Arteta និង Debuchy របស់ Arsenal អវត្តមាន៣ខែទៀតហើយ
- 2015-01-16 16:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta និង Debuchy របស់ Arsenal អវត្តមាន៣ខែទៀតហើយ
ចន្លោះមិនឃើញ
ខ្សែបម្រើ Mikel Arteta និងខ្សែការពារ Mathieu Debuchy របស់ក្រុម Arsenal នឹងត្រូវអវត្តមាន៣ខែដោយសារម្នាក់មានរបួសកជើងខាងឆ្វេង និងម្នាក់ទៀតរបួសស្មា។
Debuchy ទើបតែសះស្បើយពីរបួសកជើងដែលប្រើពេលព្យាបាលដល់ទៅ៣ខែកាលពីឆ្នាំមុននោះ ឥឡូវនេះរូបគេត្រូវប្រើពេល៣ខែទៀតហើយសម្រាប់ការព្យាបាលរបួសស្មាដែលកើតឡើងពេល Arsenal ប៉ះ Stoke កាលពីអាទិត្យមុន។ ខណៈដែលលោក Arsene Wenger ក៏បាននិយាយដែរថា៖ “វាជារឿងស៊យខ្លាំងណាស់។ វាសឹងតែមិនគួរឱ្យជឿទៅហើយព្រោះ Debuchy ត្រូវទទួលការវះកាត់២ដងក្នុងមួយរដូវកាល។ គាត់ទើបតែជាសះស្បើយពីរបួស ហើយទើបតែបានលេង៧ប្រកួតប៉ុណ្ណោះ តែពេលនេះត្រូវទៅទៀតហើយ”។
ចំពោះ Arteta ដែលរបួសកជើង ក៏ត្រូវធ្វើការពិនិត្យឱ្យម៉ុតចត់ដូចគ្នា ហើយប្រហែលជាអាចឈានដល់ការវះកាត់ដូចទៅនឹងខ្សែការពារជម្រើសជាតិបារាំងខាងលើដែរ។ យ៉ាងណាមិញ អ្នកចាត់ការសញ្ជាតិបារាំង បាននិយាយដែរថា៖ “គាត់មានបញ្ហាខ្លាំងចំពោះកែងជើងរបស់គាត់ ហើយក៏បានប៉ះពាល់ដល់សរសៃពួរផងដែរ។ នេះមានន័យថា យើងនឹងការសម្រេចចិត្តថាធ្វើការវះកាត់ ឬអត់បន្ទាប់ពីពិនិត្យឱ្យច្បាស់លាស់ហើយ”។
Mathieu Debuchy គឺជាខ្សែការពារដែលក្រុមកាំភ្លើងធំទើបតែទិញពី Newcastle នៅឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន១២លានផោន ហើយរូបគេក៏ទើបតែបង្ហាញខ្លួនបាន១៤ប្រកួតផងដែរ។ ទន្ទឹមនឹងរយៈពេលខ្លីនេះ អតីតយុវជនរបស់ Lilli រូបនេះរងរបួសនឹងធ្វើការវះកាត់រហូតដល់ទៅ២ដងមកហើយ។ ចំណែកឯ Mikel Arteta វិញគឺលោក Wenger ទិញពី Everton ក្នុងតម្លៃ១០លានផោនកាលពីឆ្នាំ២០១១ ហើយរយៈពេល៣ឆ្នាំនេះរូបគេរកគ្រាប់បាល់បាន១៦គ្រាប់ និងបង្ហាញខ្លួនបាន១៣៦ប្រកួត៕
ចុចអាន៖Torres ស៊ុត២គ្រាប់ឲ្យ Atletico ទម្លាក់ Real ឡើងជួប Barca
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc