ឪពុក-ម្ដាយ បើក​បុក​កូន​ស្លាប់​ មាន​ទោស​ព្រហ្មទណ្ឌ​ ឬអត់?

  • 2015-01-14 12:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ឪពុក-​ម្ដាយ បើក​រថយន្ត​បុក​ ឫ​កិន​កូន​ខ្លួន​ឯង​បាន​កើត​មាន​តាមរយៈ​រូបភាព​វីដេអូ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង សារព័ត៌មាន​នា​ពេល​ចុង​ក្រោយ​នេះ។ មាន​ការ​លើក​ឡើង​ផ្សេង​ៗ​ថា ទោះ​ជន​រង​គ្រោះ​ជា​កូន​បង្កើត​ដែល​ខ្លួន​ស្រឡាញ់​បែប​ណា​ក្ដី ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ដែរ​។ តែ​អ្នក​ខ្លះ​ថា គ្មាន​ឪពុក​-ម្ដាយ​ណា​ចង់​ឲ្យ​កូន​ខ្លួន​ស្លាប់​នោះ​ទេ បើ​មិន​អី​ចឹង​មិន​មែន​ខំ​បង្កើត និង​ ចិញ្ចឹម​បី​បាច់​នោះ​ទេ។ ដើម្បី​ស្រាយ​បញ្ហា​នេះ Sabay បាន​ជួប​លោក​ សែម គន្ធា នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​។

 

រូបតំណាង ករណី​គ្រោះថ្នាក់ចរាចរណ៍

 

Sabay៖ ជម្រាបសួរ លោក  សែម គន្ធា នាយ​រង​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ !

សែម គន្ធា ៖ បាទ ជម្រាប​សួរ !

 

Sabay៖ មហាជន​ហាក់​មិន​ច្បាស់​នៅ​ឡើយ​ទេ​អំពី​ការ​ទទួល​ខុស​របស់​ឪពុក​ម្ដាយ​ ដែល​បើក​បរ​បុក ​ឫកិន ​​កូន​ខ្លួន​ឯង​ស្លាប់។ តើ​លោក​អាច​ពន្យល់​ដូចម្ដេច​ដែរ​អំពី​បញ្ហា​នេះ​?

 

សែម គន្ធា៖ អរគុណ​ ខ្ញុំ​សូម​ជម្រាប​ថា ច្បាប់​ចរាចរណ៍​ផ្លូវ​គោក មិន​បាន​និយាយ​សំដៅ​លើ​បុគ្គល​ណា​ម្នាក់​ដើម្បី​ដាក់​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ គឺ​សំដៅ​គ្រប់​ជន​ទាំង​អស់​ត្រូវ​ស្ថិត​ក្រោម​ច្បាប់​នេះ​ បើ​​ខុស​ឆ្គង​ដោយ​ប្រការ​ណា​មួយ​​។

 

Sabay៖ អីចឹង​ មាន​ន័យ​ថា ទោះ​ជា​ឪពុក-​ម្ដាយ​ជា​អ្នក​បង្កើត​កូន​ខ្លួន​ឯង ខំ​ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​កូន​យ៉ាង​ណា​​ក្ដី ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដែរ​មែន​ទេ​លោក​?

សែម គន្ធា ​៖ បាទ​ ជា​ការ​ពិត​ណាស់ បើ​ពួក​គាត់​ធ្វេសប្រហែស​ឲ្យ​កើត​រឿង​អី​ចឹង ត្រូវ​មាន​កាតព្វកិច្ច​​ប្រឈម​នឹង​ច្បាប់​ចរាចរណ៍​ហើយ។ ច្បាប់​បើក​បរ​តម្រូវ​ឲ្យ​គ្រប់​អ្នក​បើក​បរ​មុន​នឹង​បើក​បរ ត្រូវ​ត្រួត​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​ ទាំង​បច្ចេកទេស និង​ បរិវេណ​ជុំវិញ​ និង ​ក្រោយ​រថយន្ត​មុន​នឹង​ចេញ​ដំណើរ។

 

Sabay៖ រឿង​នេះ​ត្រូវ​ធ្វើ​ខាន​មិន​បាន​មែន​ទេ​លោក​?

 

សែម គន្ធា៖ ត្រូវ​តែ​មើល​!​ ដើម្បី​កុំ​ឲ្យ​រឿង​កិន​កូន ឫ​បុក​កូន​​ខ្លួន​ឯង​កើត​ឡើង ព្រោះ​ក្មេង​ៗ​គ្នា​មិន​ដឹង​អី​ទេ តែ​ភាគ​ច្រើន​មិន​សូវ​ធ្វើ​ទេ ពោល​គឺ​ពេល​ចង់​ចេញ​ ចង់​ថយ​រថយន្ត​ក៏​ឡើង​បើក​ទៅ​ប្រុយ​ដោយ​មិន​មើល​មុខ​ក្រោយ​ ចំហៀង​ សង​ខាង និង ​ខាង​ក្រោម​រថយន្ត​អី​ទេ​។ សុទ្ធ​តែ​ខុស​! ខ្ញុំ​ដឹង​ថា គ្មាន​ឪពុក​ម្ដាយ​ណា​ចង​ធ្វើ​បែប​នេះ​ទេ ដូច្នេះ​ហើយ​បាន​ជា​ច្បាប់​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ឲ្យ​ឪពុក​ម្ដាយ​កាន់​តែ​ប្រយ័ត្ន​។ ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា ​ច្បាប់​ចរាចរណ៍​ក៏​មិន​បាន​និយាយ​ទេ ករណី​ឪពុក​ម្ដាយ​បុក​ឫ​កិន​កូន​ខ្លួន​ឯង​របួស​ឫ​ស្លាប់ ត្រូវ​ឲ្យ​រួច​ខ្លួន​ដែរ គឺ​ដូច​ខ្ញុំ​និយាយ​ខាង​លើ​ហើយ​ថា ច្បាប់​ចែង​សំដៅ​បុគ្គល​គ្រប់​រូប​ឲ្យ​តែ​ល្មើស​។

 

Sabay​៖សូម​អរគុណ​ចំពោះ​ការ​ពន្យល់​! លោក ​ចុះ​ការ​ទទួល​ខុស​ត្រូវ ឫ ​ទណ្ឌកម្ម​ដែល​ឪពុក-​ម្ដាយ​ត្រូវ​ទទួល​វិញ តើ​របៀប​ម៉េច​វិញ​បាទ​?

 

សែម គន្ធា៖ និយាយ​រួម​ទៅ​មើល​ច្បាប់​ចរាចរណ៍​ដែល​កំពុង​នៅ​ធរមាន ដាក់​ទណ្ឌ​កម្ម​លើ​អ្នក​ប្រព្រឹត្ត​ទូទៅ​បែប​ណា គឺ​ឪពុក​ម្ដាយ​ក្នុង​ករណី​នេះ ក៏​រង​ទណ្ឌកម្ម ដូច​គ្នា​ដែរ​។ ឥឡូវ​ខ្ញុំ​លើក​ករណី​ដែល​បើក​បុក​ ឫ​កិន​កូន​​ស្លាប់​មួយ​ចុះ​។ តាម​មាត្រា​ ៨២ ​នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ឆ្នាំ​ ២០០៧ តុលាការ​អាច​ដាក់​ទោស​ជន​ណា​ដែល​បើក​បរ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​អចេតនា​នេះ ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ និង\ឫ​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​ទៅ​១០​លាន​រៀល​​។ ពាក្យ​ និង​ ឫ​នេះ ទុក​លទ្ធភាព​ឲ្យ​ចៅ​ក្រម​ជ្រើស​រើស​យក​មួយ​ណា ឫ​ដាក់​ទាំង​ពីរ​តែ​ម្ដង ដោយ​ផ្អែក​តាម​កម្រិត​ល្មើស និង​ ស្ថានភាព​អ្នក​ល្មើស​។ និយាយ​រួម​មក ឪពុក​ម្ដាយ ទទួល​ខុស​ត្រូវ​ដូច​គ្នា​អីចឹង​។

 

Sabay​៖ ចំពោះ​ការ​អនុវត្ត​ជាក់​ស្ដែង​វិញ តើ​នគរបាល​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ឫ​យ៉ាង​ណា​លោក​?

 

សែម គន្ធា៖ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ យើង​បាន​ត្រឹម​តែ​កសាង​សំណុំ​រឿង ឃាត់​ខ្លួន​ខ្លះ​ត្រឹម​ដំណាក់​កាល​នគរបាល​ ប៉ុន្តែ ​ពុំ​បាន​បញ្ជូន​ទៅ​តុលាការ​ទេ​។ យើង​អប់រំ​ពួក​គេ​​អំពី​បញ្ហា​នេះ និង​ ធ្វើ​កិច្ច​សន្យា​បញ្ចប់​រឿង​​។ ហេតុ​ផល​ដែល​មិន​បញ្ជូន​ ដោយ​យល់​ឃើញ​ថា ជា​ទំនាក់​ទំនង​ឪពុក​ម្ដាយ​និង​កូន​ តែ​មែន​ទែន​ទៅ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​។

 

Sabay​៖ ជា​ចុង​ក្រោយ​លោក​មាន​អ្វី​ចង់​បន្ថែម​ជុំ​វិញ​ប្រធាន​បទ​នេះ! សែម គន្ធា៖ នាពេល​បច្ចុប្បន្ន​នេះ នគរបាល​ប្រើ​មនោសញ្ចេតនា​យោគយល់​ចំពោះ​ទំនាក់​ទំនង​ឪពុក​ម្ដាយ​ និង​ កូន​។ តែ​ការ​យោគយល់ មាន​ព្រំដែន​កំណត់ បើ​បណ្ដោយ​ការ​ធ្វេស​ប្រហែល​របស់​ឪពុក​ម្ដាយ​​នៅ​តែ​មាន ហើយ​ការ​បាត់​បង់​កូន​ខ្លួន​ឯង នឹង​បន្ត​។ សួរ​ថា អ្នក​ណា​អ្នក​ខាត​បង់ គឺ​ឪពុក​ម្ដាយ​ខ្លួន​ដដែល​។ ខ្ញុំ​សូម​ឲ្យ​អ្នក​បើក​បរ​ទាំង​អស់ មុន​នឹង​ចេញ​រថយន្ត​ គប្បី​ពិនិត្យ​គ្រប់​យ៉ាង​ដូច​ខ្ញុំ​លើក​ឡើង​ខាង​លើ ដើម្បី​បញ្ចៀស​បញ្ហា​។ សូម​អរគុណ​!

 

Sabay​៖ សូមថ្លែង​អំណរ​គុណ​លោក ជម្រាប​លា​! ​សែម គន្ធា​៖ បាទ​ សូម​អរគុណ​!

 

អត្ថបទ​៖ ទូច សុវណ្ណរិទ្ធិ