បាត់​ខ្លួន​ជើង​ហោះហើរ MH370 នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

  • 2015-02-10 22:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី បញ្ជាក់​ថា​ជើង​ហោះហើរ MH370 បាន​ជួប​គ្រោះ​ថ្នាក់ សម្លាប់​ជីវិត​មនុស្ស​អស់​ទៅ​ហើយ​ក្ដី ក៏​មតិ​ជា​ច្រើន​នៅ​តែ​មាន​ការ​សង្ស័យ​មិន​អស់​មន្ទិល​ក្នុង​ចិត្ត។ គិត​មក​ដល់​ត្រឹម​ពេល​នេះ ប្រតិបត្តិការ​រុករក​ដែល​ធំជាង​គេ និង​ចំណាយ​ទឹក​ប្រាក់​អស់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ មិន​ទាន់​ទទួល​បាន​ដាន​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។ មន្ត្រី​ម៉ាឡេស៊ី​កំពុង​រៀបចំ​សំណង​ដល់​គ្រួសារ​ជន​រងគ្រោះ ខណៈ​ការងារ​តាម​ប្រមាញ់​យន្តហោះ​ដែល​បាត់​ដំណឹង​សូន្យ​ឈឹង​តាំង​ពី​ថ្ងៃ​០៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ នៅ​តែ​បន្ត​ធ្វើ​ឥត​ស្រាកស្រាន្ត។

 

 

ការ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​បំផុត នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​មួយ​នេះ បាន​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ផ្សេងៗ​គ្នា ទាំង​អ្នក​ជំនាញ ទាំង​អតីត​ប្រធាន​ក្រុម​ហ៊ុន​អាកាសចរណ៍ ព្រម​ទាំង​អ្នក​វិភាគ​មួយ​ចំនួន។ ការ​លើក​ឡើង​ខុស​ៗ​គ្នា បាន​បង្ហាញ​ថា យន្តហោះ​អាច​ត្រូវ​បាញ់​ទម្លាក់​នៅ​មហាសមុទ្រ​ឥណ្ឌា ឯ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា​ត្រូវ​គេ​ប្លន់ ខណៈ​សាធារណៈ​មតិ​ផ្សេងៗ​ទៀត គិត​ថា​យន្តហោះ​ជួប​អាកាស​ធាតុ​មិន​ល្អ​ធ្លាក់​ចូល​ទៅ​បាត​សមុទ្រ គ្រាន់​តែ​រក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ។ ​ ១. យន្តហោះ​អាច​ត្រូវ​គេ​ប្លន់

 

ជា​រឿង​ពិបាក​ស្មាន​ដល់ ប្រសិន​បើ​យន្តហោះ​ត្រូវ​គេ​ប្លន់​មែន​នោះ ព្រោះ​មក​ដល់​ពេល​នេះ​ទៅ​ហើយ​នៅ​មិន​ទាន់​មាន​លេច​ឮ​ដំណឹង​​ទៀត។ តើ​យន្តហោះ​ដ៏​ធំ​នោះ គេ​យក​ទៅ​លាក់​ទុក​នៅ​ឯណា? ចុះ​មនុស្ស​ទាំង ២៣៩​នាក់ រស់​នៅ​យ៉ាង​ដូច​ម្ដេច? ​ទោះ​ជា​ពិបាក​ប៉ាន់​ស្មាន​ដល់​ក៏​ពិត​មែន ក៏​មាន​មតិ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ត្រូវ​គេ​ប្លន់​រួច​បង្វែរ​ការ​ហោះ​ហើរ​ទៅ​គោល​ដៅ​ផ្សេង​ខុស​ផ្លូវ​រត់។

 

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Moskovsky Komsomolets នៃ​ប្រទេស​រុស្ស៊ី បាន​បង្ហាញ​តម្រុយ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ Boeing 777 ត្រូវ​គេ​ប្លន់ រួច​បញ្ជា​ទៅ​លាក់​ទុក​នៅ​​ភូមិ​តូច​មួយ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា អាកាសយានិក​មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​គ្រោះ​ថ្នាក់​នេះ​ទេ គឺ​យន្តហោះ​ត្រូវ​ប្លន់​ដោយ​ក្រុម​ភេរវជន​មិន​ស្គាល់​អត្តសញ្ញាណ។

 

ជើង​ហោះ​ហើរ​របស់​ម៉ាឡេស៊ី ព្រម​ទាំង​មនុស្ស ២៣៩​នាក់ អាច​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​កាន់ដាហា ជិត​ព្រំដែន​ប្រទេស​ប៉ាគីស្ថាន។ លើស​ពី​នេះ គេ​ថែម​ទាំង​បង្ហើប​ទៀត​ថា មនុស្ស​ទាំង​អស់​នៅ​លើ​យន្តហោះ ត្រូវ​គេ​បែង​ចែក​ជា​ក្រុម រស់​នៅ​តំបន់​ដាច់​ស្រយាល​ស្ទើរ​តែ​គ្មាន​អាហារ​ទទួល​ទាន។ ទោះ​យ៉ាង​នេះ​ក្ដី កន្លង​ទៅ​អស់​ជាង​​មួយ​ឆ្នាំ​ហើយ ប្រសិន​បើ​យន្តហោះ​ត្រូវ​គេ​ប្លន់ ហើយ​មនុស្ស​ទាំង​អស់​នៅ​រស់​មែន​នោះ គួរ​ណាស់​តែ​មាន​បែក​ធ្លាយ​ដំណឹង​ខ្លះ។

 

២. ​យន្តហោះ​អាច​ត្រូវ​គេ​បាញ់​ទម្លាក់

 

អតីត​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​ជា​អ្នក​និពន្ធ លោក Marc Dugain បាន​អះអាង​ថា សហរដ្ឋអាមេរិក ​គឺ​ជា​អ្នក​បាញ់​ទម្លាក់​ជើង​ហោះហើរ MH370 ព្រោះ​កង​ទ័ព​របស់​មហាអំណាច​សេរី​មួយ​នេះ ខ្លាច​មាន​ឧបទ្ទវហេតុ​កើត​ឡើង​ដូច​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។

 

លោក Marc Dugain

 

លោក Dugain បាន​បញ្ជាក់​ថា កងទ័ព​អាមេរិក​ខ្លាច​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នេះ ត្រូវ​វាយប្រហារ​ដោយ​ពួក​ភេរវកម្ម រួច​បញ្ជា​ទៅ​កម្ទេច​គោល​ដៅ​ណា​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក ដូច​ព្រឹត្តិការណ៍​ជាង ១៣​ឆ្នាំ​មុន​ទៀត ទើប​គេ​បាញ់​ទម្លាក់​ដើម្បី​ការពារ​ខ្លួន​ទុក​ជាមុន។

 

​​អតីត​ប្រធាន​ក្រុមហ៊ុន​​អាកាសចរណ៍ Proteus Airlines (បច្ចុប្បន្ន​លែង​ដំណើរ​ការ) បាន​និយាយ​ថា យន្តហោះ​នោះ​ត្រូវ​បាញ់​ទម្លាក់​ជិត​មូលដ្ឋាន​ទ័ព​អាមេរិក ដែល​មាន​ទី​តាំង​នៅ​លើ​កោះ​ដាច់​ស្រយាល Diego Garcia ក្នុង​មហាសមុទ្រ​ឥណ្ឌា។

 

លោក​បាន​ប្រាប់​ទស្សនាវដ្ដី Paris Match របស់​បារាំង​ថា អ្នក​រស់នៅ​លើ​កោះ​ម៉ាល់ឌីវ ប្រាប់​លោក​ពី​រឿង​ឃើញ​យន្តហោះ​ដែល​បាត់ខ្លួន​នោះ បើក​ក្នុង​រយៈកម្ពស់​ទាបៗ។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា អ្នក​នេសាទ​នៅ​លើ​កោះ​តូច​មួយ ក៏​បាន​ឃើញ​យន្តហោះ​ដ៏​ធំ ពណ៌​ដែល​រៀបរាប់​គឺ​ដូច​គ្នា​នឹង​ពណ៌​យន្តហោះ​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី០៨ ខែ​មិនា​នោះ​ដែរ។

 

​​​៣. យន្តហោះ​ជួប​អាកាស​ធាតុ​អាក្រក់​ធ្លាក់​ចូល​ទៅ​បាត​សមុទ្រ

 

​ជាទូទៅ​យន្តហោះ​ភាគ​ច្រើន​ដែល​ជួប​គ្រោះ​ថ្នាក់ គឺ​បណ្ដាល​មក​ពី​អាកាស​ធាតុ ចំណែក​ឯ​បញ្ហា​បច្ចេកទេស​មាន​ភាគ​រយ​តិច​ជាង។ មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ឡើយ ប្រសិន​បើ​យន្តហោះ​ជួប​គ្រោះ​ថ្នាក់ រួច​ធ្លាក់​ទៅ​បាត​សមុទ្រ​មែន​នោះ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ធម្មតា​ដូច​ការ​គិត​ឡើយ។

 

យន្តហោះ​នេះ បាន​បាត់​ខ្លួន​ទៅ​អស់​ជាង​​មួយ​ឆ្នាំ​ហើយ ឯ​ប្រតិបត្តិការ​រុករក​នៅ​តែ​បន្ត​ធ្វើ​ដោយ​គ្មាន​ដាន​អ្វី​បន្តិច​សោះ។ ការ​ស្រាវជ្រាវ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​ធំ​ៗ ​រួម​មាន​ទាំង​អាមេរិក អូស្ត្រាលី និង​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ នៅ​តែ​ពុំ​អាច​ប្រមាញ់​បាន​ព័ត៌មាន​សូម្បី​បន្តិច។

 

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Dailymail កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ការ​រុករក​នៅ​បាត​សមុទ្រ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្ទៃ ៩០០០​គីឡូម៉ែត្រ​ក្រឡា​ហើយ ចំណែក​នៅ​លើ​ផ្ទៃ​មហាសមុទ្រ​វិញ​ទាំង​កប៉ាល់ នាវា យន្តហោះ​បាន​ស្រាវជ្រាវ​អស់​ប្រហែល ២​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា។ យ៉ាង​ណា​ក្ដី កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​នេះ នៅ​តែ​គ្មាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​ឡើយ។

៤. អ្នក​បើកបរ​យន្តហោះ ឬ​ជំនួយ​ការ​​អាច​ជា​អ្នក​នៅ​ពី​ក្រោយ​គ្រោះ​ថ្នាក់

 

ក្រៅ​ពី​ហេតុផល ៣​ខាង​លើ នៅ​មាន​ការ​សន្និដ្ឋាន​មួយ​ទៀត​ថា អ្នក​បើកបរ​យន្តហោះ ឬ​ជំនួយ​ការ អាច​ជា​អ្នក​នៅ​ពី​ក្រោយ​អាថ៌កំបាំង​បាត់​ខ្លួន​ជើង​ហោះហើរ MH370។ បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​សារព័ត៌មាន Mirror ក្រោយ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាត់​ខ្លួន បាន​ឲ្យ​ដឹង​ថា HM370 បាន​ផ្លាស់​ប្ដូរ​ទិសដៅ​ហោះហើរ​យ៉ាង​តិច ២​ដង ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ហោះហើរ។ ​​

 

រ៉ាដា​របស់​កងការពារ​អាកាស​ម៉ាឡេស៊ី បាន​បង្ហាញ​យន្តហោះ​មួយ ដែល​គេ​ជឿ​ថា​ជា​ជើង​ហោះ​ហើរ MH370 ហោះ​បត់​ក្បាល​ត្រលប់​ក្រោយ។ បន្ទាប់​មក​វា​បាន​ហោះ​ក្នុង​ទិស​ដៅ​ឆ្ពោះ​មក​ភាគ​ខាង​លិច លើ​ឧបទ្វីប​ម៉ាឡេស៊ី មុន​ងាក​ក្បាល​ទៅ​ភាគ​ពាយព្យ​បន្ត។ ការ​ប្ដូរ​ទិស​ដៅ​ហោះ​ហើរ​នេះ គឺ​ជា​សកម្មភាព​ធ្វើ​ឡើង​ដោយ​ចេតនា របស់​នរណា​ម្នាក់​នៅ​លើ​យន្តហោះ។ លើស​ពី​នេះ ទំនាក់​ទំនង​ទាំង​អស់​ជាមួយ​យន្តហោះ ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង មុន​ពេល​យន្តហោះ​ជួប​គ្រោះ​ថ្នាក់។ ​ដូច​នេះ អាកាស​យានិក Zaharie Ahmed Shah និង​ជំនួយ​ការ Fariq Hamid ក៏​មិន​អាច​ស្ថិត​នៅ​ក្រៅ​ការ​សង្ស័យ​ដែរ។

 

ជំនួយការ និង​អាកាសយានិក​ជើងហោះហើរ MH370

 

ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​សារ​សន្ទនា​ចុង​ក្រោយ​រយៈពេល ៥៤​នាទី អ្នក​វិភាគ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ពាក្យ​ពីរ​ឃ្លា ​ដែល​មើល​ទៅ​ខុស​ប្លែក​​ពី​ធម្មតា។ ​សារ​ដែល​ផ្ញើ​ចេញ​ពី​បន្ទប់​បញ្ជាការ​ហោះហើរ​នៅ​វេលា​ម៉ោង ១:០៧ ​រំលង​អាធ្រាត្រ បញ្ជាក់​ថា យន្តហោះ​កំពុង​ស្ថិត​នៅ​កម្ពស់ ៣៥០០០​ហ្វីត(១០៦៦៨​ម៉ែត្រ)។ នេះ​គឺ​ជា​សារ​​ដដែល និង​បាន​ផ្ញើ​​ម្ដង​រួច​មក​ហើយ​កាល​ពី ៦​នាទី​មុន ហើយ​ក៏​មិន​ចាំបាច់​ត្រូវ​ផ្ញើ​ម្ដង​ទៀត​ដែរ។ ​

 

​​ក្រៅ​ពី​ហេតុផល​ដែល​អាច​ទៅ​រួច​ទាំង​អស់​ខាង​លើ នៅ​មាន​ការ​បញ្ចេញ​មតិ​ដែល​ពិបាក​ទទួល​យក​បាន​មួយ​ចំនួន​ទៀត។ អ្នក​ខ្លះ​និយាយ​ថា យន្តហោះ​នេះ​អាច​ត្រូវ​ខ្យល់​ព្យុះ​កួច​ទៅ​លើ​អាកាស មិន​ធ្លាក់​មក​វិញ ឬ​ត្រូវ​មនុស្ស​ភព​ផ្សេង​ប្លន់​យក​ទៅ​បាត់​ជា​ដើម។ ទោះ​បែប​នេះ​ក្ដី រឿង​រ៉ាវ​ទាំង​អស់​នេះ​សុទ្ធតែ​មាន​នៅ​ក្នុង​ការ​ប្រឌិត និង​ពិបាក​ធ្វើ​ឲ្យ​ជឿ​ណាស់។

 

 

លទ្ធផល​ការនៃ​រុករក​ជើង​ហោះ​ហើរ  MH370 នឹង​ចុះ​ផ្សាយ​ជូន​បន្តបន្ទាប់

 

អាន​ព័ត៌មាន​ជា​ច្រើន​ទៀតទាក់ទង​នឹងជើងហោះហើរ MH370

 

ដោយ៖ គង់ វិសាល ប្រភព៖ theweek, dailymail, telegraph

អត្ថបទថ្មី