របៀបឆ្កឹះឲ្យដឹងពីស្ថានភាពរថយន្តមួយទឹក អ្នកចង់ទិញ គឺសួរតែសំនួរប៉ុន្មាននេះ
- 2014-12-25 15:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបឆ្កឹះឲ្យដឹងពីស្ថានភាពរថយន្តមួយទឹក អ្នកចង់ទិញ គឺសួរតែសំនួរប៉ុន្មាននេះ
ចន្លោះមិនឃើញ
ការទិញរថយន្តថ្មីវាមិនមែនជាបញ្ហាចោទប៉ុន្មានទេ តែអ្វីដែលសំខាន់នោះគឺពេលទិញរថយន្តមួយទឹក អ្នកតែងតែរកមនុស្សមានជំនាញ និងមានបទពិសោធន៍ដឹងខ្លះៗពីរថយន្តអោយជួយមើលឲ្យ។ ប៉ុន្តែអ្នកក៏ត្រូវមានចំណេះដឹងខ្លួនឯងខ្លះៗដែរ។ ដូច្នេះខាងក្រោមនេះគឺជាសំនួរទាំង៩ ដើម្បីជាចំណេះដឹង និងជំនួយដល់អ្នកពេលសួរក្នុងការទិញរថយន្តមួយទឹក។ បើចង់ដឹង តោះ! ទៅមើលទាំងអស់គ្នា។
១. តើរថយន្តហ្នឹងប្រើយូរនៅ ហើយបើកបានប៉ុន្មានគីឡូម៉ែត្រដែរ? អ្នកគួរសួរសំនួរមួយនេះទៅកាន់អ្នកលក់ ព្រោះសំនួរមួយនេះអាចអោយអ្នកដឹងគុណភាព និង តម្លៃរបស់រថយន្តដើម្បីងាយស្រួលក្នុងការតថ្លៃ។
២. ហេតុអ្វីបានជាលក់វា? នេះក៏ជាសំនួរល្អមួយដើម្បីអោយយើងបានដឹងពីមូលហេតុដែលគេចង់លក់ឡាននោះ។ ឧទាហរណ៍ដូចជា គេចង់ទិញឡានថ្មី, ត្រូវការលុយ, និងហេតុផលណាមួយ ដែលអាចប៉ះពាល់ដល់អ្នក និង អាចអោយអ្នកពិចារណា ព្រមទាំងធ្វើការសម្រេចចិត្តក្នុងការទិញ។
៣. តើរថយន្តហ្នឹងម្ដេចដែរ? ឬតើអាចប្រាប់ពីស្ថានភាពរបស់វាបានអត់? សំនួរមួយនេះអ្នកនឹងទទួលបានចម្លើយបីដូចជា ល្អណាស់ ល្អ និងមធ្យម។ ថ្វីត្បិតតែវាជាចម្លើយមិនពិតមួយរយភាគរយក៏ដោយ ក៏វាអាចអោយអ្នកបានដឹងខ្លះៗដែរ។
៤. តើទិញឡានហ្នឹងមកពីណា? សំនួរមួយនេះក៏ជាសំនួរល្អដែរដើម្បីអោយអ្នកបានដឹងកាន់តែច្បាស់ពីម្ចាស់ ដែលគេបានទិញឡានមក ជួនកាលគេអាចទិញមកពីក្រុមហ៊ុនផ្ទាល់ ឬក៏គេអាចទិញតពីអ្នកប្រើប្រាស់ដូចគ្នា ដែលជាហេតុអាចអោយអ្នកដឹងពីរថយន្តនោះគឺមួយទឹក រឺក៏ធ្លាប់ប្រើច្រើនម្ចាស់កន្លងមកហើយ។
៥. តើឡានហ្នឹងចាក់ប្រេងម៉ាស៊ីនម៉ាកអ្វីដែរ? ការទិញរថយន្ត អ្វីដែលសំខាន់នោះគឺម៉ាស៊ីន។ អ្នកអាចបានដឹងបានពីរបៀបនៃការថែរក្សាគ្រឿងម៉ាស៊ីនរបស់រថយន្ត ព្រោះថា បើអ្នកប្រើប្រាស់អាចចាក់ប្រេងល្អកម្រិតស្តង់ដារគឺល្អ តែបើគេប្រើប្រេងប្រភេទអន់ៗ ប្ដូរម៉ាករហូតវាអាចបង្កជាបញ្ហានៅពេលដល់ដៃអ្នកនៅថ្ងៃក្រោយ។
៦. តើអ្នកនឹងលក់រថយន្តក្នុងតម្លៃប៉ុន្មានដែរ? សំនួរមួយនេះដើម្បីអោយអ្នកលក់ដាក់តម្លៃរថយន្តដើម្បីងាយស្រួលក្នុងការតថ្លៃ។
៧. តើអោយខ្ញុំសាករយៈពេលប៉ុន្មានដែរ? ការទិញឡានមួយទឹកគឺតែងតែធ្វើការសាកល្បងជាមុន ដើម្បីអោយដឹងពីដំណើរការម៉ាស៊ីន កម្លាំង និង មុខងារផ្សេងៗទៀត ដូច្នេះបើយើងអាចសាកប្រើបានកាន់តែយូរ អ្នកបានដឹងកាន់តែច្រើន។
៨. តើអាចអោយខ្ញុំពិនិត្យមើលឡានដោយខ្លួនឯងផ្ទាល់បានអត់? ដើម្បីអោយកាន់តែទុកចិត្ត អ្នកត្រូវតែមើលវាដោយខ្លួនឯងដើម្បីអោយដឹងបានកាន់តែច្បាស់ពីគុណភាពរបស់រថយន្ត។
៩. ពីមុនមកធ្លាប់លក់ឡានអ្វីខ្លះ? សំនួរមួយនេះគឺអាចអោយអ្នកដឹងបានកាន់តែច្បាស់ពីម្ចាស់លក់ឡាន។ ជួនកាលពួកគេអាចជាអ្នកកួកជេ ឬរកស៊ីឡាន ដែលទិញឡានតម្លៃថោកៗយកមកជួសជុលហើយលក់យកចំណេញ៕
-អានអត្ថបទ៖ រថយន្តអាក្រក់បំផុតទាំង ១០ ប្រចាំឆ្នាំ ២០១៤
ប្រែសម្រួល៖ សំនៀង ប្រភព៖ usedcars