​ឲ្យ​ដឹង​ថា​៖ « នៅ​ក្រុមហ៊ុន អេស​ស៊ី​ជី យើង​មាន​វិធីសាស្ត្រ​ផ្សេង​គ្នា​ក្នុង​ការ​ជ្រើសរើស​សិស្ស​អាហារូបករណ៍​។ យើង​មិន​ផ្ដោត​តែ​ទៅ​លើ​សិស្ស​ដែល​មាន​ការ​សិក្សា​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​អត្តចរិត អាកប្ប​កិរិយា​ល្អ និង​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ដល់​សង្គម​ផង​ដែរ»។

« ការ​ជួប​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​ និង​បាន​ឃើញ​ផ្ទាល់​ពី​ស្ថានភាព​រស់​នៅ​របស់​ពួក​គាត់​ធ្វើ​ឱ្យ​យើង​យល់​ច្បាស់​ពី​ស្ថានភាព​រស់​នៅ​ជាក់​ស្ដែង​របស់​ពួក​គាត់ ដែល​គាត់​ពិត​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​មាន​ឱកាស​ក្នុង​ការ​សិក្សា​ឱ្យ​បាន​ល្អ​ប្រសើរ​ពិត​ប្រាកដ​មែន»។ កញ្ញា​បញ្ជាក់​បន្ថែម។

អេស​ស៊ី​ជី បាន​បង្កើត​កម្មវិធី អេស​ស៊ី​ជី ចែក​រំលែក​ក្តី​សុបិន​នេះ​អស់​រយៈពេល ៥ ឆ្នាំ​រួច​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ ២០១៤​ មក​ម្ល៉េះ។ អេស​ស៊ី​ជី មាន​គម្រោង​នៅ​តែ​បន្ត​នូវ​កម្មវិធី​អាហារូបករណ៍​នេះ​នៅ​​កម្ពុជា​ក្នុង​រយៈពេល​ដ៏​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត ដូច្នេះ​សិស្សានុសិស្ស​កម្ពុជា​អាច​សម្រេច​នូវ​ក្តី​សុបិន​សម្រាប់​អនាគត​ដ៏​ប្រសើរ​របស់​ពួក​គាត់ ។

«Passion for Better ជា​មាគ៌ា​របស់​ អេស​ស៊ីជី ​ដែល​មិន​មែន​អនុវត្ត​តែ​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​សម្រាប់​សង្គម និង​សហគមន៍​ដែល​យើង​ដំណើរ​ការ​ផលិតកម្ម។ យើង​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ឃើញ​សិស្ស​អាហារូបករណ៍ អេស​ស៊ី​ជី ទទួល​បាន​ជីវិត​ដ៏​ល្អ​ប្រសើរ​ដោយ​គាត់​ទទួល​បាន​នូវ​ឱ​កាស​ក្នុង​ការ​សិក្សា​ដែល​ល្អ​ប្រសើរ»។

ឆ្នាំ ២០១៩ នេះ​ជា​ឆ្នាំ​ទី ៦​ ហើយ​សម្រាប់​កម្មវិធី អេស​ស៊ី​ជី ចែក​រំលែក​ក្តី​សុបិន ដែល​មាន​ការ​សហការ​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​ផ្ដល់​នូវ​អាហារូបករណ៍​ចំនួន​ ២៥០នាក់ សម្រាប់​សិស្ស​វិទ្យាល័យ និង​អាហារូបករណ៍​ថ្នាក់​ឧត្ដម​សិក្សា​ចំនួន ២០​​នាក់​ សម្រាប់​សិស្ស​អតីត​អាហារូបករណ៍ អេស​ស៊ី​ជី​ចែក​រំលែក​ក្តី​សុបិន  ដែល​ និង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នា​នា៕

តោះ!​ មើល​រូប​ភាព​ក្រុម​ការងារ​ អេស​ស៊ីជី ជួប​​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ​សិស្ស​ ៖

អត្ថបទ៖ លីដា