រដ្ឋាភិបាលអូស្ត្រាលីប្ដឹង Facebook ទារសំណង ៥២៩ ពាន់លានដុល្លារ

  • 2020-03-10 08:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើ​ការ​ប្ដឹង ដោយ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​នេះ​បាន​ល្មើស​នឹង​ច្បាប់​សិទ្ធ​ឯកជន​របស់​ប្រទេស​អូស្ត្រាលី ហើយ​មាន​ការ​ទាមទារ​សំណង​រហូត​ដល់ ៥២៩ ពាន់​លាន​ដុល្លារ។

ផ្អែក​តាម​ពាក្យ​បណ្ដឹង​ដែល​ដាក់​ជូន​ទៅ​តុលាការ​សហព័ន្ធ​អូស្ត្រាលី​នា​ថ្ងៃ​ចន្ទ​នេះ Facebook បាន​ល្មើស​នឹង​សិទ្ធ​ឯកជន​​​របស់​ពលរដ្ឋ​អូស្ត្រាលី​ប្រមាណ ៣១១ ១២៧ នាក់​ ដោយ​បាន​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទៅ​ឲ្យ​កម្មវិធី This Is Your Digital Life ចន្លោះ​ខែ​មីនា ២០១៤ និង​ខែ​ឧសភា ២០១៥។ អ្នក​បង្កើត​កម្មវិធី​នេះ​ក៏​បាន​លក់​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន​ ទៅ​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ Cambridge Analytica ដែល​ក្រោយ​មក​ត្រូវ​បាន​ប្រើ​សម្រាប់​ផល​ប្រយោជន៍​នយោបាយ។

ការិយាល័យ​នៃ​ស្នងការ​ព័ត៌មានអូស្ត្រាលី បាន​ចោទ​ប្រកាន់​ថា Facebook មិន​បាន​ចាត់​វិធានការ​ត្រឹម​ត្រូវ​ក្នុង​ការ​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ពី​ការ​​លួច​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត។

ពាក្យ​បណ្ដឹង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដែរ​ថា​ ភាគ​ច្រើន​នៃ​ជនជាតិ​អូស្ត្រាលី​ដែល​រង​​ការ​ប៉ះពាល់ គឺ​មិន​បាន​ដំឡើង​កម្មវិធី​ខាង​លើ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព័ត៌មាន​របស់​ពួក​គេ​ត្រូវ​ប្រមូល​បាន​បន្ទាប់​ពី​មិត្ត​ Facebook របស់​ពួក​គេ​បាន​ទាញ​យក​កម្មវិធី​នោះ។ ការិយាល័យ​នៃ​ស្នងការ​ព័ត៌មានអូស្ត្រាលី​អះអាង​ថា​មាន​ជនជាតិ​អូស្ត្រាលី​តែ ៥៣ នាក់​ប៉ុណ្ណោះ ដែល​បាន​ទាញ​យក​កម្មវិធី This Is Your Digital Life។

​​ចំពោះ​​​ការ​ចោទ​ប្រកាន់​​ពី​ការ​ល្មើស​លើ​ពលរដ្ឋ​ម្នាក់ៗ​អាច​រង​ការ​ពិន័យ​​ខ្ពស់​បំផុត​ ១,៧ លាន​ដុល្លារ។ ពេល​គុណ​ជា​មួយ​ ៣១១ ១២៧ នាក់ នោះ​សំណង​សរុប​ឡើង​ដល់​ជិត​ ៥២៩ ពាន់​លាន​ដុល្លារ​ឯណោះ។ សំណង​នេះ​គឺ​ខ្ពស់​ជាង​ចំណូល​ប្រចាំ​ឆ្នាំ ២០១៩-២០២០ របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​រក​បាន​ ៥១៣,៧ ពាន់​លាន​ដុល្លារ។

មាន​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត​ក៏​ធ្លាប់​បាន​ប្ដឹង Facebook អំពី​ការ​ល្មើស​នឹង​សិទ្ធ​ឯកជន​ទាក់ទង​នឹង​រឿង​អាស្រូវ Cambridge Analytica នេះ​ផង​ដែរ។ Facebook បាន​យល់​ព្រម​សង​សំណង ៥ ពាន់​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​អាមេរិក​នា​ឆ្នាំ ២០១៩ និង​ត្រូវ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ពិន័យ ៥០ ម៉ឺន​ផោន ផង​ដែរ​នៅ​ឆ្នាំ ២០១៨៕​

ប្រភព៖ Mashable   ប្រែ​សម្រួល៖ សុខហេង