អាជ្ញាធរជាតិអប្សរាបានរកឃើញជើងទ្វារបាលនៅប្រាសាទទន្លេស្ងួត ក្រោយពីរកឃើញដងខ្លួនកាលពី៣ឆ្នាំមុន

  • 2020-02-11 03:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួត នៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមផេកផ្លូវការ​ អាជ្ញាធរ​ជាតិ​អប្សរា​ បង្ហោះកាលពីព្រឹកមិញ​នេះ។

បំណែកជើងបដិមានេះ ត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។

បន្ទាប់ពីការរកឃើញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ថាជាបំណែកជើងរបស់បដិមាទ្វារបាល ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា បានធ្វើពុម្ពចម្លងពីបដិមាទ្វារបាលនៅអភិរក្សដ្ឋានអង្គរ មកធៀបនឹងបំណែកជើងនៅប្រាសាទទន្លេស្ងួត។ តាមរយៈការធៀបនេះ ក្រុមការងារបញ្ជាក់ថា បំណែកជើងនេះ គឺពិតជាផ្នែកមួយ នៃបដិមាទ្វារបាល។

បច្ចុប្បន្ន ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ កំពុងរៀបចំឯកសារបច្ចេកទេសដើម្បីយកបំណែកជើងបដិមាមកផ្គុំនឹងទ្វារបាលដែលកំពុងជួសជុលនៅអភិរក្សដ្ឋានអង្គរ៕

រូបភាព៖ លោក ជា សារិទ្ធ និងក្រុមការងារ I.T.A.L.I.A

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន