ជប៉ុន​គ្រោង​នឹង​បើក​សណ្ឋាគារ​បម្រើ​ការ​ដោយ​មនុស្ស​យន្ត​ដំបូង​បំផុត​ក្នុង​លោក

  • 2015-02-08 14:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​គ្រោង​នឹង​បើក​ដំណើរ​ការ​សណ្ឋាគារ​ដំបូង​គេ​បំផុត​ដែល​មាន​បុគ្គលិក​បម្រើ​ការ​​សុទ្ធ​សឹង​តែ​​មនុស្ស​យន្ត    និង​គ្រប់​គ្រង​ដោយ​បច្ចេកវិទ្យា​កុំព្យូទ័រ​​ទំនើប​ចុង​ក្រោយ​គេ​បំផុត។ នេះ​បើ​យោង​តាម​ ​អង្គភាព​ទេសចរណ៍​ជាតិ​របស់​ជប៉ុន​ (JNTO)។

 

សណ្ឋាគារ​ដំបូង​គេ​មួយ​នោះ​មាន​ឈ្មោះ​ថា​The Henn-na Hotel​ ឬ​ “Strange Hotel” ​ដែល​នឹង​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​នៅ​ក្នុង​​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ខាង​មុខ​នេះ​នៅ​​ក្នុង​ឧទ្យាន​កម្សាន្ត​​ក្នុង​ទី​ក្រុង​​ណា​ហ្គាសាគី​ ប្រទេស​ជប៉ុន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ពី​ JNTO ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​មករា។

 

 

សណ្ឋាគារ​នោះ​​ដែរ​នឹង​មាន​បុគ្គលិក​​មនុស្ស​យន្ត​ចំនួន​១០​នាក់ ​​​អាច​ធ្វើ​ការ​បម្រើ​ភ្ញៀវ​ ដើម្បី​ផ្ដល់​​សេវា​​កម្ម​ទូទៅ​​ចាប់​ពី​កន្លែង​តុ​ទទួល​ភ្ញៀវ​ ជញ្ជូន​​ឥវ៉ាន់​ និង​សម្អាត​បន្ទប់​  ហើយ​​ រាល់​ការ​គ្រប់​គ្រង​​ទាំង​អស់​នៅ​ក្នុង​សណ្ឋាគារ​ គឺ​​ដំណើរ​ការ​ដោយ​គ្រឿង​ម៉ាស៊ីន​ទាំង​អស់។

 

ប្រធាន​ឧទ្យានកម្សាន្ត​ Huis Ten Bosch  ​ក្នុង​ទី​ក្រុង​ណា​ហ្គាសាគី​ ប្រទេស​ជប៉ុន​ លោក​ Hideo Sawada  ​​​​បាន​អោយ​ដឹង​ថា​ “នៅ​ពេល​អនាគត​ យើង​ចង់​អោយ​មាន​៩០​ភាគរយ​នៃ​សេវា​បម្រើ​នៅ​ក្នុង​សណ្ឋាគារ​គឺ​ប្រតិបត្តិ​ដោយ​មនុស្ស​យន្ត”។

 

លោក​ ​Sawada ​​បាន​និយាយ​ថា​ ​រាល់​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​៧២ ​នឹង​ប្រើ​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​បំផុត​​ ហើយ ​Henn-na  ​គឺ​ជា​ "សណ្ឋាគារ​ទំនើប​បំផុត​នៅ​ក្នុង​ពិភពលោក"។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​គេហទំព័រ​ The Japan Times។

 

យោង​តាម​គេហទំព័រ​របស់​សណ្ឋាគារ​បាន​អោយ​ដឹង​ថា ​រាល់​ក្នុង​បន្ទប់​នឹង​​​ជំនួស​នូវ​ការ​ប្រើ​​ម៉ាស៊ីន​ត្រជាក់​ប្រភេទ​ធម្មតា​​​ទៅ​ជា​បន្ទះ​ចាំង​ ដែល​​អាច​សម្រប​សីតុណ្ហភាព​​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​តាម​សីតុណ្ហភាព​ក្នុង​រាងកាយ​មនុស្ស​ និង​សីតុណ្ហភាព​ក្នុង​បន្ទប់។ បន្ថែម​ទៅ​ទៀត​នោះ ​​ភ្ញៀវ​ក្នុង​សណ្ឋាគារ​នឹង​អាច​ប្រើ​បច្ចេកវិទ្យា​​សម្គាល់​មុខ​ (facial recognition technology) ​ដើម្បី​បើក​ទ្វារ​ជំនួស​ការ​ប្រើ​សោ ​​ហើយ​ភ្ញៀវ​ទាំង​នោះ​ក៏​អាច​ប្រើ​សោ​បាន​បើ​សិន​ជា​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​បច្ចេកវិទ្យា​នោះ។

 

​​ចំពោះ​តម្លៃ​នៅ​ក្នុង​សណ្ឋាគារ​ Henn-na Hotel ​វិញ​ បន្ទប់​គ្រែ​មួយ​និង​បន្ទប់​គ្រែ​ពីរ​គឺ​មាន​តម្លៃ​ប្រហែល​ជា​៦០ ​និង​៧៥​ដុល្លារ​ក្នុង​មួយ​យប់។

 

លោក​ Sawada ​បាន​ប្រាប់​ទៅ​កាន់​គេហទំព័រ​ Nikkei news របស់​ជប៉ុន​ ​ថា​លោក​គ្រោង​នឹង​បើក​សណ្ឋាគារ​ស្រដៀង​គ្នា​នេះ​ប្រមាណ​ជា​ ១​ពាន់​សណ្ឋាគារ​នៅ​ជុំវិញ​ពិភព​លោក។

 

អាន៖ បច្ចេកវិទ្យា​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​អូឡាំពិក​ឆ្នាំ​២០២០ សាហាវ​មិន​ធ្លាប់​មាន

 

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ aljazeera