ក្រូច​ឆ្មារ​មួយ​ផ្លែ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បាន​មួយ​តួ​ខ្លួន​

  • 2014-12-11 18:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​យក​ទៅ​ធ្វើ​ម្ហូប ក្រូច​ឆ្មារ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​យក​មក​ថែ​រក្សា​សម្រស់​ទូទាំង​ដង​ខ្លួន​របស់​យើង​។ មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​បាន​យល់​ដឹង​ពី​គុណប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ក្រូចឆ្មារ​មួយ​ផ្លែ​។ តាំង​ពី​ក្បាល​ដល់​ចុង​ជើង អ្នក​អាច​ប្រើ​ក្រូចឆ្មារ​បាន​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​រាងកាយ​។ ត្រឹម​តែ​ក្រូចឆ្មារ​មួយ​ផ្លែ​ប៉ុណ្ណឹង​សោះ មាន​ប្រយោជន៍​ច្រើន​ដល់​ថ្នាក់​ហ្នឹង​ផង​? ចង់​ដឹង​មែន​ទេ? សូម​អាន​ចំណុច​ខាង​ក្រោម​នេះ​៖​

 

១. សម្រាប់​សក់ និង​ស្បែក​ក្បាល​៖​

អ្នក​អាច​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ជា​ប្រចាំ​ដើម្បី​ឲ្យ​សារធាតុ​ដែល​មាន​ក្នុង​ទឹក​ក្រូចឆ្មារ​នោះ​ចូល​ទៅ​ថែ​បំប៉ន​ និង​បណ្ដេញ​ជាតិ​ពុល​ដែល​ជាប់​នៅ​នឹង​សក់​បាន​។ ក្រៅ​ពី​នេះ អ្នក​អាច​យក​ក្រូច​ឆ្មារ​មក​ច្របាច់​ដាក់​លើ​សក់​ ហើយ​ឈ្លី​ឲ្យ​សព្វ​សម្រាប់​ប្រភេទ​សក់​ដែល​មាន​ប្រេង​ច្រើន​។ ឬ​ក៏​អ្នក​អាច​យក​ក្រូចឆ្មារ​មក​លាប​ត្រដុស​លើ​ស្បែក​ក្បាល ដើម្បី​កម្ចាត់​ក្អែល​លើ​ស្បែក​ក្បាល​បាន​ផង​។​

 

២. ថ្នាំ​ព្យាបាល​ស្នាម​មុន​លើ​ផ្ទៃ​មុខ​៖

សម្រាប់​អ្នក​ដែល​មុខ​មាន​ស្នាម​ខ្មៅ​បន្សល់​ដោយ​មុន​ អាច​សាក​ល្បង​វិធី​ងាយ​ៗ​ដោយ​គ្រាន់តែ​យក​ក្រូចឆ្មារ​មួយ​ចំណិត​ ហើយ​បន្តក់​ទឹក​ឃ្មុំ​ពី​លើ​ មួយ​ ឬ​ពីរ​ដំណក់ ហើយ​យក​ទៅ​លាប​លើ​កន្លែង​ដែល​មាន​ស្នាម​មុន​ទាំង​នោះ ដោយ​ទុក​ចោល​ពី​១០ ទៅ​១៥​នាទី ហើយ​លាង​ចេញ​។ ធ្វើ​បែប​នេះ​២ដង​ក្នុង​មួយ​សប្ដាហ៍​ អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​។

 

៣. សម្រាប់​កែខៃ​បបូរ​មាត់​ខ្មៅ ឲ្យ​មក​ជា​ពណ៌​ស៊ីជម្ពូ៖

ដូច​ Sabay ធ្លាប់​ចុះ​ផ្សាយ​ហើយ​ ក្រូចឆ្មារ​មាន​ប្រសិទ្ធភាព​អាច​កម្ចាត់​ក្អែល ឬ​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​ ឲ្យ​ប្រែ​មក​ជា​ពណ៌​ស៊ីជម្ពូ​តាម​បែប​ធម្មជាតិ​ ព្រោះ​ទឹក​ក្រូចឆ្មារ​មាន​សារជាតិ​កាត់​ស្នាម​ខ្មៅ​ទាំង​នោះ​បាន​យ៉ាង​ល្អ​។​

 

៤. ប្រើ​សម្រាប់​លាប​ក្លៀក​៖

បើ​អ្នក​កំពុង​តែ​ខ្វល់ខ្វាយ​រឿង​ក្លៀក​ខ្មៅ​ អាច​ប្រើ​ក្រូចឆ្មារ​ដើម្បី​បញ្ចប់​កង្វល់​នោះ​បាន​។ បន្ទាប់​ពី​ដក​ ឬ​កោរ​រោម​ក្លៀក​ជា​ប្រចាំ​ហើយ អ្នក​អាច​យក​ក្រូចឆ្មារ​មក​ច្របាច់​ដាក់​ក្រណាត់​ទន់​មួយ​ ហើយ​យក​មក​លាប​លើ​ក្លៀក​ដើម្បី​កាត់​ក្អែល​។ វិធី​មួយ​ទៀត​ យក​ក្រូចឆ្មារ​មួយ​ចំណិត ទឹកឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ និង​ស្ករស​មួយ​ស្លាបព្រា​កាហ្វេ មក​លាយ​បញ្ចូល​គ្នា រួច​លាប​លើ​ក្លៀក​ដោយ​ទុក​ចោល​ប្រមាណ​៣០​នាទី​ ដើម្បី​ទទួល​លទ្ធផល​។ ៥. ប្រើ​លាប​កែង​ដៃ និង​ជង្គង់​ខ្មៅ​ ឬ​ក្រិន​៖

 

ការ​ច្រត់​កែង​ដៃ ឬ​លុត​ជង្គង់​ញឹក​ញាប់​នឹង​ធ្វើ​ឲ្យ​កន្លែង​​ទាំង​ពីរ​ឡើង​ក្រិន​ និង​ខ្មៅ​។ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទៀត​ទេ ព្រោះ​ក្រូចឆ្មារ​មួយ​ចំណិត​អាច​ជួយ​អ្នក​បាន​។ យក​វា​លាប​លើ​កែង​ដៃ និង​ជង្គង់​រាល់​ពេល​ងូត​ទឹក ហើយ​ទុក​ចោល​ប្រហែល​៥​នាទី​។

 

៦. លាង​ក្រចក​ដៃ​ និង​ជើង៖

ដើម្បី​បាន​ក្រចក​ស្អាត និង​រឹងមាំ ក្រូចឆ្មារ​គឺ​ជា​ភ្នាក់​ងារ​សំខាន់​សម្រាប់​រឿង​នេះ​។ លាង​ក្រចក​ដោយ​ប្រើ​ក្រូចឆ្មារ​ជា​ប្រចាំ អ្នក​នឹង​ឃើញ​ថា​ក្រចក​ដែល​ធ្លាប់​តែ​ទន់ ប្រែ​មក​ជា​រឹង​ហើយ​ស​ស្អាត​ទៀត​។

 

តើ​មាន​អ្វី​ទៀត​ដែល​អ្នក​ធ្លាប់​បាន​អនុវត្ត​ជាមួយ​ក្រូចឆ្មារ​? បើ​ដឹង​សូម​ជួយ​ចែក​រំលែក​បន្ថែម​ក្នុង​ប្រអប់​ Comment ខាង​ក្រោម​!

 

ចុច​អាន​អត្ថបទ​ សុខភាព និង​សម្រស់​ជា​ច្រើន​ទៀត

 

ដោយ៖ សរ សុគន្ធី

អត្ថបទថ្មី