ពេលនេះ Apple លក់នាឡិកា បានច្រើនជាងឧស្សាហកម្មនាឡិកាស្វីសទាំងមូល

  • 2020-02-06 02:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch មិន​ត្រឹម​តែ​​​ជា​តែ​នាឡិកា​ដៃ​វៃ​ឆ្លាត​ដែល​លក់​ដាច់​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៩ នោះ​ទេ ប៉ុន្តែ​​​ក៏​អាច​លក់​បាន​​លើស​ឧស្សាហកម្ម​នាឡិកា​ស្វីស​ទាំង​មូល​ផង​ដែរ។ នេះ​បើ​តាម​ទិន្នន័យ​ថ្មី​ប៉ាន់​ស្មាន​ដោយ​​ក្រុមហ៊ុន​ស្រាវជ្រាវ Strategy Analytics។

របាយការណ៍​បាន​ប៉ាន់​ស្មាន​ថា​ Apple អាច​លក់​ Apple Watch បាន​ជិត ៣១ លាន​គ្រឿង​នៅ​ឆ្នាំ ២០១៩ ដែល​កើន​ឡើង​ ៣៦% ធៀប​នឹង​ឆ្នាំ​មុន។ ចំណែក​ឧស្សាហកម្ម​នាឡិកា​​របស់​ស្វីស​ទាំង​មូល ដែល​មាន​រួម​បញ្ចូល​​ម៉ាក​ដូច​ជា​ Swatch និង TAG Heuer អាច​លក់​ចេញ​បាន​ប្រមាណ ២១,១ លាន​គ្រឿង ធ្លាក់​ចុះ ១៣%។

SA បាន​សរសេរ​ដូច​នេះ​ថា ៖ "ក្រុមហ៊ុន​ផលិត​នាឡិកា​ស្វីស​ដូច​ជា​ Swatch និង Tissot កំពុង​ចាញ់​សង្គ្រាម​នាឡិកា​វៃ​ឆ្លាត។ Apple Watch ​អាច​លក់​ចេញ​បាន​ប្រសើរ​ជាង​តាម​រយៈ​ភ្នាក់ងារ​លក់​រាយ​ជា​ច្រើន ហើយ​ទាក់ទាញ​អតិថិជន​ក្មេងៗ​បាន​ច្រើន ដែល​ពួក​គេ​កាន់​តែ​ចង់​បាន​នាឡិកា​ដៃ​ឌីជីថល។"

Apple បាន​នាំ​មុខ​​ឧស្សាហកម្ម​នាឡិកា​ស្វីស​ជា​មួយ Apple Watch របស់​ខ្លួន​​កាល​ពី​អំឡុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៧ ប៉ុន្តែ ២០១៩ គឺ​ជា​លើក​ដំបូង​ដែល Apple លក់​នាឡិកា​បាន​ច្រើន​ជាង​ឧស្សាហកម្ម​នាឡិកា​ស្វីស​គិត​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី