មាស សុខសោភា ច្រៀង​ ១ថ្ងៃ ១-២ ដុល្លារ ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​

  • 2014-09-12 18:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ចេញ​​ពី​ការ​តស៊ូ​ឥត​ឈប់ឈរ​ របស់​កញ្ញា មាស សុខសោភា គឺ​ពី​អ្នក​​ដើរ​ច្រៀង​តាម​ភ្លេង​ការ​នៅ​ស្រុកស្រែ និង ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន​ ដែល​បាន​កម្រៃ ពី ១-២ ដុល្លារ ក្នុង ១ថ្ងៃនោះ ឥឡូវ​បាន​ប្រែ​​ក្លាយ​មុខមាត់​ថ្មី ទៅ​ជា​តារា​ចម្រៀង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

 

ថ្នាំ​ទិព្វ​របស់ ​កញ្ញា មាស សុខសោភា គឺ​ពាក្យ​លួងលោម​ពោរពេញ​ដោយ​ការ​លើក​ទឹក​ចិត្ត​​ពី​បងប្រុស បាន​ធ្វើ​ឲ្យ​កម្លាំង​ចិត្ត​របស់​នាង កាន់​តែ​ខ្លាំងក្លា​ឡើង ហើយ​​ពុះពារ​គ្រប់​ឧបសគ្គ​ហែល​ឆ្លង​ស្ទើរ​គ្រប់​ការ​លំបាក​នៅ​ក្នុង​ជីវិត​​ក្រោយ​ពី​នាង​បាត់​បង់​ឪពុក​ជាទី​ស្រឡាញ់ ហើយ​ត្រូវ​រ៉ាប់រង​​គ្រួសារ​ទាំង​មូល។

សូមចុចអាន៖ មាស សុខ​សោភា ទើប​ត្រូវ Facebook ទទួល​ស្គាល់ Page ផ្លូវ​ការ ឥឡូវ​ស្វែង​យល់​លក្ខខណ្ឌ​ដើម្បី​បាន​ការ​ទទួល​ស្គាល់​នេះ

 

តើ​ មាស សុខសោភា ឆ្លង​កាត់​ការ​លំបាក​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត? តើ​មាន​មូល​ហេតុ​អ្វី​ ដែល​នាំ​ឲ្យ​មាស​សុខសោភា ក្លាយ​ទៅ​ជា​តារា​ចម្រៀង​ល្បី​ល្បាញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ​នេះ?

 

ឆ្លើយ​តប​នឹង​សំណួរ​នេះ Sabay នឹង​លម្អិត​ព័ត៌មាន​ដូច​ខាង​ក្រោម៖

 

កញ្ញា មាស សុខសោភា ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ស្រីអូន បាន​កើត​នៅ​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ១៩៨៤ នៅ​ខេត្ត​កំពង់​ស្ពឺ។ នាង​មាន​​ឪពុក​ ឈ្មោះ​ មាស​ សារឹម​ អតីត​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​កំពង់​ស្ពឺ​​ ហើយ​ម្ដាយ​ឈ្មោះ​ សុខ វិលន់ ​ជា​អតីត​បុគ្គលិក​នៅ​ក្នុង​មន្ទីរ​ឧស្សាហកម្ម​នោះ​ដែរ​។

 

កញ្ញា មាស​ សុខ​សោភា​ មាន​បងប្អូន ៣ នាក់ ហើយ​នាង​ជា​កូន​ទី​ ២​ នៅ​ក្នុង​គ្រួសារ​។ កូនច្បង​នៅ​ក្នុង​គ្រួសារ គឺ ​លោក មាស សុខ​រតនៈ ជា​អ្នក​និពន្ធ​បទចម្រៀង​ផង អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិត​កម្ម​ថោន​ផង និង កូន​ពៅ​គឺ មាស​ សុខ​វណ្ណៈ ជា​ទាហាន។

 

នៅ​​ក្នុង​ជីវិត ​នៃ​ការ​រស់នៅ គឺ​​ក្រុម​គ្រួសារ​របស់​ កញ្ញា មាស សុខសោភា ​​បាន​​ផ្លាស់​ប្ដូរ​ទី​លំនៅ ​ពីរ កន្លែង​។ ក្នុង​អំឡុង​ ឆ្នាំ ១៩៩០ ដោយ​សារ​មាន​ទឹក​ជំនន់​លិចលង់​ផ្ទះ​​សំបែង​​គ្រួសារ​មួយ​នេះ ​បាន​ប្ដូរ​ទី​លំនៅ​​ពី​ខេត្ត​កំពង់​ស្ពឺ ទៅ​រស់​នៅ​ស្រុក​កៀន​ស្វាយ​ ខេត្ត​​កណ្ដាល​។ ​ឆ្នាំ​ ២០០០ នាង​ជា​មួយ​បង​ប្រុស​បាន​ប្ដូរ​ពី​កៀន​ស្វាយ​ មក​រស់​នៅ​រាជធានី​ភ្នំពេញ។

 

កម្រិត​វប្បធម៌

 

កុមារី មាស សុខសោភា បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ស្ដៅ នៅ​កៀន​ស្វាយ ខេត្ត​កណ្ដាល ហើយ​នាង​បាន​បន្ត​ការ​សិក្សា​រហូត​ដល់​មធ្យម​សិក្សា​ គឺ នៅ​វិទ្យាល័យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី ៧ ប៉ុន្តែ​​​បាន​ឈប់​ពី​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី ​១០ ដោយ​សារ​តែ​ឪពុក​បាន​ ស្លាប់​ហើយ​បន្ទុក​គ្រួសារ​បាន​ធ្លាក់​មក​លើ​រូប​នាង​ និង​ បង​ប្រុស​ ដែល​ត្រូវ​រ៉ាប់រង​គ្រួសារ​ទាំងមូល។

 

មាស សុខសោភា និង បងប្រុស ក្លាយ​ជា​បង្គោល​គ្រួសារ បន្ទាប់​ពី​ឪពុក​ស្លាប់ ក្រោយ​ពី​ មាស សុខសោភា និង បងប្រុស បាន​ក្លាយ​ទៅ​ជា​បង្គោល​គ្រួសារ​ហើយ​នោះ អ្នក​ទាំង​ពីរ​បាន​រ៉ាប់រង​ជីវភាព​គ្រួសារ​ទាំង​មូល ដូច្នេះ នាង និង បងប្រុស បាន​​សម្រេច​ចិត្ត​ដើរ​ច្រៀង​តាម​ភ្លេង​ការ​នៅ​តាម​ស្រុក​ស្រែ​ ដោយ​ទទួល​បាន​កម្រៃ​តិចតួច​ដើម្បី​យក​មក​ផ្គត់ផ្គង់​​ ជីវភាព​រស់នៅ។

 

ចេញពី​ស្រុក​កំណើត​ ទៅ​ច្រៀង​តាម​ភោជនីយដ្ឋាន​​រក​ប្រាក់​បាន​ត្រឹម​តែ ១-២ ដុល្លារ​ ក្នុង​១ថ្ងៃដោយ​សារ​ស្ថានភាព​ជីវភាព​នៅ​តែ​យ៉ាប់យ៉ឺន​ គ្រួសារ​របស់​ កញ្ញា មាស សុខសោភា បាន​វេច​បង្វេច​ចេញ​ពី​ស្រុក​កំណើត​ ដោយ​ប្ដូរ​ទៅ​រស់​នៅ​ខេត្ត​កណ្ដាល ហើយ​ សុខ​សោភា និង សុខ​រតនៈ (បងប្រុស) នៅ​តែ​បន្ត​អាជីព​ដើរ​ច្រៀង​ភ្លេង​ការ ហើយ​បន្ទាប់​មក​បាន​ផ្លាស់​ពី​ការ​​ច្រៀង​ភ្លេង​ការ​មក​ច្រៀង​​តាម​ភោជនីយដ្ឋាន​វិញ​ម្ដង​ ដែល​ទទួល​បាន​កម្រៃ​ពី​ ១-២ ដុល្លារ ក្នុង​ ១ ថ្ងៃ ដែល​ជា​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

 

តើ​ចំណូល​ពី ១-២ ដុល្លារ អាច​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ?

 

ឆ្លើយ​តប​នឹង​សំណួរ​នេះ គឺ​ពិត​ជា​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​នោះ​ឡើយ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ កញ្ញា មាស សុខសោភា មាន​ការ​បាក់​ទឹក​ចិត្ត។ អាច​និយាយ​បាន​ថា នាង​សំណាង​ ព្រោះ​មាន​បងប្រុស លោក មាស សុខរតនៈ រង់​ចាំ​ជួយ​លើក​ទឹក​ចិត្ត​នាង​ជានិច្ច ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​មាន​ទឹក​ដម​សំឡេង​ស្រទន់​ និង ក្រអួន​​​ក្រអៅ អង្រួន​បេះ​ដូង​អ្នក​ស្ដាប់​ឲ្យ​លន្លង់លន្លោច​ទៅ​តាម​បទ​ចម្រៀង​ទាំង​ មនោសញ្ចេតនា និង ញាក់​កន្ត្រាក់​អារម្មណ៍​រូប​នេះ មាន​កម្លាំង​ចិត្ត​ងើប​ឡើង​តស៊ូ​សាជាថ្មី។

 

ដូច្នេះ​ហើយ​ មាស សុខសោភា មាន​ក្ដី​សង្ឃឹម​ និង ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ ពុះពារ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ជីវិត ដោយ​​លែង​ខ្វាយខ្វល់​ទាំង​អស់​រាល់​ពាក្យ​រិះគន់​ទាំង​អំបាលម៉ាន​ ដែល​សំដៅ​ដល់​​ពាក្យ​ថា ជា​នារី​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន​គឺ​មិន​ល្អ។ ​

 

 

 

ពាក្យ​រិះគន់​ទាំង​នេះ​ធ្វើ​ឲ្យ​នាង​ចាំ​ទុក​ដិតដាម​ក្នុង​អារម្មណ៍​ជានិច្ច ​មិន​អាច​បំភ្លេច​បាន។ ការ​ច្រៀង​នៅ​ខេត្ត​កណ្ដាល​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​បាន​ប្រសើរ​នោះ​ទេ​ គឺ​នាង ​និង ​បង​ប្រុស​ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្រុក​កៀនស្វាយ​មក​រាជធានី ​ភ្នំពេញ​ដើម្បី​ស្វះស្វែង​ឈរ​ជើង​​នៅ​តំបន់​ទេសចរណ៍​ និង ជា​បេះ​ដូង​ប្រទេស​ បណ្ដុំ​ដោយ​នយោបាយ​ សេដ្ឋកិច្ច និង ធនធាន​សម្បូរ​បែប​មួយ​នេះ។ ផ្ទុយ​ស្រឡះ​ពី​ក្ដី​សង្ឃឹម​​ថា នៅ​​រាជធានី​ភ្នំពេញ ជា​កន្លែង​ដែល​ងាយ​ស្រួល​ឈរ​ជើង តែ​ផ្ទុយ​ទៅវិញ​ទីក្រុង​មួយ​នេះ សម្បូរ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង​ជា​ខ្លាំង។

សូមចុចអាន៖ មាស សុខ​សោភា បដិសេធ​មិន​​លេង Ice Bucket Challenge មាន​មូលហេតុ​ដ៏​សំខាន់​មួយ

 

“លុះ​ត្រា​តែ​ យើង​ស្គាល់​គេ​ទើប​អាច​ចូល​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន​ ឬ រង្គសាល​ តែ​ខ្ញុំ​ និង ​បង​ប្រុស​មិនបាន​ស្គាល់​អ្នក​ណា​ទាំង​អស់​ពេល​ដែល​យើង​មក​ដំបូង​ តែ​បាន​យូរ​បន្តិច​ទើប​មាន​មីង​គាត់​បាន​ត្រួសត្រាយ​ផ្លូវ​ខ្លះ​សម្រាប់​យើង ​​​ តែ​មិន​បាន​ប៉ុន្មាន​ផង​គាត់​ក៏​បាន​ស្លាប់​បាត់​ទៅ"។ លោក មាស សុខ​រតនៈ​ (បងប្រុស​ មាស សុខសោភា) និយាយ។

 

ជីវិត​នៅ​ក្នុង​សិល្បៈ

 

 

នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៧ កញ្ញា មាស សុខសោភា បាន​ហក់​ចូល​សិល្បៈ​ជា​លើក​ដំបូង ប៉ុន្តែ នាង​នៅ​មិនទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នៅ​ឡើយ។ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត​ពី​បងប្រុស នៅ​ឆ្នាំ ១៩៩៩ នាង​បាន​សម្រេច​ចិត្ត​​ចូលរួម​ប្រលង​ប្រជែង​ក្នុង​កម្មវិធី​បារី Mild Seven សហការ​ជាមួយ​វិទ្យុ​ និង ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ហើយ​កញ្ញា មាស សុខសោភា បាន​ចំណាត់​ថ្នាក់​លេខ ១។

 

ប៉ុន្តែ​ក្ដី​សង្ឃឹម​​ជា​អ្នក​ចម្រៀង​អាជីព​ត្រូវ​រលាយ ដោយសារ​ខាង​អ្នក​រៀបចំ​កម្មវិធី យល់​ថា កញ្ញា មាស សុខ​សោភា មាន​រូប​សម្រស់​មិន​ស្អាត មិន​ស័ក្ដិសម​ជា​តារា​ចម្រៀង​ក្នុង​ក្លឹប​របស់​គាត់ តែ​នាង​នៅ​តែ​ពុះពារ​គ្រប់​កាលៈទេសៈ​ដើម្បី​បាន​ច្រៀង​នៅ​ក្នុង​ក្លឹប​នោះ។

 

ដោយ​ក្ដី​ស្រលាញ់​ អាណិត​ និង​ ការ​តស៊ូ​របស់​នាង ​ម្ចាស់​ក្លឹប​បាន​អនុញ្ញាត​ឲ្យ​​ច្រៀង​ តែ​ទទួល​បាន​កម្រៃ ​១០$ ក្នុង​មួយ​យប់។ ប្រាក់​កម្រៃ​ដែល​ទទួល​បាន​នេះ​មិន​អាច​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​ គ្រប់គ្រាន់​នោះ​ទេ​ ហើយ​នាង​បាន​ព្យាយាម​ដើម្បី​ច្រៀង​នៅ​កន្លែង​ផ្សេង​ទៀត​សម្រាប់​ទ្រទ្រង់​ ជីវភាព។

 

ដោយ​មិន​អាច​ទ្រាំ​ទ្រ​ទៅ​នឹង​ប្រាក់កម្រៃ ​​ដែល​ទទួល​បាន​ពី​ក្លឹប​នោះ គឺ​នៅ​ក្នុង​ឆ្នាំ ២០០៤​ នាង​បាន​សម្រេច​ចិត្ត​ចេញ​ពី​ក្លឹប​ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ រស្មី​ស្ទឹង​សង្កែ។​​ នៅ​ទី​នេះ​​ មហាជន​ចាប់​ផ្ដើម​ស្គាល់​នាង និង​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ពីសំណាក់​ប្រិយមិត្ត​ និង​ មិត្ត​យុវវ័យ តាម​រយៈ​បទ “រស់​ក្បែរ​ ទ្រូង​បង​សែន​កក់ក្ដៅ” និង​​ បទ “អូន​នឹកៗ​បង” ដែល​នាង​ចាប់​ ផ្ដើម​មាន​មុខមាត់​ចាប់​តាំង​ពី​ពេល​នោះ​មក។

 

នៅ​ក្នុង​ឆ្នាំ ​២០០៥ នាង​បាន​ចាកចេញ​ពី​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ យូធូ ដោយ​សារ​តែ​ទឹក​ដម​សំនៀង​​របស់​នាង គឺ សោភា ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ដដែល​ពី​ទស្សនិកជន ​ដែល​និយម​ចូល​ចិត្ត​ ស្ដាប់ ហើយ​បទ ​ដែល​ល្បី​សម្រាប់​នាង​នៅ​ក្នុង​ផលិតកម្ម​នេះ ​គឺ​បទ How do I live?, កូន​ឥត​ខាន់ស្លា, ១០១ ហេតុផល, និង ​ស្នេហ៍​ឆ្ងាយ​ផ្កា​ស្លា ដែល​បទចម្រៀង​ទាំង​នេះ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​បណ្ដា​អ្នក​ស្ដាប់​ និង ​អ្នក​ទស្សនា ជាពិសេស​ គឺ បទ how do I live?។ បទ​នេះ ​ដែល​ ត្រូវ​បាន​ទស្សនិកជន​​កោត​សរសើរ​ថា នាង​​មិន​ត្រឹម​តែ​ច្រៀង​ជា​ភាសា​ខ្មែរ​បាន​ល្អ​នោះ​ទេ​ថែម​ទាំង​ច្រៀង​ជា​ ភាសា​អង់គ្លេស បាន​ល្អ​ទៀត​ផង។ បើ​ទោះ​បី​ជា​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​ផលិតកម្ម​នេះ​ក្ដី ​ក៏​នាង​មិន​បាន​នៅ​ជាប់​ជាមួយ​ផលិតកម្ម​នោះ​ដែរ។

 

នៅ​ឆ្នាំ ២០០៨ នាង​បាន​ចេញ​ពី​ផលិតកម្ម “យួធួ” ទៅ​ច្រៀង​ឲ្យ​ ផលិតកម្ម “អឹម” វិញ​ម្ដង។ ការ​ផ្លាស់​មក​ច្រៀង​ឲ្យ​ផលិតកម្ម អិម​ ក៏​មិន​ចាញ់​នៅ​យួ​ធួ​ដែរ ព្រោះ​បទ​ចម្រៀង​ដែល​នាង​បាន​ច្រៀង​នៅ​ក្នុង​នេះ​បាន​ទាក់​ទាញ​អារម្មណ៍ ​មិត្ត យុវវ័យ ច្រើន​កុះករ​ តាម​រយៈ​បទ “១០០០ រាត្រី,​ ត្រឹម​មួយ​នាទី, what you don’t know?, រស់​គ្មាន​ទី​ បញ្ចប់" ជា​ដើម។

 

ចំពោះ​បទ​ចម្រៀង​ ១០០០ រាត្រី​នេះ​ហើយ​ ដែល​នាង​មាន​ភាព​ល្បី​ខ្លាំង​បំផុត​ក្នុង​ចំណោម​ ផលិតកម្ម ​ដែល​នាង​បាន​ច្រៀង​កន្លង​មក។ បើ​ទោះ​បី​ជា​មាន​ភាព​ល្បី​ល្បាញ​ហើយ​យ៉ាង​ណា​ក្ដី​ នាង​មិន​បាន​នៅ​យូរ​ជា​មួយ​ផលិតកម្ម​ អឹម​ដែរ។

 

 

នៅ​ឆ្នាំ ​២០០៩ នាង​បាន​ចេញ​ពី​ផលិតកម្ម​ អិម​ភាពយន្ត មក​ចូល​ក្នុង​ផលិតកម្ម​ សាន់ដេ វិញ។ ចំពោះ​ការ​ច្រៀង​នៅ​ក្នុង​​ផលិតកម្ម​សាន់ដេ ក៏​មិន​ចាញ់​ផលិតកម្ម​ ដែល​នាង​ធ្លាប់​ច្រៀង​ប៉ុន្មាន​ដែរ​ នាង​នៅ​តែ​ទទួល​បាន​ប្រ​ជា​ប្រិយ​ភាព​ដដែល​ ដោយ​សារ​តែ​បទ​ចម្រៀង​ដែល​ចេញ​ទៅ​បាន​ទទួល​ការ​គាំ​ទ្រ​ច្រើន​ពី​យុវវ័យ។ បទ​ដែល​ល្បី​សម្រាប់​នាង​នៅ​ក្នុង​​ផលិតកម្ម​នេះ គឺ​បទ​ មួយ​រយ​ភាគរយ, ក្រដាស, come back to me, និង​បទ​ ហេតុ​អ្វី​មនុស្ស​ស្រលាញ់​គ្នា​មិន​បាន​ជួប​គ្នា ជា​ដើម។ ការ​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​​នេះ បាន​ប្រមាណ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

 

ឆ្នាំ ​២០១០ នេះ ​កញ្ញា ​បាន​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ថោន​រហូត​មក​ដល់​បច្ចុប្បន្ន​ហើយ​ មាន​រយៈពេល​ប្រមាណ​ ៥ ខែ​ហើយ។ ​សម្រាប់​ផលិតកម្ម​ថ្មី​នេះ​ កញ្ញា​​មាន​ភាព​ល្បី​ល្បាញ​ម្ដង​ទៀត តាម​រយៈ​បទ ” I am sorry” ដែល​ទទួល​បាន ​ការ​គាំ​ទ្រ​ពេញ​ទំហឹង​ ក្នុង​ការ​ច្រៀង​បទ​ចម្រៀង​ដូច​គ្នា​ជា​មួយ​ផលិតកម្ម​​ដទៃ​ ដោយ​សារ​តែ​ការ​សម្ដែង​ និង ​ទឹក​ដម​សំនៀង​របស់​នាង។ បទ​ចម្រៀង​មួយ​ទៀត​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ដែរ​នោះ គឺ​បទ “សូម​ពេល​ឈឺ​ ចាប់​មួយ​គ្រា” ដែល​ជា​បទ​ចម្រៀង​បញ្ចប់​សាច់​រឿង​ដែល​នាង​ បាន​សម្ដែង​ជាមួយ​លោក​ ករុណា​ពេជ្រ។

 

ក្រៅ​ពី​ការ​ ច្រៀង​នៅ​ក្នុង​ស្រុក​ នាង​ក៏​ធ្លាប់​ទៅ​សម្ដែង​ក្រៅ​ប្រទេស​មួយ​ចំនួន​ដែរ​ដូចជា​ ប្រទេស​ បារាំង​ ស្វីស អាល្លឺម៉ង់ នូវែលហ្សេឡង់ អូស្ត្រាលី​ ជប៉ុន ញ៉ូវហ្សឺឡែន សហរដ្ឋអាមេរិក​ និង​ បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ហើយ​បច្ចុប្បន្ន​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាកំពូល​តារា​ចម្រៀង​ ល្បីល្បាញ​មួយ​រូប​​ប្រចាំ​​ព្រះរាជាណាចក្រ​កម្ពុជា។

 

បន្ទាប់​ពី​ការ​ជម្នះ​នូវ​រាល់​ការ​លំបាក​ ប្រកប​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​របស់​ កញ្ញា មាស សុខសោភា​ហើយ​នោះ នាង​បាន​​ច្បាម​យក​​កេរ្តិ៍​ឈ្មោះ​ជា​តារា​ចម្រៀង​ស្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ នាង​ដណ្ដើម​បាន​ពាន​រង្វាន់​ពីរ ពី​កម្មវិធី​អាណាចក្រ​តារា​ ២០១២-២០១៣៕

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទពេញនិយម