មក​ដឹង​ប្រវត្តិ​ខ្លះៗ​របស់ Miss Global Cambodia 2019 ជ្រើស​រើស​បាន​នៅ​សហរដ្ឋ​អាមេរិក

  • 2019-10-12 04:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Global Cambodia ថ្មី​ៗ​នេះ បាន​ប្រកាស​ពី​បេក្ខភាព​របស់​កម្មវិធី ដែល​ទើប​ជ្រើសរើស​បាន ត្រៀម​ធ្វើ​ជា​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​បន្ត​ក្នុង​កម្មវិធី Miss Global នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិកូ​នា​ខែ​មករា ២០២០ ខាង​មុខ។

Miss Global Cambodia 2019 នេះ គឺ​កញ្ញា Jannie Lam ។ តាម​ទំព័រ Miss Global Cambodia កញ្ញា Jannie មានកំពស់ 165cm កើតនៅ​ទី​ក្រុង Oakland រដ្ឋ California ក្នុង​គ្រួសារតូចមួយ ហើយ​នាង​គឺ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​២នាក់។ ក្រុម​គ្រួសារ​នាង​បាន​ធ្វើ​អន្តោ​ប្រវេសន៍ មក​សហរដ្ឋ​អាមេរិក អំឡុងពេល​កម្ពុជា​មាន​អំពើ​ប្រល័យ​ពូជសាសន៍។

វិល​មក​ការ​អប់រំ​របស់​នាង​វិញ Jannie Lam បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក Theatre Arts ពី​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន Jannie រស់​នៅ​ក្នុង​ទី​ក្រុង Las Vegas រដ្ឋ Nevada ជា​កន្លែង​ដែល​នាង​ធ្វើការ​ផ្នែក​លក់ និងទីផ្សារ​សម្រាប់ MGM Resorts International ប៉ុន្តែ​ក្តី​ស្រមៃ​របស់​នាង គឺ​នាង​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នៅ​ថ្ងៃ​ណា​មួយ។ រំលឹក​ទៅ​កាល​ពី​ឆ្នាំ​២០១៨ Jannie Lam ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត MasterChef រដូវ​កាល​ទី៩ ដោយ​នា​ពេល​នោះ នាង​បាន​ចម្អិន​ម្ហូប​ខ្មែរ តែ​មិន​ទទួល​លទ្ធផល​ល្អ​ទេ ដោយ​ជាប់​ត្រឹមជម្រើស 43 នាក់​ចុង​ក្រោយ។

ដោយ​ស្រឡាញ់​ការ​ប្រជែង​សមត្ថភាព ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ក្នុង​ឆាក​ជីវិត ក្រោយ​មក​ទៀត Jannie ក៏បានចូលរួមប្រកួត Miss Asian North America ជា​ថ្មី ដោយ​ពេល​នោះ នាង​ជាប់ជ័យលាភីរង 3rd runner up និងក្លាយជា Ms. Asian Las Vegas និង​ថែម​ទាំង​បាន​ ទទួល​រង្វាន់​កិត្តិយស Miss People’s Choice ទៀត​ផង។

រូបភាព៖ ទំព័រ​ហ្វេសប៊ុក Miss Global Cambodia

តាម​ផែន​ការ Miss Global Cambodia 2019 កញ្ញា Jannie Lam នឹង​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ការងារ​សប្បុរស​ធម៌​មួយ​ចំនួន​នៅ​កម្ពុជា មុន​ត្រឡប់​ទៅ​អាមេរិក​វិញ ដើម្បី​តំណាង​កម្ពុជា​ប្រកួត Miss Global នៅ​ម៉ិកស៊ិកូ​ដើម​ឆ្នាំ ២០២០៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម