រឿង​មិន​ដែល​ដឹង​ពី​​អ្នក​និពន្ធ​ចម្រៀង ( Music Composer ) នៅ​កម្ពុជា!

  • 2015-01-20 17:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុយ​ពី​រឿង​ជុំ​វិញ​ខ្លួន​របស់​សិល្បករ​ដែល​មាន​អ្នក​តាម​ដាន និង​ដឹង​លឺ​ច្រើន ប៉ុន្តែ​រឿង​ជុំ​វិញ​ខ្លួន​អ្នក​និពន្ធ​ចម្រៀង ឬ Music Composer វិញ​កម្រ​មាន​អ្នក​ដឹង​លឺ​ណាស់ ពិសេស​ពាក់​ព័ន្ធ​នឹង​រឿង "លុយ" ថា​តើ​ពួក​គេ​ទទួល​បាន​ភាគ​លាភ ឬ​កម្រៃ​របៀប​ណា​ពី​ការងារ​និពន្ធ​យឹតយោង​ប្រជាប្រិយភាព​តារា​ចម្រៀង​របស់​ពួក​គេ។

 

 

 ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន

 

ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​មាន​អតីតភាព​ជា​បណ្ឌិត​ភ្លេង​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ប៊ុលហ្គារី ព្រម​ជា​អ្នក​និពន្ធ​ចម្រៀង​មួយ​រូប​ផង បាន​ចែក​រំលែក​ថា តាម​ការ​សិក្សា​របស់​ឯកឧត្តម គឺ​របៀប​ធ្វើ​ការ និង​របៀប​ទទួល​កម្រៃ​របស់​អ្នក​និពន្ធ​ចម្រៀង​ក្នុង​ស្រុក ខុស​គ្នា​ពី​អ្នក​និពន្ធ​ចម្រៀង​នៅ​ប្រទេស​ជឿន​លឿន។

 

ប្រាក់​កម្រៃ​របស់​អ្នក​និពន្ធ​ចម្រៀង ឬ Music Composer នៅ​កម្ពុជា

 

ប្រាក់​កម្រៃ​របស់​អ្នក​និពន្ធ​ចម្រៀង ឬ Music Composer នៅ​កម្ពុជា ជា​ទម្លាប់​តម្លៃ​(ប្រាក់ឈ្នួល)​របស់​ពួក​គេ អាស្រ័យ​លើ​ម្ចាស់​ផលិតកម្ម ឬ​ក្រុមហ៊ុន ( ថៅកែ )ជា​អ្នក​កំណត់ ។ ឧទាហរណ៍ ៖ ថៅកែ​អោយ​អ្នក​និពន្ធ​យក​បទ​នេះ​ទៅ​បក​ប្រែ ឬ​តែង​ថ្មី​ដោយ​តម្លៃ​មួយ​បទ​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​តាម​ការ​ចរចា។ល។

 

នៅ​ពេល​ដែល​អ្នក​និពន្ធ​យល់​ព្រម ថៅកែ​ក៏​អោយ​បទ​ទាំង​នោះ​ទៅ​អ្នក​និពន្ធ ឬ Music Composer នោះ​យក​ទៅ​ធ្វើ។ ទម្លាប់​បែប​នេះ ចេះ​តែ​មាន​ជា​ហូរហែ ហើយ​ក៏​មាន​ការ​ដេញ​ថ្លៃ​គ្នា អ្នក​និពន្ធ​ខ្លះ​ក៏​យល់​ព្រម​យក​តម្លៃ​ថោក​បន្តិច ដើម្បី​បាន​ការងារ​ធ្វើ ហើយ​អ្នក​និពន្ធ​ខ្លះ​ក៏​មិន​ព្រម​ធ្វើ។ល។ រី​ឯ​បទ​ចម្រៀង​ដែល​ថៅកែ​ទទួល​បាន គេ​យក​ទៅ​ធ្វើ​អ្វី​ក៏​បាន​ជា​សិទ្ធ​របស់​ថៅកែ។

 

 

ចុះ​ប្រាក់​កម្រៃ​របស់​អ្នក​និពន្ធ​ចម្រៀង​នៅ​ប្រទេស​ជឿន​លឿន​វិញ គេ​ធ្វើ​ដូច​ម្តេច?

 

ប្រាក់​កម្រៃ​របស់​អ្នក​និពន្ធ​ចម្រៀង Music Composer របស់​ប្រទេស​ជឿន​លឿន គេ​តែង​តែ​ចែក​ភាគរយ​ជាមួយ​នឹង​ក្រុម​ហ៊ុន។ ឧទាហរណ៍៖ក្រុមហ៊ុន A ទាក់​ទង​ជាមួយ​នឹង Music Composer B ដោយ​ភាគី​ទាំង​ពីរ​យល់​ព្រម​ផលិត​បទ​ចម្រៀង​ជា CD មួយ Album (១០បទ) ដោយ Music Composer មាន​ភារកិច្ច​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង ហើយ​ក្រុម​ហ៊ុន​មាន​ភារកិច្ច​ក្នុង​ការ​ចាត់​ចែង​ផលិត និង​ឃោសនា ផ្សព្វផ្សាយ។ល។

 

ដូច្នេះ​ដើម្បី​ឲ្យ​ស្នាដៃ​និពន្ធ​របស់​ខ្លួន​មាន​ការ​គាំទ្រ និង​លក់​ដាច់ Music Composer បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​តែង​និពន្ធ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដែល​នាំ​អោយ​ស្នាដៃ​របស់​គេ​មាន គុណភាព។

 

បញ្ជាក់ ៖ ករណី​ចុះ​កុង​ត្រា ប្រសិន​បើ​ផលិត​ជា CD ក្រុមហ៊ុន​នោះ​លក់​តែ CD តែ​ប៉ុណ្ណោះ (ដោយ​មាន​ចំនួន​កំណត់​តាម​កុងត្រា Copy លើក​ទី​១ប៉ុន្មាន បើ​អស់​ចង់ Copy លើក​ទី២ ត្រូវ​ចុះ​កុងត្រា​ជា​ថ្មី​ទៀត) ដោយ​មិន​ហ៊ាន​យក​ទៅ​ផលិត​ជា MV ឬ​អ្វី​ផ្សេង​នោះ​ទេ ហើយ​បើ​ករណី​បទ​ចម្រៀង​នោះ​ល្បី ក្រុមហ៊ុន​ចង់​ផលិត​ជា MV លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ពី Music Composer។

 

 

ងាក​មក​អ្នក​និពន្ធ​ចម្រៀង ឬ Music Composer ជើង​ថ្មី​វិញ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​បាន​ឱកាស​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការ​ផលិត​បទ​ចម្រៀង?

 

ជា​ធម្មតា អ្នកនិពន្ធ​ចម្រៀង ឬ Music Composer ថ្មី​ៗ គេ​តែង​តែ​រក​ឱកាស​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​គេ តាម​រយៈ​ការ​ប្រគំ​តន្ត្រី ឬ​ការ​បង្ហាញ​ស្នាដៃ​និពន្ធ​របស់​ខ្លួន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម។ ការ​ធ្វើ​បែប​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ស្នាដៃ​របស់​ខ្លួន ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​បទ​ចម្រៀង ដើម្បី​ជា​ឱកាស​ដល់​ខ្លួន​ក្នុង​ការ​ចូល​រួម​ផលិត​បទ​ចម្រៀង​របស់​គេ​នោះ​ទេ។

 

នៅ​ពេល​ដែល Music Composer ថ្មី បាន​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​ណា​មួយ​ហើយ ប្រាក់​កម្រៃ ក៏​ទទួល​បាន​ជា​ហូរហែ​ដូច​អ្នក​និពន្ធ មុន​ៗ​ដែរ៕

 

អត្ថបទ ៖ តួលេខ​មិន​ធ្លាប់​មាន​ត្រឹម​ជាង​កន្លះ​ខែ​ដើម​ឆ្នាំ ​២០១៥ មាន​​ ១២​ រឿង​ស្នើ​សុំ​ទិដ្ឋាការ​ពី​នាយកដ្ឋាន​​ភាពយន្ត!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី