តិចនិក​មិន​ឲ្យ​សង្សារ​ផឹក​ជ្រុល​

  • 2014-12-28 16:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាពនារី​ទាំង​ឡាយប្រហែល​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ ពេល​ឃើញ​សង្សារ​សំណព្វចិត្ត​ឲ្យ​តែ​ជួប​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ពេលណា ដឹង​តែ​ផឹក​ទល់​យប់ រហូត​ដល់​ស្រវឹង​ជាមិនខាន។ គូ​សង្សារ​ខ្លះ​ឈ្លោះ​គ្នា​ព្រោះ​តែ​រឿង​នេះ។ មិន​ចង់​បែក​បាក់​គ្នា​ព្រោះ​តែ​រឿង​ហ្នឹង​ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​​​សង្សារ​ឈប់​ផឹក​ស្រា​ច្រើន គួរ​ធ្វើ​បែប​ណា​ទៅ?

 

ទាក់ ​ទង​នឹង​រឿង​នេះ កញ្ញា ​វី អ្នក​គិត​លុយ​នៅ​ក្រុម​ហ៊ុន​ឯក​ជនមួយ​កន្លែង​ជិត​ផ្សារ​អូរឫស្សី ប្រាប់​ថា វា​អាច​ជា​រឿង​​លំបាក​មួយ​សម្រាប់​សុភាព​នារី ព្រោះ​បុរស​គេ​ក៏​ចង់​មាន​សេរីភាព​របស់​គេ​ដែរ​ ​គេ​ចង់​ធ្វើ​អ្វី​ដែល​គេ​ចង់ ។

 

កញ្ញា បន្ត​ថា៖" វិធី​របស់​ខ្ញុំ​ គឺ​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ និង ​មាន​សុជីវធម៌​ទៅ​កាន់​គាត់។ យើង​ប្រើ​ពាក្យ​បែប​ហាម​ឃាត់​តែ​ក្នុង​ន័យ​ព្រួយ​បារម្ភ ដូច​ជា​បង​កុំ​ផឹក​ច្រើន​ពេក​ប្រយ័ត្ន​ឈឺ​ណា​ ខ្លាច​មាន​គ្រោះ​ថ្នាក់​ពេល​ជិះ​ទៅ​ផ្ទះ​វិញ ។ ប្រាប់​គាត់​ពី​ផល​លំបាក​ដែល​យើង​មិន​ចង់​បាន និង​ គុណវិបត្តិ​របស់​ស្រា"។ ប៉ុន្តែ​នារី​ក៏​គួរ​មើល​ពី​កាលៈទេសៈ​ផង​ដែរ​​ត្រូវ​មើល​ពី​ចរិត​របស់​គេ ថា​គេ​មាន​ធ្វើ​អ្វី​ខុស​ក្រៅ​ពី​ផឹក​អត់។

 
 

ស្រដៀងគ្នា​នេះ​ដែរ កញ្ញា​ ឈុន ផល្លា អតីត​និស្សិត ​រៀន​ពេទ្យ និយាយ​ថា​ នៅ​ពេល​ជួប​ជុំ​គ្នា​បុរស​មិន​ចង់​លក់​មុខ​ដោយ​សារ​តែ​មិន​ផឹក​ស្រា​ព្រោះ​សង្សារ​ទេ។ នារី​ខ្លះ​ជ្រើស​យក​ការ​ធ្វើ​មុខ​ក្រញូវ បើ​និយាយ​ហើយ​មិន​ព្រម​ស្ដាប់​ដើរ​ចេញ។

 

ផល្លា ​ថា៖ "ខ្ញុំ​ប្រាប់​មិត្ត​ប្រុស​ឲ្យ​ប្រាប់​មិត្តភ័ក្ដិ​គាត់​ថា គាត់​ឈឺ​ក្រពះ​ផឹក​ច្រើន​មិន​បាន​ទេ ម្យ៉ាង​ត្រូវ​ឌុប​មិត្ត​ស្រី​ទៅ​ផ្ទះ​ផង​ខ្លាច​ផឹក​ច្រើន​ឌុប​មិន​កើត។ ហើយ​នៅ​ពេល​គាត់​ទៅ​ជប់​លៀង​អី ខ្ញុំ​តែង​ផ្ញើរ​សារ​ថា បើ​ស្រវឹង​កុំ​បើក​បរ! អូន​ចង់​ឃើញ​បង​មាន​ក្ដី​សុខ។ យើង​មិន​អាច​ទៅ​ហាម​ឃាត់១០០% គ្រប់​ពេល​ទេ ត្រឹម​កាត់​បន្ថយ​បាន​ខ្លះ តែ​យើង​ក៏​មើល​ដែរ​បើ​យូរ​ៗ​គាត់​ផឹក​ម្ដង​ៗ​ក្នុង​ការ​ជួប​ជុំ​មិត្តភ័ក្ដិ យក​ល្អ​កុំ​ឈ្លោះ​ជា​មួយ​នឹង​គាត់​អី គ្រាន់​តែ​សុំ​កុំ​ឲ្យ​ផឹក​ច្រើន​ពេក​ទៅ​បាន​ហើយ។ ខ្ញុំ​តែង​ធ្វើ​បែប​នេះហើយ​គាត់​មិន​ដែល​ខឹង​ខ្ញុំ​ទេ ព្រោះ​គាត់​យល់​ថា​ខ្ញុំ​ស្រលាញ់​និង​បារម្ភ​គាត់"។

 

សូមអាន៖  ចង់​បាន iPhone 6 ចូល​ទៅ​កាន់ Get Your Sexy Back KH

 

សម្រាប់ ​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​របស់​ទំព័រ​មើល​ចិត្ត (www.facebook.com/merlchitpage) កញ្ញា​ ឡេង ពុទ្ធារី ចែក​រំលែក​នូវ​គន្លឹះ​មួយ​ចំនួន​​ដើម្បី​​ជំរុញ​ឲ្យ​ដៃ​គូ​កាត់​បន្ថយ​ឬ​ឈប់ផឹក​ស្រា​បាន​ខ្លះ ។ ពេល​ខ្លះ​ការ​រួម​ចំណែក​ពី​មនុស្ស​ជា​ទី​ស្រលាញ់ក្នុង​ការ​បញ្ឈប់​សុរា​របស់​សង្សារ​ពេល​ខ្លះ​ពិត​ជា​អាច​មែន។

 

​ - ត្រូវ​ដាក់​ដែន​កំណត់​ហើយ​និយាយ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មួយ​គាត់ ។ ប្រសិន​បើ​គាត់​ប្រើ​សម្ដី​ធ្ងន់​ៗ ឬ​មាន​កាយ​វិការ​មិន​សមរម្យ​ពេល​គាត់​ផឹក​ស្រវឹង​ម្ដង​ៗ យើង​គួរ​តែ​កុំ​ទៅ​ណា​ជាមួយ​គាត់​នៅ​កន្លែង​បែប​នោះ​ទៀត​អី ។ ហើយ​បើ​សិន​ជា​គាត់​ដល់​ថ្នាក់​ប្រើ​ហិង្សា​ទៀត​នៅ​ពេល​ដែល​គាត់​ផឹក​ស្រវឹង ​ម្ដង​ៗ យើង​មិន​គួរ​នៅ​ជិត​គាត់​ដែរ​ពេល​នោះ ។

 

- ត្រូវ​ចង​ចាំ​ថា ការ​ញៀន​សុរា ​គឺ​ជា ​ជំងឺ​មួយ ។ យើង​ស្អប់​ការ​ញៀន​សុរា តែ​មិន​មែន​ស្អប់​ដៃ​គូ​របស់​យើង​ទេ ។ ដូច្នេះ សូម​កំដរ​គាត់ បង្កើត​ភាព​រីករាយ​ជាមួយ​គាត់ បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​គាត់​ឲ្យ​បាន​ច្រើន នៅ​ពេល​ដែល​គាត់​មិន​ផឹក ។ ក្នុង​ខណៈ​នោះ យើង​ក៏​អាច​ចាប់​ផ្ដើម​និយាយ​បន្តិច​ម្ដង​ៗ តាម​សម្រួល​និង​ដោយ​ពាក្យ​ផ្អែម​ល្ហែម​ពី​រឿង​ដែល​យើង​ពិបាក​ចិត្ត ឬ​ឈឺ​ចាប់​ដោយ​សារ​ការ​ផឹក​របស់​គាត់ ដោយ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​វា​បង្ក​ទៅ​ជា​ជម្លោះ​ពាក្យ​សម្ដី​នោះ​ឡើយ ។

 
 

ប្រសិន​បើ​​ចង់​ឲ្យ​ដៃ​គូ​រ​ឈប់​ផឹក​ស្រា​តែ​ម្ដង ប្រហែល​ជា​គ្មាន​វិធី​ណា​មួយ​ដែល​ប្រើ​ហើយ​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នោះ​ ទេ ពោល​គឺ​មាន​តែ​ខ្លួន​គាត់​ផ្ទាល់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ការ​សម្រេច​ ចិត្ត​ថា​គួរ​បន្ត​ផឹក​ដដែល ឬ​កាត់​បន្ថយ ឬ​ឈប់​តែ​ម្ដង ៕

 

នៅ​តែ​ស្រលាញ់​គ្នា ហើយ​សង្សារ​មិន​ផឹក​គ្រឿង​ស្រវឹង​ មិត្ត​យុវវ័យ​យល់​ថា ​មាន​យុទ្ធសាស្ត្រ​អ្វី​ផ្សេង​ពី​នេះ​ទៀត​ទេ? បើ​មាន​ជួយ​ប្រាប់​ផង​ណា។

 

អត្ថបទ៖  សុ​នា

អត្ថបទថ្មី