West Ham vs Everton ស៊ុត​ប៉េណាល់ទី​២០គ្រាប់ ទម្រាំ​ដឹង​ចាញ់​ឈ្នះ

  • 2015-01-14 16:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham បាន​យក​ឈ្នះ​ Everton ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ដ៏​តានតឹង ៩-៨ (ស៊ុត​​ម្ខាង​១០គ្រាប់) ក្រោយ​ស្មើ​គ្នា ២-២ ក្នុង​១២០នាទី​ នៅ​ក្នុង​ការ​ប្រកួត​ FA Cup ជុំ​ទី​៣ យប់​មិញ​នេះ (ប្រកួត​ឡើង​វិញ ក្រោយ​ស្មើ​គ្នា ១-១ ជើង​ទី​១)។

 

 

Enner Valencia បាន​ស៊ុត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ញញួរ​ធំ​នាំ​មុខ​មុន នៅ​នាទី​៥១ ក្រោយ​ទទួល​បាល់​ពី Andy Carroll។ Everton ​ត្រូវ​បាត់បង់​សមាជិក​ម្នាក់​​នៅ​នាទី​៥៦ ដោយ​សារ​ Aiden McGeady ទទួល​កាត​លឿង​២​ដង​ ប៉ុន្តែ​ក្រុម​នេះ​នៅ​តែ​អាច​តាម​ស្មើ​ដោយ​ការ​ស៊ុត​ហ្រ្វីឃីក​​របស់ Kevin Mirallas នៅ​៨នាទី​មុន​ចប់​ការ​ប្រកួត។

 

ឈាន​ចូល​ដល់​ម៉ោង​ថែម​១៥នាទី​២ដង Romelu Lukaku បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​វិញ នៅ​នាទី ៩៧ ប៉ុន្តែ​​ Carlton Cole បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​ស៊ុត​តាម​ស្មើ​នៅ​នាទី១១៣។

 

ដល់​វគ្គ​រន្ធត់​ប៉េណាល់ទី​៥គ្រាប់​ម្នាក់ ក្រុម​ទាំង​២​នៅ​តែ​ស្មើ​គ្នា​ទៀត គឺ​ស៊ុត​ចូល​៤គ្រាប់​ដូច​គ្នា។ ៤គ្រាប់​ដំបូង West Ham ស៊ុត​ចូល​ទាំង​អស់ ខណៈ​ Everton ស៊ុត​មិន​ចូល​១គ្រាប់ (Steven Naismith) ប៉ុន្តែ West Ham មិន​អាច​យក​ឈ្នះ​បាន​នៅ​គ្រាប់​ទី​៥ ​បាន​ទេ ដោយ​សារ​ Steward Downing ស៊ុត​មិន​ចូល។ ឈាន​ដល់​ការ​ស៊ុត​គ្រាប់​ស្លាប់​រស់ ក្រុម​ទាំង​២​ស៊ុត​ចូល​ដូច​គ្នា​រហូត​ដល់​គ្រាប់​ទី​១០ ទើប​អ្នក​ចាំ​ទី​ Joel Robles របស់ Everton ស៊ុត​មិន​ចូល ខណៈ​អ្នក​ចាំ​ទី Adrián របស់ West Ham ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ។

 

អ្នក​ចាំ​ទី Adrian ក្រោយ​ជា​វីរបុរស​ប្រចាំ​ការ​ប្រកួត ក្រោយ​ជួយ​សង្រ្គោះ​បាល់​បាន និង​ស៊ុត​ចូល​គ្រាប់​ចុង​ក្រោយ

 

ក្រោយ​ជ័យជម្នះ​ដ៏​ត្រដាបត្រដួស​នេះ ក្រុម​លោក Sam Allardyce នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​នៅ​លីក​លំដាប់​ទី​៣ (League One) Bristol City នៅ​ជុំ​ទី​៤។

 

លទ្ធផល​ការ​ប្រកួត​ឡើង​វិញ​៣គូ​ផ្សេង​ទៀត​ គឺ Fulham ឈ្នះ Wolverhampton ដោយ​បាល់​ប៉េណាល់ទី (ស្មើ ៣-៣), Bristol City ឈ្នះ Doncaster Rovers ២-០, Chesterfield ឈ្នះ Scunthorpe United ២-០ (ក្រោយ​ម៉ោង​ថែម​១៥នាទី​២ដង)៕

 

 

 

 

 

 

 

វីដេអូ​នៃ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​៖

http://youtu.be/ZneNeRCvXAU

  ដោយ៖ សុខ​ សុវត្ថិ រូបភាព៖ dailymail ​​