មាន​បញ្ហា​ភ្នែក​មែន​ទេ​​ពេល​សម្លឹង​​អេក្រង់​កុំព្យូទ័រ​យូរ​ គន្លឹះ​​ទាំង​នេះ​អាច​ជួយ​បាន

  • 2015-01-26 16:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ពិត​ជា​ដឹង​ថា​ ការ​សម្លឹង​អេក្រង់​កុំព្យូទ័រ​​រយៈពេល​យូរ​ធ្វើ​អោយ​ភ្នែក​របស់​ពួក​គេ​ក្ដៅ​ នឿយហត់​ ឬ​ក៏​រលាក​ ដែល​អាច​បង្ក​អោយ​មាន​ការ​ឈឺ​ចាប់​​ក្នុង​រយៈ​ពេល​យូរ។ ទន្ទឹម​នឹង​ហ្នឹង​ គេ​ក៏​ដឹង​ផង​ដែរ​ថា​​ ការ​ងារ​ភាគ​ច្រើន​គឺ​តម្រូវ​អោយ​អង្គុយ​នៅ​ពី​​មុខ​ និង​សម្លឹង​កុំព្យូទ័រ​រាប់​ម៉ោង។ ​ដូច្នេះ​ហើយ​គួរ​តែ​ធ្វើ​របៀប​ណា​ ឬ​ក៏​មាន​វិធី​ណា​ដែល​អាច​ជួយ​ការ​ពារ​ពី​អាការៈ​ទាំង​នេះ​បាន?

 

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ប្រាំ​យ៉ាង​ ដែល​អាច​ប្រឆាំង​នឹង​បញ្ហា​ផ្លូវ​កាយ​ បង្ក​ដោយ​ការ​សម្លឹង​អេក្រង់​កុំព្យូទ័រ​​បាន។​ ការ​បង្ការ​ទាំង​នេះ​គឺ​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ណែនាំ​​ដោយ​​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ នៅ​​អង្គការ​ Vision Council​ ដែល​មាន​ទី​តាំង​ក្នុង​សហរដ្ឋអាមេរិក។

 

@ ប្រិច​ភ្នែក៖ ​នៅ​ពេល​​សម្លឹង​ទៅ​កាន់​អេក្រង់​កុំព្យូទ័រ​ អ្នក​ប្រើប្រាស់​ភាគ​ច្រើន​តែង​តែ​ភ្លេច​ប្រិច​ភ្នែក​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ភ្នែក​ក្ដៅ និង​ស្ងួត។ ​ប៉ុន្តែ​វា​ក៏​ជា​រឿង​​ពិបាក​នឹង​ចង​ចាំ​ដែរ​ ដូច្នេះ​​​ត្រូវ​ព្យាយាម ​និង​ប្រាកដ​ថា​ បាន​​បន្ត​ប្រិច​ភ្នែក​ ព្រោះ​វា​ជា​វិធី​ដ៏​ល្អ​មួយ​​អាច​ជួយ​អ្នក​បាន។ ​វិធី​សាមញ្ញ​មួយ​ផ្សេង​ទៀត​នោះ​គឺ​​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ (Eyedrops)​ ព្រោះ​វា​មាន​ប្រយោជន៍​ដើម្បី​ជួយ​ភ្នែក​មិន​​ឆាប់​ស្ងួត​ និង​ឡើង​កម្ដៅ។

 

 

@ បង្កើន​ទំហំ​​អក្សរ៖ ​ការ​សម្លឹង​ទៅ​កាន់​អត្ថបទ ​អក្សរ​ដែល​មាន​ទំហំ​តូច​ពេក​អាច​ធ្វើ​អោយ​អ្នក​​ស្រវាំង​ភ្នែក​ និង​ធ្វើ​អោយ​អ្នក​ឱន​មុខ​កាន់​តែ​ជិត​ទៅ​​កាន់​​ផ្ទៃ​អេក្រង់​ ដែល​នាំ​អោយ​អស់​កម្លាំង ​និង​ឈឺ​ក្បាល​ជា​ដើម​ ដូច្នេះ​គួរ​តែ​ព្រីក​ទំហំ​អក្សរ ​និង​កម្រិត​ពន្លឺ​​អោយ​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​មើល។

 

 

@ អនុវត្ត​ក្បួន​២០-២០-២០៖ បន្ទាប់​ពី​២០​នាទី​នៃ​ការ​​សម្លឹង​មើល​កុំព្យូទ័រ​ គួរ​ចំណាយ​ពេល​២០​វិនាទី​សម្លឹង​ទៅ​កាន់​អ្វី​ផ្សេង​ទៀត​ ដែល​មាន​ចម្ងាយ​២០​ហ្វីត​ (៦០៩​សង់ទីម៉ែត្រ)។ ភ្នែក​របស់​មនុស្ស​គឺ​មាន​​​សាច់​ដុំ​​ដែល​ជួយ​អោយ​កែវ​ភ្នែក​​​មាន​ចលនា​ និង​ផ្ដោត​ទៅ​លើ​វត្ថុ​ផ្សេង​ទៀត​បាន​​ ប៉ុន្តែ​បើ​យើង​សម្លឹង​ទៅ​កាន់​ផ្ទៃ​អេក្រង់​នៅ​ចម្ងាយ​ដដែល​សម្រាប់​រយៈពេល​ច្រើន​ម៉ោង​ក្នុង​ពេល​តែ​ម្ដង​ សាច់​ដុំ​ទាំង​នោះ​​មាន​​ភាព​ពិបាក​ក្នុង​ការ​សម្រួល​ភ្លាម​ៗ​នៅ​ពេល​យើង​ចង់​ធ្វើ​ចលនា​វា​ម្ដង​ទៀត​ ដែល​នេះ​គឺ​ជា​មូល​ហេតុ​​អាច​បង្ក​អោយ​​មាន​បញ្ហា​ព្រិល​ភ្នែក​ ដូច្នេះ​ដើម្បី​ការពារ​វា​ គឺ​ត្រូវ​ឧស្សាហ៍​​សម្លឹង​មើល​អ្វី​ផ្សេង​នៅ​ជុំវិញ​ខ្លួន​អោយ​បាន​ច្រើន។

 

 

@ ​កំណត់​ផល​ប៉ះពាល់​នៃ​ពន្លឺព័ណ៌ខៀវ (blue-light) ដែល​ចេញ​ពី​អេក្រង់​​កុំព្យូទ័រ៖ វា​គឺ​ជា​រឿង​​ពិបាក​មួយ​ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​អាច​ជួយ​បាន។ ធ្វើ​ការ​ងារ​ផ្សេង​ៗ​ដែល​អាច​ជំនួស​ការ​ងារ​ធ្វើ​លើ​កុំព្យូទ័រ​ ដូច​ជា​​ការ​ប្រជុំ​គួរ​កត់​ត្រា​នឹង​សៀវភៅ​កុំ​កត់​ត្រា​នឹង​កុំព្យូទ័រ​  ឬ​ការ​ងារ​ណា​ដែល​អាច​ធ្វើ​លើ​ក្រដាស​​បាន​ធ្វើ​លើ​ក្រដាស​ទៅ។​ ក្នុង​ករណី​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​អាច​ជួប​បាន​ដូច​ជា​ការ​ប្រើ​កញ្ចក់​ប្រឆាំង​ពន្លឺ​ Monitor​ វ៉ែន​តា​​​ការ​ពារ​​ពន្លឺ ​និង​កម្មវិធី​ដែល​អាច​ Block ​ពន្លឺ​ពណ៌​ខៀវ​​ដែល​ចេញ​ពី​អេក្រង់​កុំព្យូទ័រ។

 

 

@ ដាក់​អេក្រង់​ក្នុង​ទីតាំង​ដែល​ត្រឹម​ត្រូវ​៖ ​រក្សា​អេក្រង់​ (Monitor) ​របស់​កុំព្យូទ័រ​នៅ​រយៈ​ចម្ងាយ​ប្រមាណ​ចាំ​៣៥​ ទៅ​៤០ អ៊ីញ​ ឬ​ក៏​ឆ្ងាយ​ជាង​នេះ​​ជា​មួយ​នឹង​ចំណុច​កណ្ដាល​នៃ​អេក្រង់​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​កម្រិត​ភ្នែក​ប្រហែល​ជា​៥​អ៊ីញ។ ការ​ដាក់​អេក្រង់​ក្នុង​កម្រិត​ទាប​ជាង​ភ្នែក​ គឺ​កុំ​ឲ្យ​អេក្រង់​បាញ់​ត្រង់​មក​រក​ភ្នែក​ពេក​ ហើយ​វា​ផង​ដែរ​ក៏​អាច​ការ​ពារ​ពី​អាការៈ​ឈឺ​ក​ និង​ខ្នង​បាន​ថែម​ទៀត​ផង៕

 

 

 

-អាន​អត្ថបទ៖ អស់​កង្វល់​រឿង​ឆ្លង​មេរោគ​ចូល​កុំព្យូទ័រ​ពេល​​ដោត​ Flash ​

 

 

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ businessinsider