មូលហេតុនៅពីក្រោយការធ្លាក់ចុះតម្លៃប្រេងលើទីផ្សារ
- 2015-01-16 22:01:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុនៅពីក្រោយការធ្លាក់ចុះតម្លៃប្រេងលើទីផ្សារ
ចន្លោះមិនឃើញ
តម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក កំពុងក្លាយជាប្រធានបទក្ដៅគគុកក្នុងចំណោមអ្នកប្រើប្រាស់ និងប្រទេសមហាអំណាចនានាលើលោក។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤ មក តម្លៃប្រេងបានធ្លាក់ចុះបន្តបន្ទាប់រហូតដល់ជាង ៥៥ភាគរយ នៅក្រោម ៥០ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ដែលជាតម្លៃទាបបំផុតគិតចាប់តាំងឆ្នាំ២០០៩ មក។
រោងចក្រខួងយកប្រេង
តើមូលហេតុអ្វីនៅពីក្រោយការធ្លាក់ចុះតម្លៃប្រេង?
ចម្ងល់ជាច្រើនចាក់ស្រែះក្នុងចំណោមអ្នកប្រើប្រាស់ ប៉ុន្តែបើគិតតាមនិយមន័យសេដ្ឋកិច្ច មូលហេតុជាប់ទាក់ទងជាមួយការផ្គត់ផ្គង់ និងតម្រូវការ។
ការផលិតប្រេងរបស់សហរដ្ឋអាមេរិកមានការកើនឡើងជិត ២ដង ក្នុងរយៈពេលប្រមាណ ៦ឆ្នាំចុងក្រោយ។ ប្រការនេះ បានធ្វើឲ្យការនាំចូលប្រេងរបស់សហរដ្ឋអាមេរិកមានការថយចុះ ហើយប្រទេសផលិតប្រេងនានាត្រូវងាករកទីផ្សារថ្មី។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នីហ្សេរីយ៉ា និងអាល់ហ្សេរី ដែលពីមុនពឹងផ្អែកទៅលើទីផ្សារអាមេរិក ត្រូវងាកមកត្រដរខ្លួនប្រកួតប្រជែងទីផ្សារនៅអាស៊ីវិញ បង្ខំឲ្យតម្លៃប្រេងធ្លាក់ចុះងើបមិនរួច។
គិតទៅលើទំហំនៃតម្រូវការវិញ សេដ្ឋកិច្ចនៃប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសកំពុងអភិវឌ្ឍ កំពុងមានភាពទន់ខ្សោយ ដែលធ្វើឲ្យការប្រើប្រាស់ប្រេង និងយានជំនិះក្នុងចង្វាក់ផលិតកម្មទាំងឡាយត្រូវគេកាត់បន្ថយ ។ ដូចនេះ តម្រូវការប្រេងក៏មានការធ្លាក់ចុះបន្តិចបន្តួចផងដែរ ហើយនាំឲ្យប្រទេសផលិតប្រេងទាំងឡាយ ពិបាកក្នុងការប្រជែងយកទីផ្សារ។
តារាងតម្លៃប្រេងចុងក្រោយបំផុត(គិតជាដុល្លារក្នុង ១បារ៉ែល)
នរណាជាអ្នកចំណេញ?
ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ មនុស្សគ្រប់រូបសុទ្ធតែត្រូវការមធ្យោបាយដើម្បីធ្វើដំណើរ ឬប្រកបរបរផ្សេងៗ។ ប្រេងសាំងរាប់លានលីត្រ ត្រូវគេប្រើប្រាស់ទូទាំងពិភពលោក ដែលគិតជាប្រាក់មិនតិចលានដុល្លារនោះទេ។ បើទោះជាប្រេងចុះថោក ធ្វើឲ្យប្រទេសមហាអំណាចប្រេងមួយចំនួនឈឺក្បាលបន្តិចមែន ប៉ុន្តែប្រជាជនទូទាំងពិភពលោក កំពុងរីករាយនឹងតម្លៃប្រេងដែលកំពុងដាំក្បាលចុះនេះ។
ប្រទេសនានា ដែលជាអ្នកប្រើប្រាស់ប្រេងក្នុងចង្វាក់ផលិតកម្ម មានការពេញចិត្តជាខ្លាំងចំពោះស្ថានភាពតម្លៃប្រេងនាពេលបច្ចុប្បន្ននេះ ជាពិសេស គឺឥណ្ឌា និងចិន ដែលមានប្រជាជនច្រើនជាងគេលើលោក។
តើនរណាជាអ្នកខាតបង់?
ប្រទេសផលិតប្រេងនានា ដូចជា វេណេហ្ស៊ុយអេឡា អ៊ីរ៉ង់ នីហ្សេរីយ៉ា អេក្វាឌ័រ ប្រេស៊ីល និងរុស្ស៊ី អាចនឹងទទួលរងការខាតបង់ខ្លាំង ដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ រដ្ឋនៅតាមឈូងសមុទ្រពែក្ស អាចនឹងកាត់បន្ថយការវិនិយោគជុំវិញពិភពលោក ព្រមទាំងផ្ដាច់ជំនួយទៅកាន់ប្រទេសដែលកំពុងរងវិបត្តិ ដូចជាអេហ្សីបជាដើម។
នៅសហរដ្ឋអាមេរិក រដ្ឋមួយចំនួនដូចជា Alaska, North Dakota, Texas, Oklahoma រួមទាំងរដ្ឋ Louisiana នឹងជួបការប្រកួតប្រជែងសេដ្ឋកិច្ចកាន់តែខ្លាំង។ ក្រុមហ៊ុនប្រេងតូចៗជាច្រើនទៀត អាចមានវិបត្តិខ្លាំងរហូតដល់ក្ស័យធន និងរងសម្ពាធពីធនាគារដែលពួកគេខ្ចីលុយយកមកវិនិយោគ។
តើមានអ្វីកើតឡើងនៅ OPEC?
ជាធម្មតា តម្លៃប្រេងតែងឡើងចុះ ដូចជាទំនិញដទៃទៀតដែរ ប៉ុន្តែគេតែងមានដំណោះស្រាយ ដើម្បីកុំឲ្យមានគម្លាតគ្នាខ្លាំងពេក។ កាលពីមុន អង្គការបណ្ដាប្រទេសអ្នកនាំចេញប្រេង (OPEC) តែងតែកាត់បន្ថយការចម្រាញ់ប្រេង ដើម្បីរក្សាតុល្យភាពតម្លៃឲ្យនៅស្ថេរ និងបានថ្លៃខ្ពស់។
ប្រទេសអ៊ីរ៉ង់ វេណេហ្ស៊ុយអេឡា និងស៊ីរី កំពុងអនុវត្តដាននេះ ប៉ុន្តែប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអារ៉ាប់រួម ព្រមទាំងសម្ព័ន្ធមិត្តផ្សេងទៀតនៅជាប់ឈូងសមុទ្រ បានបដិសេធមិនព្រមកាត់បន្ថយឡើយ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសអ៊ីរ៉ាក់ក៏សម្រុកបូមប្រេងកាន់តែខ្លាំងឡើង។
មន្ត្រីរបស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ប្រសិនបើខ្លួនកាត់បន្ថយការផលិត នោះតម្លៃប្រេងនឹងហក់ឡើងវិញ ហើយខ្លួនអាចបាត់បង់ទីផ្សារ ចំណែកឯគូប្រជែងចាំទទួលផលចំណេញ។ ប្រទេសអ្នកមានមួយនេះ បានបញ្ជាក់ថា ខ្លួនចង់ឃើញតម្លៃប្រេងធ្លាក់លើសពីនេះទៅទៀត ប៉ុន្តែអ្នកវិភាគផ្នែកប្រេងខ្លះ បញ្ចេញមតិថាអារ៉ាប៊ីសាអ៊ូឌីតកំពុងតែនិយាយខុសពីចិត្តចង់បាន។
តើអាចមានការឃុបឃិតគ្នា ទម្លាក់តម្លៃប្រេងទេ?
ក្រៅពីការផលិតរបស់សហរដ្ឋអាមេរិកមានការកើនឡើង និងតម្រូវការទីផ្សារក្នុងលោកធ្លាក់ចុះ មតិមួយចំនួនបានដាក់ការសង្ស័យថា មានការរួមដៃគ្នាពីប្រទេសមហាអំណាចធំៗ ដើម្បីក្រឡុកទីផ្សារប្រេង។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកអាចព្រួតដៃគ្នា ទម្លាក់តម្លៃប្រេង ដើម្បីធ្វើបាបរុស្ស៊ី និងអ៊ីរ៉ង់។
ទោះបែបនេះក្ដី បើមើលទៅរុស្ស៊ីហាក់មិនថមថយកម្លាំងទេ ព្រោះតាំងពីតម្លៃប្រេងធ្លាក់ចុះក្នុងទសវត្សរ៍ឆ្នាំ ១៩៨០មក ប្រទេសមួយនេះមិនរងភាពរង្គោះរង្គើអ្វីឡើយ។ ម្យ៉ាងវិញទៀត គ្មានហេតុផលណា បង្ហាញថា សហរដ្ឋអាមេរិក ទៅឃុបឃិតជាមួយអារ៉ាប៊ីសាអ៊ូឌីតឡើយ ព្រោះមហាអំណាចទឹកលុយទាំងពីរនេះ មិនសូវសហប្រតិបត្តិការជាមួយគ្នាបានល្អទេ។
លើសពីនេះទៅទៀត រដ្ឋបាលលោកអូបាម៉ា ពិតជាពិបាកក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុនប្រេងរាប់រយ ដែលមាននៅក្នុងប្រទេសឲ្យរងភាពខាងបង់ ព្រមទាំងប្រឈមមុខជាមួយម្ចាស់ភាគហ៊ុនទាំងឡាយ។
ពេលណាទើបតម្លៃប្រេងអាចងើបឡើងវិញ?
រឿងនេះប្រហែលជាមិនកើតឡើងឆាប់ៗទេ ដោយសារបច្ចុប្បន្នការផលិតប្រេងនៅអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀតកំពុងមានសន្ទុះកើនឡើងជាលំដាប់។ លើសពីនេះទៅទៀត មានការទស្សន៍ទាយថាតម្លៃប្រេងឆៅ នឹងធ្លាក់ចុះរហូតដល់ក្រោម ៤០ដុល្លារក្នុងមួយបារ៉ែល នាពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ សង្វាក់ផលិតកម្មអាចនឹងធ្លាក់ចុះនៅឆមាសទី២ ឆ្នាំ២០១៥ ខាងមុខ ដែលនឹងបើកផ្លូវឲ្យតម្លៃប្រេង ចាប់ផ្ដើមងើបក្បាលឡើងវិញ៕
ព័ត៌មានសេដ្ឋកិច្ចជាច្រើនទៀត៖ សូមចុចទីនេះ
ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ economist, timesofindia