ដឹងថាសប្បុរសជនក្នុងស្រុកផ្តល់ជំនួយថវិកាប៉ុន្មានហើយជួយមន្ទីរពេទ្រគន្ធបុប្ផា?
- 2014-11-20 17:18:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាសប្បុរសជនក្នុងស្រុកផ្តល់ជំនួយថវិកាប៉ុន្មានហើយជួយមន្ទីរពេទ្រគន្ធបុប្ផា?
ចន្លោះមិនឃើញ
សប្បុរសជនក្នុងស្រុកកាន់តែច្រើន បានចូលរួមចំណែកបរិច្ចាកថវិកាសម្រាប់មន្ទីរពេទ្រគន្ធបុប្ផា។ គិតមកទល់ពេលនេះ ជំនួយបានមកពីសប្បុរសក្នុងស្រុក ដែលបានបរិច្ចាកយកទៅជួយដល់មន្ទីរពេទ្រគន្ធបុប្ផាបានជាង ១ លាន ៧ សែនដុល្លារ។
លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្រគន្ធបុប្ផាបានឲ្យដឹងនៅរសៀលម្សិលមិញ ក្នុងពេលទទួលជំនួយបរិច្ចាកពីក្រុមហ៊ុនតូយ៉ូតាថា៖ "គិតមកទល់ពេលនេះ ថ្ងៃនេះ មន្ទីរពេទ្រគន្ធបុប្ផាបានទទួលជំនួយពីសប្បុរសជនក្នុងស្រុកបានជាង ១ លាន ៧ សែនដុល្លារ ដើម្បីយកទៅប្រើប្រាស់លើការចំណាយការព្យាបាលជូនដល់កុមារក្រីក្រកម្ពុជា"។
លោកបញ្ជាក់ថា ចំនួននេះមិនគិតពីថវិកាដែលទទួលបានពីការបរិច្ចាកធំៗដូចជា មូលនិធីបាយ័នដែលបានផ្តល់ថវិកាចំនួន ២ លានដុល្លារ និងកាកបាទក្រហមកម្ពុជាចំនួន ១ លានដុល្លារ។
លោកឲ្យដឹងថា ក្នុងមួយឆ្នាំមន្ទីរពេទ្រគន្ធបុប្ផាត្រូវការថវិកាប្រមាណ ៤២ លានដុល្លារដើម្បីចំណាយលើប្រតិបត្តិការព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃទាំង ៤ សាខា ដែលមាននៅរាជធានីភ្នំពេញនិងខេត្តសៀមរាប។
មន្ទីរពេទ្រគន្ធបុប្ផា ជាមន្ទីរពេទ្រសប្បុរសធម៌បង្កើតឡើងតាំងពីឆ្នាំ ១៩៩២។ ក្នុងមួយថ្ងៃៗ មន្ទីរពេទ្របានទទួលព្យាបាលជំងឺកុមារកម្ពុជារាប់ពាន់នាក់ឲ្យរួចចាកផុតពីសេចក្តីស្លាប់។ យ៉ាងណាការដំណើរការរបស់មន្ទីរពេទ្រទៅបាន ក៏អាស្រ័យមានការឧបត្ថម្ភពីសប្បុរសជនានា។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជំនួយឧបត្ថម្ភភាគច្រើនសម្រាប់ចំណាយលើប្រតិបត្តិការរបស់មន្ទីរពេទ្យគឹបានមកពីសប្បុរសជននៅប្រទេសស្វីស ខណៈសប្បុរសជនក្នុងស្រុកនៅមានកម្រិតនៅឡើយ។ លោកអំពាវនាវឲ្យសប្បុរសជក្នុងស្រុកបន្ថែមទៀត ឲ្យបន្តជួយបរិច្ចាកថវិកាដើម្បីឲ្យមន្ទីរពេទ្រមានលទ្ធភាពអាចបន្តដំណើរការបេសកកម្មមនុស្សធម៌របស់ជួយព្យាបាលជំងឺដល់កម្ពុជារាប់ម៉ឺនរាប់សែននាក់ទៀតឲ្យមានក្តីសង្ឃឹមនិងអនាគតដ៏ល្អ។
អត្ថបទ៖ ប៊ុណ្ណារ៉ា