អ្នក​គ្រប់​គ្រង​ការ​ផលិត​នៅ Rock ធ្លាប់​ជា​កុមារ​លក់​ទឹក​កក​ឈូស​​តាមកំពង់​ចម្លង

  • 2014-09-25 22:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៣ មក​ដល់ ២០១៤ ជា​ឆ្នាំ​ដែល​ផលិតកម្ម Rock បាន​វិវត្តន៍​ខ្លួន​មក​ជា​អ្នក​ផលិត​ភាពយន្ត​ក្នុង​ស្រុក​ច្រើន​ជាង​គេ ពោល​គឺ​ដល់​ទៅ​ជាង ២០​រឿង ទាំង​ភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ។ លោក យឹម សុសត្យា ជា​បុគ្គល​ដ៏​សំខាន់​នៅ​ពី​ក្រោយ​កិច្ចការ​ដ៏​មមាញឹក​នេះ ក្នុង​នាទី​ជា​ប្រធាន​គ្រប់​គ្រង​ការ​ផលិត និង​ជា​ជំនួយ​ការ​អគ្គនាយក​ផង។

 

 

បច្ចុប្បន្នលោក​បាន និង​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ផលិត​អ្នក​ភាពយន្ត​ដល់​ទៅ​ជិត​១០​ក្រុម​ផ្សេង​គ្នា(ក្រុម​ជាប់​កុងត្រា​ជាមួយ Rock) ដើម្បី​ផលិត​ខ្សែ​រឿង​ដែល​មាន​រសជាតិ​ប្លែក​ៗ​មក​បម្រើ​អារម្មណ៍ និង​ខ្សែ​ចក្ខុ​របស់​ទស្សនិកជន។ នេះ​មិន​ទាន់​គិត​ពី​ក្រុម​អ្នក​ផលិត​របស់​លោក​ផ្ទាល់​ប្រចាំ​ផលិតកម្ម​ផង។ សំឡឹង​ទៅ​កាន់​តែ​ឆ្ងាយ​ពី​អតីត​កាល​របស់​លោក​ទៀត លោក យឹម សុ​សត្យា ធ្លាប់​ជា​កុមារ​លក់​នំ​ចំណី​កំប៉ិក​កំប៉ុក​នៅ​តាម​ទូក​ដរ​ជួយ​អ្នក​ម្ដាយ​មេម៉ាយ ដែល​ជួន​កាល​របរ​នេះ លោក​ត្រូវ​ហែល​ទឹក​​ត្រឡប់​មក​ផ្ទះ​វិញ​ទៀត ពេល​ទូក​ដែល​លោក​ឡើង​លក់​មិន​ព្រម​ចូល​ដល់​ច្រាំង។

ត​ទៅ​នេះ សូម​តាម​ដាន​ដំណើរ​ជីវិត​របស់​អ្នក​គ្រប់​គ្រង​ការ​ផលិត​រូប​នេះ​ជាមួយ Sabay៖

 

 

ប្រវត្តិ​សង្ខេប​

 

ឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត ទីកន្លែង កំណើត ចំនួន​បង​ប្អូន កម្ពស់/ទម្ងន់ Facebook
យឹម សុ​សត្យាYIM SOSATHYA ថ្ងៃ​ទី ២​ខែ​ឧសភា ឆ្នាំ ១៩៦៩ ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង ៥នាក់ (ប្រុស៣ ស្រី២) កម្ពស់ ១.៧២ម៉ែត្រទម្ងន់ ៧៥ គីឡូក្រាម https://www.facebook.com/meng.lysa?fref=ts
 

លោក យឹម សុ​សត្យា ឬ លីម៉េង(ឈ្មោះ​ក្នុង​សិល្បៈ) លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង​ខេត្ត​ព្រៃវែង។ លោក​ជា​កូន​បន្ទាប់​ពៅ(ទី​៤)ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៥នាក់(ប្រុស​៣ ស្រី​២)។ ឪពុក​ឈ្មោះ យឹម ឮ (ស្លាប់​ជំនាន់​ប៉ុលពត) អ្នក​ម្ដាយ​ឈ្មោះ ហាក់ ទន់ បច្ចុប្បន្ន​មាន​អាយុ ៧៦​ឆ្នាំ។ កាល​ពី​មុន​អ្នក​ម្ដាយ​របស់​លោក​មាន​មុខ​របរ​ជា​អ្នក​លក់​ត្រី លក់​នំ​បញ្ចុក និង​លក់​នំ​ចំណី​កំប៉ិកកំប៉ុក​ផ្សេង​ទៀត។

ជីវិត​កុមារភាព

ចំរើន​វ័យ​បាន​ត្រឹម​អាយុ ៦-៧​ឆ្នាំ​ប៉ុណ្ណោះ របប​ខ្មែរ​អាវ​ខ្មៅ​ក៏​ចូល​មក​ដល់។ ពេល​វេលា​អូស​ជើង​ផុត​រយៈ​ពេល​ជាង​៣​ឆ្នាំ លោក យឹម សុ​សត្យា បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ លោក​មាន​ឱកាស​លេង​សប្បាយ​តាម​របៀប​កុមារ​បាន​តិច​តួច​ប៉ុណ្ណោះ ព្រោះ​ត្រូវ​យក​ពេល​ក្រៅ​ពី​ម៉ោង​សិក្សា​ទៅ​ជួយ​លក់​ដូរ​នំ​ចំណី​ម្ដាយ​មេម៉ាយ​នៅ​លើ​ទូក​កាណូត​នៅ​ផែ​ព្រែក​ពោធិ ដើម្បី​ដោះ​ស្រាយ​ជីវភាព ខណៈ​ពេល​នោះ​លោក​មាន​អាយុ​ខ្ទង់ ១៣-១៤​ឆ្នាំប៉ុណ្ណោះ។ មុខ​របរដែល​លោក​សុខ​ចិត្ត​បោះ​ចោល​ពេល​វេលា​លេង​សប្បាយ​ផ្ទាល់​ខ្លួន មក​​ចែក​រំលែក​ការ​លំបាក​អ្នក​ម្ដាយ​គ្រា​នោះ គឺ​លោក​ជា​អ្នក​ទូល​ត្រី​លក់ លក់​នំ លក់​បារី និង​លក់​ទឹក​កក​ឈូស​ជាង​ដើម។ "ត្រង់​ហ្នឹង​ខ្ញុំ​ចាំ​ច្បាស់ ព្រោះ​ខ្ញុំ​តែង​ពពាយនាយ​លក់​ថា "ទឹកកក​ឈូស​ផ្អែម​ត្រជាក់ ញុំា​ពីរ​នាក់​ញាក់​មុខ​ដាក់​គ្នា"។

 

មុខ​របរ​ជា​អ្នក​លក់​តាម​ទូក​ដរ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ​ព្រោះ​ត្រូវ​ចល័ត​លក់​ពី​ទូក​មួយ​ទៅ​ទូក​មួយ ជួន​កាល​ចុះ​ពី​ទូក​មិន​ទាន់​ត្រូវ​ទូក​បើក​យក​ទៅ​ជា​មួយ​ថែម​ទៀត លុះ​ដល់​កំពង់​ដរ​មួយ​ទៀត​ទើប​ជិះ​ទូក​ផ្សេង​ត្រឡប់​មក​វិញ។ ជា​រឿង​ធម្មតា​សម្រាប់​កុមារ​ៗ​​លក់​នំ​ចំណី​តាម​ទូក ឬ​កាណូត ប៉ុន្តែ​ម្ដង​ម្កាល​ក៏​ជួប​រឿង​លំបាក​ដែរ។ លោក ថា "ទូក​ខ្លះ​គេ​ចូល​ច្រាំង​ឲ្យ​មិន​អី​ទេ ប៉ុន្តែ​ទូក​ខ្លះ​អត់​ចូល​យើង​ពិបាក មាន​គ្រា​មួយ​នោះ​ចាំ​មិន​ភ្លេច ពួក​ខ្ញុំ​ត្រូវ​ហែល​ទឹក​មក​កាន់​ច្រាំង​ខ្លួន​ឯង យើង​ហូរ​តាម​ទឹក​ជិត​២​គីឡូ​ម៉ែត្រ​ទម្រាំ​គេច​ផុត​ពី​ខ្សែ​ទឹក​ហូរ​មក​ដល់​ខាង ហ៊ឺ..នឹក​ទៅ​កម្សត់​ដែរ​កាល​ហ្នុង!”។

ប្រវត្តិ​ការ​សិក្សា

វ័យ​ខ្ទង់ ៤-៥ឆ្នាំ លោក យឹម សុ​សត្យា បាន​ចូល​សិក្សា​នៅ​បឋម​សិក្សា "ព្រែក​ពោរ" តែ​រៀន​មិន​បាន​ប៉ុន្មាន​ផង របប​អាវ​ខ្មៅ​ក៏​ចូល​មក​ដល់។ ឆ្លង​កាត់​របប​នេះ​លោក សត្យា បាន​ឱកាស​ចូល​សិក្សា​ម្ដង​ទៀត​ក្នុង​ឆ្នាំ ១៩៨១​នៅ​សាលា​មធ្យម​សិក្សា "ស្រី​ស​ឈរ" បច្ចុប្បន្ន​ប្តូរ​មក​ជា "ស្រី​សន្ធរ" និង​បាន​បញ្ចប់​ទទួល​បាន​សញ្ញាបត្រ​ឌីប្លូម​នៅ​ឆ្នាំ ១៩៨៦។ លោក​បាន​បន្ត​មក​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ​នៅ "វិទ្យាល័យ​សម្ដេច​ឪ" នា​ខេត្ត​កំពង់​ចាម​នៅ​ឆ្នាំ ១៩៩០ ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​មួយ​ផង។

 

 

ឡើង​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី

លោក យឹម សុ​សត្យា បាន​ឡើង​មក​រាជធានី​នៅ​ឆ្នាំ​ដដែល ១៩៩០។ នៅ​ភ្នំពេញ លោក​បាន​ចំណាយ​ពេល​១​ឆ្នាំ​រៀន​ត្រៀម​ជំនាញ​ប្រវត្តិវិទ្យា មុន​ពេល​ប្រឡង​ជាប់​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​ឯកទេស "ប្រវត្តិវិទ្យា" នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។នៅ​ឆ្នាំ ១៩៩៥ លោក​បាន​បញ្ចប់​ដោយ​ជោគជ័យ។ បន្ត​មក​ទៀត​លោក​បាន​ចូល​រៀន​បំប៉ន​ជំនាញ​គរុកោសល្យ​១​ឆ្នាំ​ទៀត​ទើប​ក្លាយ​ជា​គ្រូ​ពេញ​សិទ្ធិ។ ឈ្មោះ​លោក​ត្រូវ​គេ​បញ្ជូន​ទៅ​បង្រៀន​នៅ​ខេត្ត​បាត់​ដំបង ប៉ុន្តែ​គ្រា​នោះ​លោក​អត់​ទៅ​បង្រៀន​ទេ ព្រោះ​ជាប់​កិច្ចការ​មួយ​ចំនួន​នៅ​ភ្នំពេញ។

 

រំលឹក​ដល់​ប្រវត្តិ​សិក្សា​នេះ​ដែរ លោក យឹម សុ​សត្យា គឺ​ជា​អតីត​សិស្ស​ពូកែ ដោយ​បាន​ប្រឡង​សិស្ស​ពូកែ​នៅ​ស្រុក​ស្រី​សន្ធរ​ជាប់​២មុខ​វិជ្ជា​ក្នុង​ពេល​តែ​មួយ​គឺ "អក្សរសាស្ត្រ" និង "គណិត​វិទ្យា"។ "ខ្ញុំ​ត្រូវ​ប្រឡង​នៅ​កំពង់​ចាមទៀត​យើង​ជាប់​ទាំង​ពីរ​មែន​តែ​កាល​ហ្នុង គេ​ឲ្យ​រើស​តែ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​មិន​ដឹង​ថា​និស្ស័យ​យ៉ាង​ម៉េច ខ្ញុំ​រើស​យក​ខ្មែរ មិត្តភក្ដិ​ខ្ញុំ​ម្នាក់​ទៀត គេ​រើស​យក​គណិត។ ប្រឡង​នៅ​ខេត្ត ខ្ញុំ​ធ្លាក់​ព្រោះ​កាល​ហ្នុង​គេ​ចេញ​ច្បាប់​ល្បើក​អង្គរ ខ្ញុំ​រៀន​អត់​ទាន់​ដល់​ផង"។

 

ជីវិត​ការងារ

អំឡុង​ពេល​សិក្សា​បរិញ្ញាបត្រ លោក យឹម សុ​សត្យា បាន​ឆ្លៀត​ទៅ​រៀន​ភាសា​ថៃ​បន្ថែម​នៅ​បាក់​ទូក។ រៀន​បាន​តែ​១​ឆ្នាំ​ប៉ុណ្ណោះ អាច​ចេះ​ចាំ​ប្រើ​ការ​បាន ហើយ​លោក​ក៏​បាន​ចូល​ប្រឡូក​ការងារ ដោយ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​ថៃ។ "ខ្ញុំ​រៀន​បណ្ដើរ ធ្វើ​ការ​បណ្ដើរ​ដើម្បី​យក​លុយ​រៀន ព្រោះ​កាល​នោះ​រំពឹង​លើ​ម្ដាយ គាត់​អត់​មាន​របរ​អ្វី​ដុំ​កំភួន​ទេ"។ តាំង​ពី​ដើម​មក លោក​មាន​បំណង​មុតមាំ​មួយ គឺ​ចង់​ធ្វើ​ការ​នៅ​ស្ថានទូត។ នៅ​ឆ្នាំ ២០០១ លោក​ក៏​បាន​សម្រេច​បំណង​មួយ​នេះ ដោយ​បាន​ការងារ​ជា​អ្នក​បក​ប្រែ​ភាសា​ថៃ​នៅ​ស្ថាន​ទូត​ថៃ។ ប៉ុន្តែ​ធ្វើ​បាន​តែ​២​ឆ្នាំ​ប៉ុណ្ណោះ លោក​ក៏​បាត់​បង់​ការងារ​នេះ​វិញ ដោយ​សារ​មាន​កុប្បកម្ម​ដុត​ទូត​ថៃ​នៅ​គ្រា​នោះ។

 លោក យឹម សុសត្យា កាល​ធ្វើ​ការ​នៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា

ដំណើរ​ចូល​សិល្បៈ និង​ផ្អាក​ទៅ​វិញ

តាម​ពិត​ទៅ យឹម សត្យា បាន​ប្រឡូក​ការងារ​សិល្បៈ​តាំង​ពី​អំឡុង​ពេល​សិក្សា​ម្ល៉េះ​ក្នុង​ទសវត្សរ៍​ទី ៩០ ដើម្បី​រក​ថវិកា​ទ្រទ្រង់​ការ​សិក្សា។ ក្រោម​ការ​សហការ​ជាមួយ​លោក មុំ បូវី ជា​បង​ថ្លៃ លោក​បាន​ធ្វើ​កុន​រឿង “ជើង​មេឃ​ធ្លុះ​ធ្លាយ" "ចំប៉ី​ទង​មាស" និង​រឿង "ពៅ​ឈូក​ស" ដោយ​លោក មុំ បូវី ជា​អ្នក​និពន្ធ លោក​ជា​អ្នក​សរសេរ​ប្លង់ ចាត់​ចែង​ផលិត និង​ហៅ​តួ​ជាមួយ​លោក ណាង ផាន់​អាត្យា ជា​អ្នក​កាន់​កាមេរ៉ា និង​ជា​គ្រូ​ដើម​ដែល​បាន​បង្រៀន​ពី​ប្លង់​ថត​ដល់​លោក។ "ហៅ​តួ​ហ្នឹង​ដឹង​ម៉េច​ទេ សព្វ​ថ្ងៃ​មាន​ទូរសព្ទ​ណា ប៉ុន្តែ​កាល​ហ្នុង​អត់​ទេ អីចឹង​ពេល​ត្រូវ​ការ​ថត គឺ​ត្រូវ​ជិះ​ម៉ូតូ​ដើរ​ប្រាប់​តួ​តាម​ផ្ទះ ម្ដង​ម្នាក់​ៗ​មិន​ស្រួល​ដូច​សព្វ​ថ្ងៃ​នេះ​ទេ!(សើច)”។

 លោក យឹម សុសត្យា និង​​ក្រុម​ការងារ​​ថត​កុនរឿង "ចៅ​ពស់​កេង​កង"

ក្រៅ​ពី​នេះ លោក សត្យា ក៏​ធ្លាប់​ចូល​រួម​សម្ដែង​មួយ​រឿង​ដែរ​គឺ​រឿង "ពៅ​ឈូក​ស" ធ្វើ​ជា​តួ​ព្រះឥន្ទ្រ។ "គឺ​អញ្ចេះ​ទេ កាល​ហ្នុង​គេ​ខ្វះ​តួ​ព្រះឥន្ទ្រ ដល់​អីចឹង​គេ​ចាប់​ឲ្យ​លេង ខ្ញុំ​ក៏​លេង ហើយ​ដោយ​សារ​រឿង​ហ្នឹង​ហើយ ទើប​ខ្ញុំ​ជាប់​ឈ្មោះ​ថា "ព្រះឥន្ទ្រ​មុខ​ចង់" គឺ​ព្រះ​អង្គ​មុខ​ចិន រហូត​មក អ្នក​ស្គាល់​ស្និទ្ធ​ដូច​ជា​បង ពិន សំណាង តែង​តែ​បង្អាប់​ខ្ញុំ​ពី​រឿង​នេះ"។ ក្រោយ​មក​ទៀត​មាន​រឿង​មួយ​ចំនួន​ដែល​លោក​ផលិត​ខ្លួន​ឯង ដឹក​ខ្លួន​ឯង​មាន​រឿង "ស្រី​ដុះ​ស្នែង" ជា​ដើម។

 

រឿង​ចុង​ក្រោយ​បំផុត​ក្រោម​ការ​ដឹក​នាំ និង​ចាត់​ចែង​ផលិត​របស់​លោក គឺ​រឿង "ស៊ូប៉ិអេងតាយ" មុន​ពេល​ភាពយន្ត​ខ្មែរ​សន្លប់​មួយ​រយៈ​ដោយ​សារ​ភាពយន្ត​ថៃ។ លោក សត្យា បាន​ផ្អាក​សិល្បៈ​មួយ​រយៈ គាប់​ជួន​លោក​ត្រូវ​រៀន​ត្រៀម​ប្រឡង​បញ្ចប់​បរិញ្ញាបត្រ​ផង មុន​ពេល​បាន​ការងារ​ជា​មន្ត្រី​ស្ថាន​ទូត​ថៃ។

 

វិល​ចូល​សិល្បៈ​វិញ

បន្ទាប់​ពី​អស់​ការងារ​នៅ​ស្ថាន​ទូត​ថៃ លោក យឹម សុសត្យា ក៏​បាន​ដើរ​ចូល​ការងារ​សិល្បៈ​វិញ​ដដែល។ "មិន​ថា​និស្ស័យ​ឬ​យ៉ាង​ម៉េច ពី​ដើម​ឡើយ​ខ្ញុំ​មិន​ដែល​ប្រាថ្នា​ការងារ​សិល្បៈ​ទេ តែ​ទី​បំផុត​ការងារ​ទូត​ដែល​ខ្ញុំ​ប៉ង​ក៏​អស់ ចុង​ក្រោយ​សិល្បៈ​ដដែល​មក​ដល់​សព្វ​ថ្ងៃ"។ លោក យឹម សុ​សត្យា ចាប់​ផ្តើម​ការងារ​សិល្បៈ​ជា​ថ្មី​នៅ​ឆ្នាំ ២០០៤ ដោយ​បាន​ទៅ​ធ្វើ​ជា​ជំនួយ​ការ​អ្នក​ដឹក​នាំ​ថត​ចម្រៀង​កាយ​វិការ​ជាមួយ​លោក មុំ បូវី (បង​ថ្លៃ) នៅ​ខេត្ត​បាត់ដំបង ឲ្យ​ផលិតកម្ម​ឆ្លង​ដែន។

 លោក យឹម សុសត្យា ក្នុង​ថ្ងៃ​សម្ពោធ​រឿង "ចៅ​ពស់​កេង​កង"

នៅ​អំឡុង​ឆ្នាំ ២០០៤-២០០៥ លោក​ក៏​បាន​មក​ធ្វើ​ជា​ប្រធាន​ផលិត​ក្នុង​ផលិតកម្ម​ប្រាសាទ​ពេជ្រ​របស់​លោក​ឧកញ៉ា តុង សេង ធ្វើ​រឿង​ជា​ច្រើន​ដូច​ជា​រឿង "ចៅ​ពស់​កេង​កង" "មនុស្ស ឬ​ខ្មោច" "មន្តមាយា" "ព្រាយ​ក្រឡាភ្លើង" និង​រឿង​"នាង​មច្ឆា" ជា​ដើម។ បទ​ពិសោធន៍​ផ្សេង​ទៀត​លោក​ក៏​ធ្លាប់​ដឹក​នាំ​ថត​បទ​ចម្រៀង​ជា​ច្រើន​ដែរ ដូច​ជា ផលិតកម្ម​ឆ្លង​ដែន និង​នាគ​មាស។

នៅ​ឆ្នាំ ២០០៦ លោក សត្យា ក៏​បាន​មក​កាន់​ការ​ជា​ប្រធាន​ផ្នែក​ផលិត​របស់​ផលិតកម្ម Rock ផ្នែក​ផលិត​ចម្រៀង។ លោក បាន​ឈប់​ទៅ​វិញ​មួយ​រយៈ​ក្រោយ​ផលិតកម្ម Rock បិទ​ការ​ផលិត​ចម្រៀង មុន​ពេល​ចូល​មក​វិញ ធ្វើ​ការ​ផលិត​ភាពយន្ត​វិញ​ម្ដង ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​បាន​កៀរគរ​ក្រុម​អ្នក​ផលិត​ភាពយន្ត​មក ផលិត​រឿង​បាន​ជាង ២០​រឿង​ទាំង​ភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ។

ជីវិត​អាពាហ៍ពិពាហ៍

លោក យឹម សុ​សត្យា បាន​ជួប​ជា​មួយ​អ្នក​ស្រី ងិន សុជាតី ក្នុង​វគ្គ​សិក្សា​ភាសា​ថៃ​​នៅ​ឆ្នាំ ១៩៩៩ ភរិយា។ ជួប​មុខ​គ្នា​រាល់​ៗ​ថ្ងៃ លោក និងអ្នក​ស្រី ងិន សុជាតី ក៏​ចាប់​ផ្ដើម​មាន​ចិត្ត​លើ​គ្នា ហើយ​ក្រោយ​ពី​សិក្សា​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ប្រមាណ​ជា​២​ឆ្នាំ លោក សត្យា ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​ក្លាយ​ជា​គូ​ស្វាមី ភរិយា ពេញ​ច្បាប់​​នៅ​ឆ្នាំ ២០០១។ មក​ទល់​បច្ចុប្បន្ន ក្រុម​គ្រួសារ​របស់​លោក ទទួល​បាន​ចំណង​ដៃ​បុត្រា បុត្រី​ចំនួន ២​នាក់។ កូន​ស្រី​បង ឈ្មោះ សត្យា សុភានុ អាយុ ១៣​ឆ្នាំ និង​កូន​ប្រុស​ប្អូន​ឈ្មោះ សត្យា សុភាចារ អាយុ ៥​ឆ្នាំ។

 លោក យឹម សុសត្យា ឬ លី ម៉េង និង​ភរិយា

ផែន​ការ​ជីវិត

ផែន​ការ​អនាគត​ ​លោក យឹម សុ​សត្យា ប្រាប់​ថា ​លោក​មិន​ចង់​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​សិល្បៈ​ទេ។ ​លោក​ចង់​ផលិត​ភាពយន្ត​ខ្នាត​ធំ​ដោយ​ខ្លួន​ឯង និង​រៀប​ចំ​ឲ្យ​គ្រួសារ​មាន​មុខ​របរ​ធំ​ដុំ​មួយ​ក្រៅ​ពី​ការងារ​សិល្បៈ៕

អត្ថបទ៖ ទារិកា

 

 

 

 

 

 

អត្ថបទថ្មី