Chelsea អាចសងសឹក Newcastle បានអត់យប់នេះ?
- 2015-01-10 18:28:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea អាចសងសឹក Newcastle បានអត់យប់នេះ?
ចន្លោះមិនឃើញ
ក្រុម Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge របស់ខ្លួនទទួលស្វាគមន៍ក្រុម Newcastle United ក្នុងក្របខ័ណ្ឌ English Premier League នាម៉ោង១០:០០នាទីយប់នេះ។ ចាំមើលក្រុមលោក Jose Mourinho អាចសងសឹកក្រុមសារិកាព្រៃបានឬអត់ ព្រោះកាលពីជើងទីមួយ ក្រុមតោខៀវចាញ់ក្នុងលទ្ធផល ២-១។
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Steve Holland ដែលជាជំនួយការលោក Jose Mourinho បាននិយាយថា៖ “ពេលដែលយើងមានការប្រកួត២ទៅ៣ដងក្នុងមួយសប្ដាហ៍ ហើយកីឡាករទើបតែជាសះស្បើយពីរបួសនោះ គឺពិតជារឿងពិបាកមួយពិតមែន។ ខ្ញុំនិយាយដូចនេះគឺមកពីយើងមិនមានពេលហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់។ ប្រសិនបើយើងចង់ឈរនៅកំពូលតារាងនេះបន្តទៀត យើងត្រូវតែប្រុងប្រយ័ត្នគ្រប់ប្រកួតទោះជាជួបជាមួយក្រុមណាក៏ដោយ។ យ៉ាងណាមិញក្នុងប្រកួតយប់នេះក៏ដូចគ្នា យើងត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព”។
ខណៈដែល Newcastle United មិនទាន់រកបានអ្នកចាត់ការថ្មីនោះ លោក John Carver ដែលជាគ្រូបណ្ដោះអាសន្នបាននិយាយមុនប្រកួតនេះដែរថា៖ “តាមពិតទៅក្រុមរបស់យើងមិនមានបញ្ហាអ្វីនោះទេ ទោះជាទើបតែបាត់បង់អ្នកចាត់ការទៅក៏ដោយ។ យើងជាប់ចំណាត់ថ្នាក់លេខ៥ប៉ុន្មានរដូវកាលមកហើយ ដូច្នេះបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១០ក៏មិនទាន់មានបញ្ហាអីសម្រាប់យើងដែរ។ ពាក់កណ្ដាលរដូវកាលទៀត យើងត្រូវតែធ្វើឱ្យបានល្អជាទីបំផុត”។
ជើងកីឡាករ
ម្ចាស់ផ្ទះ Chelsea មិនមានបញ្ហាកីឡាករអីនោះទេ ព្រោះ John Terry , Eden Hazard និង Cesc Fabregas គឺសុទ្ធតែអាចលេងបានទាំងអស់នៅយប់នេះ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Courtois , Ivanovic , Terry , Cahill , Azpilicueta , Matic , Fabregas , Hazard , Oscar , Willian និង Costa ។
ចំណែកក្រុមភ្ញៀវ Newcastle United មានកីឡាករអវត្តមានជាច្រើនដោយសារមានរបួសដូចជា Abeid , Steven Taylor , Elliot , Aarons , Ameobi , De Jong , Obertan និង Ryan Taylor ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Krul , Santon , Williamson , Coloccini , Dummett , Anita , Colback , Gouffran , Cabella , Sissoko និង Perez ។
ប្រវត្តិជួបគ្នា
បើគិតត្រួសៗទៅក្រុមទាំងពីរនេះធ្លាប់បានប៉ះគ្នា១៣២ដងមកហើយ ដែលក្នុងនោះក្រុម Chelsea ឈ្នះ៥៣ដង ស្មើ៣៤ដង និង Newcastle ឈ្នះ៤៥ដង។ ៦ប្រកួតចុងក្រោយ ក្រុមតោខៀវឈ្នះបានតែ២ដង និងចាញ់៤ដង។
សម្រាប់គូទាំងអស់ដែលត្រូវប្រកួតយប់នេះ៖
ព្យាករណ៍សម្រាប់គូនេះគឺ Chelsea ៣-០ Newcastle United ។
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ BBC