វិធីបំបាត់ស្នាមសង្វារដោយមិនបាច់ចំណាយច្រើន
- 2014-12-08 16:17:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបំបាត់ស្នាមសង្វារដោយមិនបាច់ចំណាយច្រើន
ចន្លោះមិនឃើញ
ស្ត្រីមួយចំនួនតែងតែមានក្ដីបារម្ភចំពោះបញ្ហាស្នាមសង្វារ ជាពិសេសស្ត្រីដែលសម្រាលកូនរួច។ សាកវិធីងាយៗខាងក្រោម អ្នកអាចបំបាត់ស្នាមសង្វារដោយមិនបាច់សំណាយច្រើន៖
១. ទឹកដំឡូង
ទឹកដំឡូងមានផ្ទុកវីតាមីន និងសារធាតុរ៉ែដែលជួយជំរុញការលូតលាស់កោសិកាស្បែក។ កាត់ដំឡូងជាបន្ទះក្រាស់ៗ ហើយបន្ទាប់មកយកដំឡូងទៅដុសលើស្នាមសង្វារដោយកាយវិការថ្នមៗរយៈពេលពីរបីនាទី រហូតទឹកដែលចេញពីដំឡូងបានប៉ះនឹងស្នាមសង្វារសព្វ។ ទុកវាឲ្យស្ងួតបន្តិច រួចសឹមលាងជម្រះដោយទឹកក្ដៅឧណ្ហ៍ៗ។
២. ស្ករ
ស្ករសធម្មជាតិ គឺជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់កម្ចាត់ស្នាមសង្វារ។ អ្នកអាចប្រើស្ករដើម្បី ជម្រុះកោសិកាស្បែកងាប់ចេញ។ លាយស្ករស១ស្លាបព្រាបាយ ជាមួយប្រេងអាល់ម៉ុង និងបន្តក់ទឹកក្រូចឆ្មារបន្តិច បន្ទាប់មកលាយឲ្យសព្វល្អ ហើយលាបវានៅលើស្នាមសង្វារ និងតំបន់ស្បែកផ្សេងទៀតថ្នមៗ យ៉ាងហោចណាស់១០នាទីរៀងរាល់ថ្ងៃមុនពេលងូតទឹក។ ធ្វើបែបនេះមួយខែនឹងឃើញស្នាមសង្វាររបស់អ្នកស្រាលជាងមុន។
៣. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកជាច្រើន។ វាមានសារធាតុចិញ្ចឹមសំខាន់នានា និងមានសមាសធាតុសកម្មដែលអាចប្រើក្នុងការព្យាបាលការរលាកស្រាលៗ និងមានគុនសម្បត្តិមួយទៀតព្យាបាលស្នាមសង្វារ។ អ្នកអាចយកទឹករបស់ប្រទាលនេះទៅលាបផ្ទាល់លើស្បែកដែលទទួលរងផលប៉ះពាល់។ ទុកវាចោលលើនោះប៉ុន្មាននាទី បន្ទាប់មកលាងដោយទឹកក្ដៅឧណ្ហ៍ៗ។
៤. ទឹក
ធ្វើឲ្យរាងកាយរបស់អ្នកមានជាតិទឹក អាចជួយការពារស្បែកពីបញ្ហាជាច្រើនប្រភេទ។ អ្វីដែលសំខាន់បំផុតនោះគឺទឹកអាចបន្សាបជាតិពុលក្នុងរាងកាយ ជួយកម្ចាត់ភាពជ្រីវជ្រួញបានច្រើន និងអាចកម្ចាត់ស្នាមសង្វារ។ សូមព្យាយាមផឹកឲ្យបានច្រើនដងក្នុងអំឡុងពេលថ្ងៃ។ វាធ្វើឲ្យស្បែករបស់អ្នកទន់ និងជួយរក្សាស្បែកមិនឲ្យមានភាពជ្រីវជ្រួញ។ ៥. ទឹកក្រូចឆ្មារ
វិធីដ៏សាមញ្ញមួយទៀតដើម្បីកាត់បន្ថយស្នាមសង្វារគឺត្រូវប្រើទឹកក្រូចឆ្មារ។ ទឹកក្រូចឆ្មារ គឺជាអាស៊ីដធម្មជាតិ ដែលអាចព្យាបាលឲ្យសះស្បើយ និងកាត់បន្ថយស្នាមសង្វារ ស្នាមមុន និងស្នាមផ្សេងទៀតលើស្បែក។ យកទឹកក្រូចឆ្មារស្រស់ទៅលាបលើស្នាមសង្វារថ្នមៗដោយប្រើកាយវិការជារាងរង្វង់ ហើយទុកចោល១០នាទីចាំលាងវាចេញដោយប្រើទឹកក្ដៅ ដើម្បីឲ្យទឹកក្រូចឆ្មារជ្រាបចូលទៅក្នុងស្បែក។ ជម្រើសមួយទៀតគឺលាយចូលគ្នារវាងទឹកក្រូចឆ្មារ និងទឹកត្រសក់ហើយលាបល្បាយនោះនៅលើស្នាមសង្វារតែម្ដង។
៦. ប្រេងអូលីវ
ប្រេងអូលីវមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឲ្យប្រសើរឡើងនូវបញ្ហាស្បែកជាច្រើន រួមទាំងស្នាមសង្វារ។ យកប្រេងអូលីវក្ដៅតិចៗទៅដាក់លើផ្ទៃស្បែកដែលទទួលរងផលប៉ះពាល់ រួចទុកចោលរយៈពេលកន្លះម៉ោង ដើម្បីឲ្យវីតាមីន A, D និង E ដែលមានក្នុងប្រេង ចូលទៅក្នុងស្បែក។ វិធីនេះគឺល្អអាចធ្វើឲ្យ ឈាមរត់ស្រួល និងកាត់បន្ថយស្នាមសង្វារបានក្នុងកម្រិតមួយដ៏អស្ចារ្យ។ មួយវិញទៀតអ្នកក៏អាចលាយប្រេងអូលីវជាមួយទឹកខ្មេះ និងទឹក រួចប្រើវាជាក្រែមលាបពេលយប់ ធ្វើបែបនេះរក្សាស្បែកឲ្យមានសំណើម និងកម្ចាត់កោសិកាស្បែកដែលងាប់។
៧. ស៊ុតស
ស៊ុតគឺជាប្រភពដ៏សម្បូរបែបរបស់ប្រូតេអ៊ីន។ ចំពោះស្នាមសង្វារ ប្រើតែស៊ុតផ្នែកសដែលមានផ្ទុកអាស៊ីដអាមីណូ និងប្រូតេអ៊ីន។ យកស៊ុតពីរគ្រប់ជ្រើសតែផ្នែកសកូរឲ្យសព្វ បន្ទាប់មកសម្អាតស្បែកដែលមានស្នាមសង្វារនោះដោយប្រើទឹក រួចយកជក់ផាត់មុខជ្រលក់ស៊ុតដែលកូររួចលាបកន្លែងនោះ ហើយទុកចោលរហូតដល់ស្ងួតចាំលាងជាមួយទឹកត្រជាក់។ ចុងក្រោយលាបប្រេងអូលីវលើស្បែកដើម្បីរក្សាវាឲ្យមានជាតិសំណើម។ធ្វើវាជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ពីរសប្ដាហ៍នឹងឃើញលទ្ធផលវិជ្ជមាន។
ចុចអានអត្ថបទសុខភាព និងសម្រស់ ជាច្រើនទៀត
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖ homeremedies