ប្រវត្តិ និងអត្ថន័យ​នៃ​ទិវា​កុមារ​អន្តរជាតិ

  • 2016-05-26 21:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេស​ជាច្រើន​នៅលើ​សកលលោក រួមទាំង​កម្ពុជា​ផង បាន​ប្រារព្វ​ទិវា​កុមារ​អន្តរជាតិ ថ្ងៃទី១ មិថុនា។ គោលបំណង​សំខាន់​នៃ​ការ​ប្រារព្ធទិវា​នេះ​ ដើម្បី​ក្រើនរំលឹក​និងបង្កើនការយក​ចិត្តទុក​ដាក់​​ពិសេស​ចំពោះ​កុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

 

 

ប្រវត្តិខ្លះៗនៃ​ទិវា​កុមារ​អន្តរជាតិៈ

 

មនុស្សជាតិ​លើក​សកលលោក​ចងចាំ​ឥត​ភ្លេច​នូវ​ឧក្រិដ្ឋកម្ម​ដ៏​ព្រៃផ្សៃ​យង់ឃ្នង​របស់​ពួក​ហ្វា​ស៊ី​ស​នៅ​ថ្ងៃទី១០ មិថុនា ឆ្នាំ១៩៤២ ដែល​បានសម្លាប់​ប្រជាជន​ភូមិ លី​ឌី​ស៊ែ នៃ​សាធារណរដ្ឋឆែក ចំនួន១៩២នាក់ ​នៅក្នុង​កសិដ្ឋាន​អូ​រ៉ា​ក ដែល​ក្នុងនោះ​មាន​កុមារ១០៥នាក់ត្រូវ​យកទៅ​សម្លាប់។

 

ក្រោយមក​នៅ​ថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៤៤ ពូក​ឧក្រិដ្ឋកម្ម​ហ្វា​ស៊ី​សបាន​ចាប់​មនុស្ស១,១០០នាក់ ដែល​ក្នុងនោះ​មាន​កុមារតូចៗចំនួន២០០នាក់ ត្រូវ​ចាក់​សាំង​ដុត​កម្ទេច​ទាំង​រស់ នៅ​អូ​រ៉ា​ឌូ​ប្រទេស​បារាំង។

 

ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​របស់​ពួក​ហ្វា​ស៊ី​ស​ហ៊ី​ត្លែរ​ចំពោះ​ប្រជាជន ពិសេស​កុមារ​នៅក្នុងអំឡុង​សង្គ្រាមលោកលើកទី២ បានធ្វើ​ឲ្យ​មនុស្សជាតិ​តក់ស្លុត ថ្កោលទោស និង​ចងចាំជាប់​ជានិច្ច។

 

វិនាសកម្ម​ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​កងកម្លាំង​ស្នេហា​សន្តិភាព និង​មិត្តភាព​រវាង​ប្រជាជាតិ និង​មនុស្ស​គ្រប់​ពណ៌​សម្បុរ​រួបរួមគ្នា​ក្រោកឈរឡើង ហើយ​ធ្វើការ​អំពាវនាវ ដើម្បី​ប្រឆាំង​រាល់​ទង្វើ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​អាយុជីវិត​មនុស្សជាតិ លើសពីនេះ​ទៀត​ដើម្បី​ការពារ​ជីវិត សន្តិសុខ និង​គាំពារ​ដល់​កុមារ​នៅលើ​ផែនដី។

 

ក្រោយ​សង្គ្រាមលោកលើកទី២បាន​បញ្ចប់ទៅ នៅ​ឆ្នាំ១៩៤៥ សហព័ន្ធ​នារី​ប្រជាធិបតេយ្យ ពិភពលោក បាន​បើក​សម័យប្រជុំ​នៅ​ទីក្រុង​មូ​ស្គូ ហើយ​បាន​មូលមតិ​គ្នា​សម្រេចយក​ថ្ងៃ ១មិថុនា ជា​រៀងរាល់ឆ្នាំ​ប្រារព្វ «ទិវា​កុមារ​អន្តរជាតិ» ។

 

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ «ទិវា​កុមារ​អន្តរជាតិ» ១មិថុនា បានទទួល​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពីបណ្តា​ប្រទេស​ជាច្រើន​នៅលើ​សាកលលោក ហើយ​សន្និសីទ​ជាច្រើន​ទៀត​ត្រូវបាន​គេប្រារព្វ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ការយកចិត្តទុកដាក់​ចំពោះ​កុមារ៕

អត្ថបទពេញនិយម
អត្ថបទថ្មី