ពិធី​ករ​កម្មវិធី "រង្វាន់​ទេវតា" បង្ខំ​ចិត្ត​សេង​ហាង​នៅ​ផ្លូវ​កម្ពុជា​ក្រោម ព្រោះ​អាណិត​ម្ដាយ!

  • 2014-12-16 13:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​កម្មវិធី "រង្វាន់​ទេវតា" យឹម ណារ៉ា បាន​បង្ខំ​ចិត្ត​បិទ​ទ្វា​ហាង​លក់​សំលៀកបំពាក់​នៅ​ផ្លូវ​កម្ពុជា​ក្រោម និង​ សេង​ហាង​នោះ​ឲ្យ​អ្នក​ដទៃ​ជា​អ្នក​ជួល​ជំនួស​ទៅ​វិញ ដោយ​សារ​តែ​អាណិត​ម្ដាយ​ពេក។

 

 

ពិធី​ករ​ខាង​លើ​បាន​ប្រាប់ Sabay ថ្មីៗ​នេះ​ថា រូប​គេ​មមាញឹក​ក្នុង​ការងារ​សិល្បៈ​ដកដៃ​មិន​រួច​សោះ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ  ហើយ​មិន​អាច​ឆ្លៀត​មក​ជួយ​ម្ដាយ​មើល​ការ​ខុសត្រូវ​ហាង​បាន​ទេ។ រូប​គេ​ត្រូវ​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រឹក រហូត​យប់​ជ្រៅ​ទើប​ត្រឡប់​វិញ និង ​ស្ទើរ​មិន​មាន​ពេល​ជួប​មុខ​ម្ដាយ​ទៀត​ផង​។

 

ណារ៉ា បញ្ជាក់​ថា៖ “អត់​ចង់​ឲ្យ​ម៉ាក់​នៅ​ម្នាក់​ឯង​ទេ ហើយ​បង​ស្រី​ចង់​ឲ្យ​គាត់​ទៅ​រស់​នៅ​ជាមួយ​ឯ​សៀមរាប ព្រោះ​អាច​មាន​ពេល​គ្រប់គ្រាន់​មើល​ថែ​ទាំ​គាត់​ជាង"។ ម្យ៉ាង​ទៀត ណារ៉ា បន្ថែម​ថា មិន​មាន​ពេល ចេញ​ចូល​ទៅ​មក​ប្រទេស​ថៃ ដើម្បី​យក​សំលៀក​បំពាក់​មក​លក់​ដូច​ពី​មុន​ឡើយ ខណៈ​មាន​កម្មវិធី​របស់ CTN និង My TV ចំនួន​ ៥ ​នៅ​ក្នុង​ដៃ ដោយ​មិន​រាប់​បញ្ចូល​កម្មវិធី​សិល្បៈ​នានា​ទៀត​ទេ។

 

ហេតុផល​ទាំង​អស់​នេះ បាន​រុញ​ច្រាន​ឲ្យ​តារា​សម្ដែង​ខាង​លើ​សម្រេច​ចិត្ត បញ្ចប់​អាជីព​ជា​អ្នក​លក់​សំលៀក​បំពាក់​បុរស និង​ ជួន​ម្ដាយ​ទៅ​រស់នៅ​ខេត្ត​សៀមរាប​ជាមួយ​បង​ស្រី ហើយ​រូប​គេ​សុខ​ចិត្ត​រស់​នៅ​ម្នាក់​ឯង​នៅ​ភ្នំពេញ។

 

ទោះ​បី​ជា​យ៉ាង​ណា ពិធី​ករ​រូប​នេះ​កំពុង​រៀប​ចំ​ផែន​ការ ដើម្បី​បើក​ហាង​មួយ​ទៀត ដោយ​ចូលហ៊ុន​គ្នា​ជាមួយ​មិត្ត​ភក្ដិ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ ព្រោះ​មាន​គ្នា​ច្រើន​ងាយ​ស្រួល​ជួយ​មើល​ការ​ខុស​ត្រូវ​គ្នា។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​សម្របសម្រួល​កម្មវិធី​ខាង​លើ មិន​បាន​បញ្ជាក់​ថា មុខ​របរ​ថ្មី​នេះ​ជា​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ។

 

ចំណែក​រឿង​រ៉ាវ​ស្នេហា​ឯ​ណេះ​វិញ តារា​រូប​នេះ​បង្ហើប​ថា អាច​នឹង​សម្លឹង​រក​នារី​ម្នាក់ ហើយ​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០១៦ ឬ​២០១៧​ខាង​មុខ ខណៈ​មាន​វ័យ​២៨​ឆ្នាំ​ទៅ​ហើយ៕

 

មើល​តារា​ភូមា Selfies ក្នុង​ថ្ងៃ​បុណ្យ​សមុទ្រ​ខ្មែរ

អាន​អត្ថបទ៖ សាន់ដេ ត្រៀម​១​អាល់ប៊ុម​ឲ្យ ប៊ុន សក្ដិ ផ្ទុះ​ក្នុង​ឆ្នាំ​២០១៥

អត្ថបទ៖ សំ ជំនាញ