ឈឿន ឆៃដែន និង​ ឃឹម ឌីម៉ា ត្រៀម​ខ្លួន​ស្វាគមន៍​ជើង​ខ្លាំង​​ថៃ​នៅ​ល្ងាច​ស្អែក

  • 2015-01-10 19:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រ​ដាល់​​របស់​កម្ពុជា​ ២ នាក់​គឺ​កីឡាករ ឈឿន ឆៃដែន និង​ ឃឹម ឌីម៉ា ​ត្រៀម​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​​ជើង​ខ្លាំង​​មកពី​​ប្រទេស​ថៃ នៅ​ថ្ងៃ អាទិត្យ ទី ១១ ខែ​​ មករា ឆ្នាំ ២០១៥ នេះ​​លើ​សង្វៀន​ស្ទឹង​មាន​ជ័យ​ របស់​​ស្ថានីយ៍​​ទូរទស្សន៍​បាយ័ន។

 

 

តាម​ការ​គ្រោង​ទុក​របស់​អ្នក​រៀប​ចំ​ការ​​កម្ម​វិធី ការ​ប្រ​កួត​និង​​​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​ ៦ ល្ងាច​តទៅ​។ ​ចំពោះ​ ​ឈឿន ឆៃដែន ជា​កីឡាករ​មក​ពី​ក្លឹប​ និរោធនិមានជ័យ​ ត្រូវ​ប៉ះ​និង​កីឡាករ​  Seanrak  Kiatmana  ​​ដែល​មក​ពី​ប្រទេស​ថៃ ក្នុង​ប្រភេទ​ទម្ងន់​ ៦០​ គីឡូក្រាម​។ ​យោង​តាម​ស្ថិតិ​​ដែល​ទទួល​បាន​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​កីឡាករ​ ឈឿន ឆៃដែន មាន​អាយុ ២៥​​​​​​​​​​​​​​​​​ ​ឆ្នាំ​មាន​កម្ពស់ ១,៧០ ម៉ែត្រ​ ទម្ងន់ ៦០ គីឡូក្រាម​ ធ្លាប់​ប្រកួត​បាន​ ៦៦ ដង​ឈ្នះ ៤៩ ចាញ់ ១២ ស្មើ ៥ និង​ផ្ដួល​គូ​ប្រកួត​ឲ្យ​សម្លាប់​បាន ១៥ លើក។ ចំណែក Seanrak   Kiatmana វិញ​មាន​អាយុ ២១ ឆ្នាំ​​ទម្ងន់ ៦០គីឡូក្រាម កីឡាករ​រូប​នេះ​​ធ្លាប់​ប្រ​កួត​បាន​ចំនួន ៦៥ ដង​ក្នុង​នោះ​​ ​ឈ្នះ ៥១ ចាញ់១៣ និង​ស្មើ​ ១ ។

 

រីឯ​​ការ​ប្រកួត​ជា​លក្ខណៈ អន្តជាតិ​មួយ​​គូ​ទៀត​គឺ ឃឹម ឌីម៉ា​​  ដែល​មក​ពី​ក្លឹប ​រស្មីភូមិគាប និង​ជួប​ជាមួយ​កីឡាករ​ថៃ​ ម្នាក់​ទៀត​  Kaitongs Wirachai ក្នុង​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​។ បើ​និយាយ​ពី​ ឃឹម​ ឌីម៉ា មាន​កម្ពស់​ ១.៧០ ម៉ែត្រ​មាន​ទម្ងន់​ ៦៣ គីឡូក្រាម​ ធ្លាប់​ឡើង​លើ​រេញ​បាន​ ៥០​​​ លើក​ឈ្នះ​ ៤២ ចាញ់​ ៥ និង​ស្មើ​ ៣​ ព្រម​ទាំង​ផ្ដួល​ដៃ​គូ​​ឲ្យ​ព្រម​ចុះ​ចាញ់​​បាន​​ ១៣​ ដង។ ដោយ​ឡែក​ Kaitongs Wirachai វិញ​មាន​អាយុ​ ២៦ ឆ្នាំ​មាន​ទម្ងន់​ ៦៤ គីឡូក្រាម​ ហើយ​មាន​កម្ពស់​ ១.៧២​ ម៉ែត្រ​គេ​ធ្លាប់​ប្រ​កួត​បាន​ ៨៨ លើក​ ដោយ​​ឈ្នះ​ ៦៣ ចាញ់ ២៣ និង​ស្មើ​ចំនួន​ ៣ ​ដង។​​

 

ដំណាល​​គ្នា​នេះ​ដែរ​ ក៏​មាន​ការ​ប្រកួត​​កីឡាករ​កម្ពុជា​និង​កីឡាករ​កម្ពុជា​ ២ គូ​ផ្សេង​ទៀត​​ គឺ​រវាង​ អ៊ុំ កំសត់​ មក​ពី​ក្លឹប​ ព្រៃទទឹម ប៉ះ​និង​កីឡាករ​ ចាន់​ ឆាយម៉ៅ មកពី​ ​និរោធនិមានជ័យ ប្រភេទ​ទម្ងន់​ ៦៣ គីឡូក្រាម​ ជា​គូ​បើក​ឆាក​។ ចំណែក​កីឡាករ​ ម៉ន ព្រំម៉ាញ​ ដែល​មក​ពី​ ការិយាល័យទី៥ជើងគោក​ត្រូវ​ជួប​ជាមួយ​ ជន សាវុធ​ មកពី ពោធិ៍​ជ័យ​កីឡា​ ក្នុង​ទម្ងន់​ ៥៧ គីឡូក្រាម ជា​គូ​បិត​ការ​ប្រកួត​ ៕​​

 

តើ ឈឿន ឆៃដែន និង​ ឃឹម ឌីម៉ា អាច​ស្វាគមន៍​កីឡាករ​ថៃ​បាន​កម្រិត​ណា​នៅ​ល្ងាច​ស្អែក?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា