ខ្មោច​ឡាន​តម្លៃ​មហាសាល បែរ​ជា​ទុក​ចោល​ហាល​វាល​អស់៥​ទសវត្សរ៍

  • 2014-12-08 18:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត​ល្បីៗ​តម្លៃ​កប់​ពពក​ជា​ច្រើន​ដូច​ជា Ferrari, Maserati, Bugatti និង​ច្រើន​ម៉ាក​ផ្សេង​ទៀត ទើប​ប្រទះ​ឃើញ​ដោយ​អ្នក​ជំនាញ​នៅ​កសិដ្ឋាន​មួយ ភាគ​ខាង​លិច​ប្រទេស​បារាំង ក្រោយ​ទុក​ចោល​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០។ រតនសម្បត្តិ​ទាំង​នេះ ត្រូវ​គេ​ប៉ាន់ប្រមាណ​ថា​អាច​មាន​តម្លៃ​ដល់​ទៅ ១៨​លាន​ដុល្លារ​អាមេរិក​ឯណោះ។ ​​​

 

ខាង​ឆ្វេង គឺ​រថយន្ត​ម៉ាក Ferrari 250GT SWB ផលិត​ឆ្នាំ១៩៦១ ដែល​អាច​មាន​តម្លៃ​ជាង ១០​លាន​ដុល្លារ

 

ប្រវត្តិ​របស់​រថយន្ត​ប្រណីត​ដ៏​ច្រើន​នេះ មាន​មក ៣​តំណ​ទៅ​ហើយ។ ដំបូង​ឡើយ ​រថយន្ត​ទាំងអស់ ​គឺ​ជា​កម្មសិទ្ធិ​របស់​លោក Roger Baillon ដែល​ជា​សហគ្រិន​ម្នាក់​ចូល​ចិត្ត​ប្រមូល​រថយន្ត​ប្រណីត​ៗ។ លោក​បាន​ប្រមូល​រថយន្ត​ទាំង​អស់​នេះ តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៥០ ដល់​ទសវត្សរ៍​ឆ្នាំ១៩៧០ ហើយ​មាន​បំណង​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ។

 

ទោះ​យ៉ាង​ណា គម្រោង​នោះ​ត្រូវ​បរាជ័យ បន្ទាប់​ពី​ជំនួញ​លោក​ដាំ​ក្បាល​ចុះ ដែល​បង្ខំ​ឲ្យ​លោក​លក់​រថយន្ត ៥០​គ្រឿង​វិញ ដើម្បី​ស្ដារ​ស្ថានភាព​ដ៏​អាក្រក់​ក្នុង​ការ​រកស៊ី។ ចាប់​តាំង​ពី​ពេល​នោះ​មក ការ​ប្រមូល​រថយន្ត​របស់​អ្នក​មាន​រូប​នេះ​បាន​អសកម្ម ហើយ​រថយន្ត​ដែល​ប្រមូល​ពី​មុន​មក​ត្រូវ​ទុក​ចោល​ក្នុង​រោង​ប្រក់​ស័ង្កសី នៅ​កសិដ្ឋាន​មួយ។

 

 

លោក Baillon ដែល​ជា​អ្នក​ប្រមូល​រថយន្ត​បាន​ស្លាប់​ប្រហែល​ជាង ១០​ឆ្នាំ​មុន​នេះ ហើយ​ក្រោយ​មក​កូន​ប្រុស​ដែល​ជា​អ្នក​ស្នង​មរតក​បាន​បាត់បង់ជីវិត​កាល​ពី​ឆ្នាំ​មុន​ទៀត។ បន្ទាប់​ពី​ម្ចាស់​មរតក​ស្លាប់​បាត់ ចៅ​របស់​លោក Baillon បាន​ហៅ​អ្នក​ជំនាញ​ដេញ​ថ្លៃ​រថយន្ត ដើម្បី​គណនា​ពី​តម្លៃ​របស់​រតនសម្បត្តិ​ទាំង​អស់​នេះ។

 

​លោក ​Pierre Novikoff ដែល​ជា​អ្នក​ជំនាញ​ដេញ​ថ្លៃ​រថយន្ត​ម្នាក់​បាន​និយាយ​ថា "ខ្ញុំ​មិន​ដែល​ឃើញ​ឡាន​ច្រើន​ប្លែកៗ​គ្នា នៅ​លើ​ដៃ​អ្នក​ប្រមូល​តែ​ម្នាក់​អីចឹង​ទេ... មាន​តាំង​ពី Bugatti, Hispano-Suiza, Talbot-Lago, Panhard-Levassor, Maserati, Ferrari, Delahaye, Delage"។​

 

អ្វី​ដែល​អ្នក​ជំនាញ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង គឺ​រថយន្ត​ម៉ាក Ferrari 250GT SWB ផលិត​ឆ្នាំ១៩៦១ ដែល​អាច​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រមូល​រថយន្ត​ម៉ាក Ferrari និង​អាច​លក់​បាន​រហូត​ដល់​ទៅ​ជាង ១០​លាន​ដុល្លារ។ ចំណែក​ឯ​រថយន្ត​មួយ​ទៀត​នោះ​គឺ Maserati A6G Gran Sports ផលិត​ឆ្នាំ​១៩៥៦ ដែល​មាន​តែ ៣​គត់​លើ​លោក និង​អាច​ដេញ​ថ្លៃ​បាន​ដល់​ខ្ទង់​លាន​ដុល្លារ​ដូច​គ្នា៕

 

 

 

 

 

 

 

 

 

 

ចុចអាន៖ រតនៈ​សម្បត្តិ​តម្លៃ​រាប់​ម៉ឺន តែ​កសិករ​ម្នាក់​បែរ​ជា​យក​ទៅ​ធ្វើ​​ចន្ទល់​ទ្វារ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail