ឡានអគ្គិសនីដំបូងរបស់​ Lexus បង្ហាញមុខសាកមួយពេញជិះបាន ៤០០ គីឡូម៉ែត្រ

  • 2019-11-25 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Guangzhou Auto Show ក្នុង​ប្រទេស​ចិន ក្រុមហ៊ុន Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​របស់​ខ្លួន​​ជា​ផ្លូវ​ការ ដែល​វា​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​សម្រាប់​លក់​លើ​ទីផ្សារ។

រថយន្ត​អគ្គិសនី​នេះ​គឺ​ផលិត​ដោយ​ផ្អែក​លើ​រូបរាង​របស់ Lexus UX ចេញ​កាល​ពី​ឆ្នាំ​មុន ដែល​វា​មាន​ឈ្មោះ​ថា​ Lexus UX 300e ដែល​រូបរាង​របស់​វា​គឺ​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង Lexus UX ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង។

​​Lexus UX 300e ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន​ ២០១ សេះ ដែល​វា​បាន​ថាមពល​ពី​អាគុយ​ដែល​មាន​ចំណុះ ៥៤,៣ គីឡូវ៉ាត់​ម៉ោង។ អាគុយ​នេះ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ ៤០០ គីឡូម៉ែត្រ ពេល​សាក​បំពេញ​ម្ដង។

ដោយ​សារ​មាន​​បំពាក់​​អាគុយ​នេះ ទម្ងន់​របស់​ Lexus UX 300e មាន​រហូត​ដល់ ១ ៩០០ គីឡូក្រាម ដែល​ធ្ងន់​ជាង​ UX ធម្មតា​ប្រមាណ ៤០០ គីឡូក្រាម។ ហេតុ​នេះ​ហើយ Lexus បាន​ធ្វើ​ការ​កែ​សម្រួល​បូម​លើ​រថយន្ត​ដើម្បី​អាច​គ្រប់គ្រង​លំនឹង​បាន​ល្អ​ជាង​មុន។

បន្ថែម​ពី​នេះ Lexus UX 300e មាន​ភ្ជាប់​នូវ​កម្មវិធី​ទូរសព្ទ​មួយ ដែល​អ្នក​បើកបរ​អាច​ត្រួត​ពិនិត្យ​ស្ថានភាព​នៃ​ការ​សាក​ថ្ម រយៈ​ចម្ងាយ​ដែល​អាច​ជិះ​បាន​ទៅ​មុខ​ទៀត និង​អាច​បញ្ជា​ពី​ចម្ងាយ​​លើ​ម៉ាស៊ីន​ត្រជាក់ ​និង​កៅអី​កម្ដៅ​ជា​ដើម។ Lexus UX 300e នឹង​លក់​នៅ​ចិន​ និង​អឺរ៉ុប​នៅ​ឆ្នាំ ២០២០ ហើយ​នៅ​ជប៉ុន​ចាប់​ផ្ដើម​លក់​នៅ​ដើម​ឆ្នាំ ២០២១៕​​

ចុចអាន ៖ បណ្ដុំរូបភាពឡានភីកអាប់ Tesla មិនប្រើប្រេងសាំង

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង