៧តិកនិកហ្វឹកហាត់ខ្លួនឲ្យបានល្អ ត្រៀមសម្រាប់ការប្រកួតម៉ារ៉ាតុងចុងឆ្នាំនេះ រត់សប្បាយសុខភាពក៏ល្អ

  • 2019-11-05 08:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វឹកហាត់ម៉េចខ្លះដើម្បីក្លាយជាអ្នករត់ដ៏ពូកែ ? ពិតណាស់ការប្រកួតម៉ារ៉ាតុងត្រូវរត់យ៉ាងតិច ៣គីឡូម៉ែត្រ បើចេះរត់ត្រឹមត្រូវ វាល្អចំពោះសុខភាព ហើយរត់បានសប្បាយចិត្តទៀត។ ហេតុនេះអ្នកគួរតែត្រៀមខ្លួន ឬហ្វឹកហាត់ជាមុនឲ្យបានល្អ។

បើមានចំណាប់អារម្មណ៍ចង់ចូលរួមរត់ម៉ារ៉ាតុងនៅខេត្តសៀមរាបចុងឆ្នាំនេះ ហើយចង់រត់ឲ្យសប្បាយស្រួលខ្លួននោះ អ្នកអាចមើលតិកនិក និងវិធីសាស្ត្រនៃការហ្វឹកហាត់ខាងក្រោមនេះ ៖

១. កំណត់គោលដៅឲ្យបានជាក់លាក់

កំណត់ចំនួនគីឡូម៉ែត្រដែលអ្នកវឹកហាត់ឲ្យបានត្រឹមត្រូវ ប្រសិនបើរត់លើសកំណត់ ឬហួសពីកម្លាំងនោះនឹងធ្វើឲ្យអ្នកមានរបួសជាក់ជាមិនខាន។ តួយ៉ាងចាប់ផ្ដើមរត់យឺតៗសិន ដើម្បីឲ្យរាងកាយមានភាពស៊ាំ និងសម្របទៅតាមកាយវិការដែលងាយស្រួលក្នុងការរត់។

២. រត់ឡើងជ្រលងភ្នំ ឬដីទួល

អ្នករត់ភាគច្រើនមិនសូវចូលចិត្តរត់ឡើងជ្រលងភ្នំ ឬដីទួលនោះទេព្រោះវាធ្វើឲ្យឆាប់ហត់។ ប៉ុន្តែប្រសិនបើអ្នកហ្វឹកហាត់រាល់ថ្ងៃសន្សឹមៗ វានឹងជួយឲ្យសាច់ដុំជើងរបស់អ្នកកាន់តែមានភាពរឹងមាំ ហើយពង្រឹងស្មារតីអំណត់អត់ធន់របស់អ្នកឲ្យកាន់តែប្រសើរ។

៣. បោះដៃទៅមុខលឿននៅពេលរត់

ការធ្វើចលនាដៃរបស់អ្នកកាន់តែលឿននឹងធ្វើឲ្យជើងរបស់អ្នកធ្វើចលនាកាន់តែលឿនជាងមុន។

៤. រត់លើម៉ាស៊ីនហាត់ប្រាណ

រត់លើម៉ាស៊ីនហាត់ប្រាណក៏ជាជំនួយមួយយ៉ាងល្អ ក្នុងការបង្កើនល្បឿនឲ្យកាន់តែលឿន។ ម៉្យាងទៀតអ្នកអាចស្វែងយល់ពីកាយវិការដែលអ្នកគិតថាសមស្របនឹងខ្លួនប្រាណអ្នក។

៥. ព្យាយាមបន្ថែមល្បឿន

ការវឹកហាត់ដែលល្អនៅចន្លោះពេលដ៏ខ្លី គឺបន្ថែមល្បឿននៃការរត់យ៉ាងលឿនរយៈពេលពីរនាទីបន្ទាប់មកដើរបន្តិច។ ធ្វើបែបនេះម្ដងហើយម្ដងទៀតរាងកាយនឹងមានការរីកចម្រើនកាន់តែលឿន។

៦. ពត់ដៃពត់ជើងមុន និងក្រោយពេលរត់

មុន និងក្រោយពេលរត់ ការពត់ដៃពត់ជើងធ្វើឲ្យខ្លួនប្រាណកាន់តែរហ័សរហួន។ ម៉្យាងទៀត បើទោះបីជាអ្នកមិនបានទៅហ្វឹកហាត់ក៏ដោយ ក៏ត្រូវតែពត់ខ្លួនឲ្យបានជាប្រចាំដែរ ព្រោះដើម្បីបង្កើនប្រវែងជំហាន និងជួយការពារកុំឲ្យមានរបួស។

៧. សម្រាកយកកម្លាំង

ជិតដល់ថ្ងៃប្រកួត អ្នកគួរតែសម្រាកដើម្បីកុំឲ្យសាច់ដុំមានការឈឺចាប់។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាឈឺចុកចាប់សាច់ដុំពេលមិនបានហ្វឹកហាត់នោះ អ្នកអាចបែរមកហ្វឹកហាត់តាមបែបងាយៗដូចជា៖ ការដើរ ហែលទឹក ជិះកង់ ឡើងភ្នំ ធ្វើយូហ្គា លើកដុំដែក និងលំហាត់ប្រាណផ្សេងៗទៀតដែលមិនសូវធ្វើឲ្យអ្នកបាក់កម្លាំង៕

អត្ថបទដកស្រង់ចេញពី ៖

STACK

CELLUCOR

EXPERT ADVICE

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី