កំពូល​មុខ Troll កំពុង​ល្បី​ខ្លាំង តាម​ពិត​ជា​អតីត​វីរបុរស​បាល់​បោះ​ចិន

  • 2015-01-18 16:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អ៊ីនធឺណិត​កាន់​តែ​ជឿនលឿន ឯ​ការកម្សាន្ត​របស់​មនុស្ស​កាន់​តែ​ច្រើន​គ្មាន​ដែន​កំណត់។ រូប​គំនូរ​ Troll ​ដែល​គេ​និយម​ប្រើ​ដាក់​គ្នា ឬ​បង្អាប់​​គ្នា​លេង​តាម Facebook ដើម្បី​កម្សាន្ត​អារម្មណ៍ ក៏​កំពុង​រីក​រាលដាល​ខ្លាំង​ដែរ។ មាន​មុខ​មាត់​មនុស្ស​ប្លែកៗ​ខុស​ៗ​គ្នា​ជា​ច្រើន ត្រូវ​គេ​ប្រើ​ដើម្បី Troll ក្នុង​ចំណោម​​នោះ មុខ​មនុស្ស​ម្នាក់​សើច​ចេញ​ធ្មេញ​ជ្រួញ​ចិញ្ចើម​កំពុង​តែ​ល្បី​ខ្លាំង។ ដឹង​ថា​គេ​ជា​នរណា​ទេ?

 

 

 

 

តាម​ពិត​មុខ Troll ដែល​កំពុង​ល្បី​នេះ គឺ​ជា​មុខមាត់​ពិត​របស់​កីឡាករ​បាល់បោះ​ចិន ឈ្មោះ Yao Ming បច្ចុប្បន្ន​មាន​វ័យ ៣៤​ឆ្នាំ។ លោក Ming មាន​​កម្ពស់​រហូត​ដល់​ទៅ ២,២៩​ម៉ែត្រ ទម្ងន់ ១៤១​គីឡូក្រាម ហើយ​អតីត​ជា​កីឡាករ​បាល់​បោះ​ជម្រើស​ជាតិ​ចិន និង ​លេង​ឲ្យ​ក្លិប Houston Rockets ក្នុង​ក្របខ័ណ្ឌ NBA របស់​សហរដ្ឋអាមេរិក។ យ៉ាង​ណា​ក្តី ​រូប​គេ​បាន​ប្រកាស​ចូល​និវត្តន៍​ទាំង​បង្ខំ​ចិត្ត​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១១​ម្ល៉េះ ដោយ​សារ​បញ្ហា​ក​ជើង។ ក្នុង​អាជីព​នៅ​សហរដ្ឋអាមេរិក និង​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ កីឡាករ​កម្ពស់​ដាច់​គេ​នៅ​ចិន បាន​សាង​ស្នាដៃ​ជា​ច្រើន​រាប់​មិន​អស់ ព្រម​ទាំង​ត្រូវ​គេ​ចាត់​ទុក​​កីឡាករ​កំពូល​ម្នាក់​ផង។

 

 

រំលឹក​​ឡើង​វិញ មុខ Troll របស់​កីឡាករ Yao Ming នេះ មាន​ដើម​កំណើត​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០០៩ មក​​ម្ល៉េះ។ ពេល​សម្ភាសន៍ នៅ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម កីឡាករ​ដែល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​លើ​ទឹក​ដី​អាមេរិក បាន​សើច​យ៉ាង​ខ្លាំង រហូត​ជ្រួញ​ចិញ្ចើម បញ្ចេញ​ធ្មេញ​ស​ស្ញាញ មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ នៅ​ខែ​កក្កដា ឆ្នាំ​២០១០ មាន​គេ​យក​វីដេអូ​ដែល​ថត​ពេល​សម្ភាសន៍​នោះ មក​ចាក់​សាឡើងវិញ និង​ កាត់​រូប​ត្រង់​នាទី​ទី​១៨ (មើល​ក្នុង​វីដេអូ​ខាង​ក្រោម) មក​គូ​ជា​រូប Troll និង​បង្ហោះ​ចូល​អ៊ីនធឺណិត។ ចាប់​ពី​ពេល​នោះ​មក រូប Troll តារា​បាល់បោះ Yao Ming ត្រូវ​ចែកចាយ​ត​គ្នា និង​សរសេរ​បន្ថែម​អក្សរ​កំប្លែង​ផ្សេងៗ រហូត​ល្បី​ដល់​សព្វ​ថ្ងៃ៕ ​​​​​​

 

 

 

 

វីដេអូ​ដែល​គេ​កាត់​មុខ​ Yao Ming ​មក Troll ពេល​កំពុង​និយាយ​នៅ​ក្នុង​សន្និសីទ​៖

 

http://youtu.be/-26VMhVLuHc

 

ចុចអាន៖ ​អីយ៉ា…រក​ឃើញ​មុខ​មាត់​ពិត ​តារា​ Troll ទាំង​​នេះ​ហើយតើ!

 

ដោយ៖ គង់​វិសាល

ប្រភព៖ knowyourmeme

អត្ថបទពេញនិយម
អត្ថបទថ្មី